សង្គមអន្តរជាតិ
អន្តរជាតិ
ការសិក្សា ៖ សិស្សជប៉ុនជាងពាក់កណ្តាល គេងមិនគ្រប់គ្រាន់ សិស្សនៅវិទ្យាល័យ Hakuo ក្នុងទីក្រុងតូក្យូ កាលពីឆ្នាំ២០២០។ រូបភាព ៖ AFP
× ការសិក្សាមួយបានបង្ហាញថា ជាងពាក់កណ្តាលនៃសិស្សសាលានៅជប៉ុន មិនបានគេងគ្រប់គ្រាន់ទៅតាមចំនួនម៉ោងដែលរដ្ឋាភិបាលបានកំណត់នោះទេ។
វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ RIKEN ដែលជាទីភ្នាក់ងារស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំមួយរបស់ជប៉ុន នៅថ្ងៃទី១៨ ខែមីនា បានប្រកាសលទ្ធផលនៃការសិក្សារួមគ្នាជាមួយសាកលវិទ្យាល័យតូក្យូ។ អ្នកជំនាញបានចាប់ផ្តើមគម្រោងពិនិត្យការគេងរបស់សិស្សចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៤ ដោយវាយតម្លៃការគេងរបស់សិស្សបឋមសិក្សា មធ្យម និងវិទ្យាល័យប្រហែល ៧៧០០នាក់នៅសាលាចំនួន៦៨ ទូទាំងប្រទេស។
សិស្សត្រូវពាក់ឧបករណ៍មួយដូចនាឡិការយៈពេលមួយសប្តាហ៍ដើម្បីវាស់ប្រវែង គុណភាព និងចង្វាក់នៃការគេងរបស់សិស្ស។
លទ្ធផលបានបង្ហាញថា សិស្សថ្នាក់ទី៦ និងទី៨ គេងជាមធ្យម ៧,៩ម៉ោង ហើយសិស្សថ្នាក់ទី១២ គេងបាន ៦,៤៥ម៉ោង ដែលទាំងអស់នេះមិនស្របតាមការការណែនាំរបស់រដ្ឋាភិបាលនោះទេ។ ក្នុងនោះ ប្រហែល ៣០ភាគរយនៃសិស្សវិទ្យាល័យគេងតិចជាង ៦ម៉ោង។
បើតាមការណែនាំរបស់រដ្ឋាភិបាលជប៉ុន សិស្សបឋមសិក្សាគួរគេងចន្លោះពី ៩-១២ម៉ោង សិស្សមធ្យមសិក្សា និងវិទ្យាល័យគួរគេង ៨-១០ម៉ោងក្នុងមួយថ្ងៃ។
តាមការវិភាគរបស់អ្នកជំនាញ ក្មេងជំទង់ជាច្រើនស្ថិតក្នុងស្ថានភាពគេងខុសពេលវេលាមានន័យថា ម៉ោងភ្ញាក់របស់ក្មេងៗនៅថ្ងៃធ្វើការ និងថ្ងៃឈប់សម្រាកគឺខុសគ្នាដែលមានគម្លាតប្រហែល ៩០នាទីសម្រាប់សិស្សនៅវិទ្យាល័យ។
ការណ៍នេះ ជាហេតុផលធ្វើឱ្យមានការងងុយគេងច្រើននាពេលថ្ងៃ បណ្តាលឱ្យក្មេងជំទង់មិនអាចផ្តោតអារម្មណ៍បាន បង្កើនហានិភ័យនៃផលប៉ះពាល់ដល់សុខភាពនាពេលអនាគត ។ លោក Akifumi Kishi អ្នកជំនាញមកពីសាកលវិទ្យាល័យតូក្យូបាននិយាយថា ៖« ក្មេងៗគេងយឺត ហើយភ្ញាក់យឺតនៅចុងសប្តាហ៍ ដើម្បីទូទាត់សងការខ្វះខាតនៃការគេងនៅថ្ងៃរៀន»។ នេះបើតាមកាសែតជប៉ុន Mainichi ។
ក្រុមស្រាវជ្រាវក៏កំពុងរៀបចំទៅតាមសាលារៀនបន្ថែមទៀតដែលស្ថិតនៅក្នុងគម្រោង ដើម្បីពង្រីកការស្ទង់មតិរហូតដល់ឆ្នាំ ២០២៥៕
© រក្សាសិទ្ធិដោយ thmeythmey.com