អន្តរជាតិ
ចិនសន្យា​បង្កើន​កម្លាំង​ផលិតភាព​ថ្មី​សម្រាប់កំណើនសេដ្ឋកិច្ច និងទាញអ្នកវិនិយោគ
27, Mar 2024 , 10:16 am        
រូបភាព
លោក Han Zheng អនុប្រធានាធិបតីចិន។ រូបភាព Xinhua
លោក Han Zheng អនុប្រធានាធិបតីចិន។ រូបភាព Xinhua
អនុប្រធានាធិបតីចិន លោក Han Zheng បានថ្លែងប្រាប់វេទិកាវិនិយោគនៅទីក្រុងប៉េកាំង នៅថ្ងៃទី២៦ ខែមីនាថា ចិននឹងពន្លឿនការអភិវឌ្ឍវិស័យផលិតភាពថ្មី រួមទាំងការពារស្ថិរភាព និងសន្តិសុខសម្រាប់សេដ្ឋកិច្ចសកល។ ការបញ្ជាក់បែបនេះ ធ្វើឡើងស្របពេលចិនកំពុងស្វះស្វែងរកការធានាឡើងវិញ ចំពោះក្រុមហ៊ុនបរទេសដែលមានការព្រួយបារម្ភក្នុងការវិនិយោគ។

 
ក្នុងកិច្ចប្រជុំកំពូលវិនិយោគចិននៅថ្ងៃទី២៦ ខែមីនា អនុប្រធានាធិបតីចិន លោក Han Zheng បានធានាពីការវិនិយោគ និងបង្កើនបរិយាកាសធុរកិច្ចអន្តរជាតិនៅចិន។
 
«ការបង្កើតបន្ថែមទៀតនូវទីផ្សារតម្រង់ទិស, ផ្អែកលើច្បាប់ និងបរិយាកាសធុរកិច្ចអន្តរជាតិ នឹងក្លាយជាគន្លឹះក្នុងការបង្កើនប្រសិទ្ធភាពជាបន្តបន្ទាប់នៃបរិយាកាសធុរកិច្ចរបស់ចិន និងព្រម ទាំងធ្វើ៎ឱ្យប្រសើរឡើងនូវភាពទាក់ទាញរបស់ខ្លួនចំពោះក្រុមហ៊ុនបរទេស»។ លោក Han បានប្រាប់ទស្សនិកជនបែបនេះ។ វេទិកាវិនិយោគចិន ក៏មានការចូលរួមពីនាយកប្រតិបត្តិក្រុមហ៊ុនចម្រាញ់ប្រេង Aramco, ក្រុមហ៊ុនឧស្សាហកម្មឱសថAstraZeneca និងក្រុមហ៊ុនឱសថ Pfizer។ 
 
ពាក្យ «កម្លាំងផលិតភាពថ្មី» ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង កាលពីខែកញ្ញាឆ្នាំមុន ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្អែកលើការច្នៃប្រឌិតក្នុងវិស័យជឿនលឿន។
 
ទន្ទឹមនេះ លោក Han បន្ថែមថា ចិននឹងផ្តល់សុវត្ថិភាព ស្ថិរភាព គុណភាពខ្ពស់ និងការគាំ ទ្រខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពដល់ប្រតិបត្តិការសេដ្ឋកិច្ចពិភពលោក។
 
ទិន្នន័យដែលបានចេញផ្សាយនៅពីថ្ងៃទី២២ ខែមីនា បានបង្ហាញពីលំហូរវិនិយោគ បរទេសចូលទៅចិនធ្លាក់ចុះជិត២០ភាគរយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ ក្រុមមន្ត្រីចិន កំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីទាក់ទាញវិនិយោគិននៅពេលដែលក្រុមហ៊ុនជាច្រើនកំពុងស្វែងរកខ្សែច្រវាក់ផ្គត់ផ្គង់ដែលមិនសូវមានហានិភ័យ និងប្រតិបត្តិការនៅឆ្ងាយពីចិន៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com