RFI
អន្តរជាតិ
ជប៉ុន​និង​សហរដ្ឋ​អាមេរិករៀប​ចំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា
26, Mar 2024 , 7:39 pm        
រូបភាព
ជប៉ុន​និង​សហរដ្ឋ​អាមេរិករៀប​ចំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា © Japan Maritime Self-Defense Force推特
ជប៉ុន​និង​សហរដ្ឋ​អាមេរិករៀប​ចំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា © Japan Maritime Self-Defense Force推特
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
ជប៉ុន​និង​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ជជែក​ពិភាក្សា​គ្នា​​រក​មធ្យោបាយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន នៅថ្ងៃ​ចន្ទទី ២៥​មីនា​២០២៤។ នៅមុន​សេចក្តី​ប្រកាស​នេះ​បន្តិច សារព័ត៌មាន​​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​ថា ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​អាមេរិក​នៅ​ជប៉ុននេះ​គឺ​ដើម្បី​ទប់​ទល់​ចិន។

 
ជប៉ុន​និងអាមេរិក​មាន​សន្ធិសញ្ញា​យោធា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ តាំងពី​ឆ្នាំ​១៩៦០ និង​មាន​​ទាហានអាមេរិក​​៥៤០០០នាក់​ឈរ​ជើង​នៅមូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​ជប៉ុន។ នៅ​ថ្ងៃ​នេះ ប្រទេស​ទាំងពីរ បាន​ចាប់​ផ្តើម​ពិភាក្សា​រក​មធ្យោបាយ​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ខាង​​ផ្នែក​បញ្ញត្តិនិង​បញ្ជាការ​ ក៏​ដូច​ជា​ការ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ប្រសើរ​ឡើង។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន ដោយ​បញ្ជាក់​ថា សម្រាប់​ពេល​នេះ ខាង​ភាគី​អាមេរិក​ នៅ​មិន​ទាន់​អារ​កាត់​​សម្រេច​អ្វី​ទាំងអស់ ទាក់ទង​នឹង​រចនា​សម្ព័ន្ធ ព្រមទាំង​ការ​ពង្រឹង​តួនាទី​នៃ​កង​កម្លាំង​អាមេរិក​នៅ​ជប៉ុន។
 
ប៉ុន្តែ​សម្រាប់បណ្តា​សារព័ត៌មាន​ កម្មវត្ថុ​នៃ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ គឺ​ស្វែង​រក​មធ្យោបាយ​ទប់ទល់​នឹងចិន​ដែលជា​តំណាង​នៃ​ការ​​​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​​ តាម​រយៈ​ការ​ពង្រីក​មហិច្ឆតា​យោធា​ ព្រមទាំង​ឥទ្ធិពល​នយោបាយ​​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ ចំពោះ​ជប៉ុន ទប់​ទល់​ចិន​ជា​វិញ្ញាសា​យុទ្ធសាស្ត្រ​ដ៏​ចម្បង​បំផុត​សម្រាប់​សន្តិសុខ​តំបន់​និង​ពិភពលោក​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ជប៉ុន​សម្រេច​ដំឡើង​កញ្ចប់ថវិកា​ការពារជាតិ​ឱ្យ​បាន​ដល់​២%​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក នៅ​ឆ្នាំ​២០២៧។
 
បើ​តាម​ប្រភព​ការ​ទូត​ ដែល​សារព័ត៌មាន​Financial Times និង​សារព័ត៌មាន​ក្នុង​ស្រុក​ជប៉ុន បាន​លើក​មក​ចុះផ្សាយ ការ​សើរើ​មើល​កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិ​យោធា​ នឹង​ប្រកាស​ នៅ​ខែ​ក្រោយ​ ក្នុង​ពេល​មាន​ជំនួប​កំពូល​អាមេរិក-ជប៉ុន​នៅទីក្រុង​វ៉ាស៊ីនតោន។ ជា​ផែនការ​ដែល​ពាំនាំមក​នូវ​ភាព​ប្រសើរ​ខ្លាំង​មែនទែន​ដល់​សម្ព័ន្ធ​សន្តិសុខរវាង​អាមេរិក​និង​ជប៉ុន។ នេះ​បើ​តាម​ Financial Times។ សម្រាប់​សារព័ត៌មាន​ជប៉ុន​វិញ កាសែត​យូមីអ៊ូរី ចេញ​នៅ​​ថ្ងៃ​ចន្ទសរសេរ​ថា ក្រុម​ការងារ​អចិន្ត្រៃយ៍អាមេរិក-ជប៉ុន​មួយ​ អាចនឹងត្រូវ​​បង្កើត​ឡើង​នៅ​ជប៉ុន ដើម្បី​ធានា​សម្រប​សម្រួល​ការងារ​យោធា​ឱ្យ​បាន​កាន់​តែ​ល្អិត​ល្មួត ព្រោះរហូត​មក​ទល់​នឹង​ពេល​នេះ ជប៉ុន​តែង​សម្រេច​ការ​នានា​ដោយ​ពិភាក្សា​ជាមួយ​ទី​បញ្ជាការ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​អាមេរិក​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ហាវៃ។
 
ជំនួប​កំពូល​អាមេរិក​និង​ជប៉ុន នឹង​រៀប​ចំធ្វើ​នៅ​ក្រុង​វ៉ាស៊ីនតោន ក្នុង​ឱកាស​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​គីស៊ីដា ថ្ងៃទី ១០​មេសា​២០២៤។ បន្ទាប់​ពី​មាន​ជំនួបជាមួយ​ប្រធានាធិបតី​អាមេរិក​​ចូ បៃដិន​ហើយ អាមេរិកនិង​ជប៉ុន​ត្រូវ​ចូល​រួម​ក្នុង​ជំនួប​កំពូល​ត្រីភាគី ជាមួយ​ហ្វីលីពីន​ទៀត៕​

© រក្សាសិទ្ធិដោយ thmeythmey.com