កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ថៃ រំពឹងបានពិន្ទុពីកូរ៉េខាងត្បូង ឯវៀតណាមឃ្លានជ័យជម្នះលើឥណ្ឌូណេស៊ី
26, Mar 2024 , 5:59 pm        
រូបភាព
ក្រុមដំរីចម្បាំងថៃ រំពឹងទាញយកផលប្រយោជន៍ជ័យជម្នះលើក្រុមជើងខ្លាំងកូរ៉េខាងត្បូង ក្នុងជំនួបវគ្គជម្រុះជុំទីពីរ World Cup 2026 តំបន់អាស៊ី ក្នុងជើងទីពីរ ដែលធ្វើឡើងនៅក្នុងទឹកដីកីឡដ្ឋាន Rajamangala នារាត្រីថ្ងៃទី២៦ ខែមីនា។ រីឯវៀតណាម សម្លឹងមើលការការវាយបកឈ្នះលើក្រុមគូប្រជែងក្នុងតំបន់ឥណ្ឌូណេស៊ីក្នុងទឹកដី ក្រោយចាញ់ការប្រកួតជើងទីមួយ។



ជំនួបរវាងថៃ ទល់នឹងក្រុមជើងខ្លាំងកូរ៉េខាងត្បូង នឹងត្រូវធ្វើឡើងវេលាម៉ោង ៧:៣០នាទី [ម៉ោងនៅកម្ពុជា] ដោយក្រុមរហស្សនាមដំរីចម្បាំងកំពុងមានភាពជឿជាក់យ៉ាងខ្លាំង ក្រោយពេលរក្សាលទ្ធផលស្មើ ១-១ ក្នុងជំនួបជើងទីមួយនាទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន។
 
បច្ចុប្បន្នថៃកំពុងនៅចំណាត់ថ្នាក់លេខ ២ មាន ៤ពិន្ទុ ឈរពីចិន ស្ថិតនៅលេខ ៣ មាន ៤ពិន្ទុដូចគ្នា ក្រោយការប្រកួតកាលពីសប្តាហ៍មុនស្មើ ២-២ ទល់នឹងក្រុមសិង្ហបុរី។ សម្រាប់ជំនួបនៅក្នុងប្រទេសថៃ ដែលជាទឹកដីផ្ទាល់ គ្រូបង្វឹកថៃលោក Masatada Ishii ជឿជាក់ថាកូនក្រុមនឹងអាចដណ្តើមពិន្ទុពីជើងខ្លាំងកូរ៉េខាងត្បូង។
  


«នៅពេលការប្រកួតទល់កូរ៉េខាងត្បូង កីឡាករតែងតែជួយគ្នាទៅវិញទៅមកបានយ៉ាងល្អ ដែលនេះជារឿងសំខាន់សម្រាប់ខ្ញុំ កាលនោះខ្ញុំបានប្រាប់កីឡាករថាយើងត្រូវតែយកឱ្យបាន ១ពិន្ទុពីការប្រកួត […]។ ការប្រកួតបន្ទាប់នៅទីក្រុងបាំងកក វានឹងក្លាយជាការប្រកួតដែលខុសគ្នា នៅទីនេះយើងមានអ្នកគាំទ្រយើង ហើយយើងនឹងក្រសោបពិន្ទុពីការប្រកួត ដែលជាគោលដៅយើង។»។ នេះបើតាមសម្តីលោក Ishii និយាយក្នុងសន្និសីទកាសែតមុនការប្រកួត។
 
ដោយឡែកវៀតណាម ត្រូវការឈ្នះលើក្រុមឥណ្ឌូណេស៊ី ចាំបាច់យ៉ាងខ្លាំងក្នុងជំនួបជើងទីពីរនេះ ព្រោះក្តីសង្ឃឹមក្នុងការប្រជែងកៅអីដើម្បីបន្តប្រជែងទៅវគ្គទី៣ បន្តទៀត។
 
ការប្រកួតជើងទីពីរនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន ម៉ាយឌីង (My Dinh) បន្ទាប់ពីជម្រើសជាតិវៀតណាម បានរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះឥណ្ឌូណេស៊ី លទ្ធផល ១-០ កាលពីសប្តាហ៍មុន។ ជំនួបជើងទីពីរ អាចនិយាយបានថាជាឱកាសចុងក្រោយតែមួយប៉ុណ្ណោះសម្រាប់ក្រុមដែលដឹកនាំដោយលោក Phillipe Troussier ដើម្បីរក្សាក្តីសង្ឃឹមប្រជែង។
  


ឥណ្ឌូណេស៊ី ការប្រកួតក្នុងទឹកដីវៀតណាម ពួកគេត្រូវការត្រឹមតែពិន្ទុស្មើតែប៉ុណ្ណោះ ដ្បិតការប្រកួតបន្ទាប់ពួកគេត្រូវជួបក្រុមនឹងត្រូវជួបក្រុមហ្វីលីពីន ដែលនឹងផ្តល់ឱកាសខ្លាំងដល់ខ្លួនដើម្បីឆ្លងកាត់ទៅកាន់ជុំទី៣ វគ្គជម្រុះដណ្តើមកៅអីទៅព្រឹត្តិការណ៍ World Cup 2026 នៅប្រទេសអាម៉េរិក, កាណដា និងម៉ិកស៊ិក។
 
វៀតណាម បន្ទាប់ពីការប្រកួតជើងទីពីរទល់ឥណ្ឌូណេស៊ី ខ្លួនត្រូវបន្តប៉ះក្រុមខ្លាំងអ៊ីរ៉ាក់ ដែលនឹងក្លាយជាការប្រកួតដ៏លំបាកបំផុតមួយក្នុងការដណ្តើមពិន្ទុ៕
ខាងក្រោមនេះជាការប្រកួតក្រុមដទៃផ្សេងទៀតក្នុងវគ្គជម្រុះ World Cup 2026 តំបន់អាស៊ី៖
 
ពូល A
ឥណ្ឌា ទទួល អាហ្កានីស្ថាន​
 
ពូល B ជំនួបរបស់កូរ៉េខាងជើង ទល់ជប៉ុន លុបចោល
 
ពូល C
ចិន ទទួល សិង្ហបុរី, ថៃ ទទួល កូរ៉េខាងត្បូង
 
ពូល D
កៀហ្ស៊ីគីស្ថាន ទទួល ឆាយនីសតាយប៉ិ, ម៉ាឡេស៊ី ទទួល អូម៉ង់
 
ពូល E
អ៊ូសបេគីស្ថាន ទទួល ហុងកុង, តួកមេនីស្ថាន ទទួល អ៊ីរ៉ង់
 
ពូល F
ហ្វីលីពីន ទទួល អ៊ីរ៉ាក់
 
ពូល G
តាជីគីស្ថាន​ ទទួល អារ៉ាប៊ីសាអូឌីត៕

Tag:
 World Cup
  World Cup 2026
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com