សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ុមបៃ ក្លាយជាទីក្រុងមានមហាសេដ្ឋីច្រើនជាងគេនៅអាស៊ី
27, Mar 2024 , 8:29 pm        
រូបភាព
មជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃរបស់ឥណ្ឌា បាននាំមុខទីក្រុងប៉េកាំងជាលើកដំបូង ក្នុងឋានៈជាទីក្រុងមានមហាសេដ្ឋីច្រើនជាងគេនៅអាស៊ី។ នេះបើតាមបញ្ជីអ្នកមានទូទាំងពិភពលោករបស់វិទ្យាស្ថានស្រាវជ្រាវ Hurun ។ បច្ចុប្បន្នទីក្រុងម៉ុមបៃមានមហាសេដ្ឋីចំនួន ៩២នាក់។

 
វិទ្យាស្ថានស្រាវជ្រាវ Hurun ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានប្រកាសនៅថ្ងៃទី ២៥ ខែមីនា ថា ទីក្រុងម៉ុមបៃបានវ៉ាទីក្រុងប៉េកាំងជាលើកដំបូង ដោយក្លាយជារដ្ឋធានីមហាសេដ្ឋីច្រើនជាងគេនៅអាស៊ី។ ក្រុងប៉េកាំងរបស់ចិន មានមហាសេដ្ឋីចំនួន ៩១នាក់។ 
 
តាមតារាងបញ្ជីអ្នកមាននៅលើពិភពលោកចេញដោយវិទ្យាស្ថាន Hurun ចំនួនមហាសេដ្ឋីនៅទីក្រុងម៉ុមបៃបានកើនឡើងដល់ ៩២នាក់ ដែលជាចំនួនខ្ពស់បំផុតទីបីនៅលើពិភពលោកបន្ទាប់ពីទីក្រុងញូវយ៉កចំនួន១១៩នាក់ និងទីក្រុងឡុងដ៍ចំនួន៩៧នាក់។ គួរកត់សម្គាល់ថា រដ្ឋធានីញូវដែលីរបស់ឥណ្ឌាក៏បានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅក្នុងបញ្ជីនេះជាលើកដំបូងដែរ។ 
 
របាយការណ៍ដដែលបាននិយាយថា បច្ចុប្បន្នឥណ្ឌាមានមហាសេដ្ឋីចំនួន ២៧១នាក់ដែលជាចំនួនខ្ពស់បំផុតទីបីនៅលើពិភពលោកបន្ទាប់ពីចិន ៨១៤នាក់និងអាម៉េរិក ៨០០នាក់។  
 
លោក Mukesh Ambani ដែលជាម្ចាស់ក្រុមហ៊ុន Reliance Industries បានរក្សាតំណែងលេខ១ ក្នុងចំណាត់ថ្នាក់បុគ្គលដែលមានជាងគេបំផុតនៅឥណ្ឌា និងអាស៊ីជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១១៥ពាន់លានដុល្លារ។ ចំណែកប្រធានក្រុមហ៊ុន Adani Group លោក Gautam Adani ជាមហាសេដ្ឋីទី២ នៅក្នុងប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់នេះ ជាមួយទ្រព្យសម្បត្តិ ៨៦ពាន់លានដុល្លារ។
 
ចំនួនមហាសេដ្ឋីក្នុងទីក្រុងធំៗនៅអាស៊ី។ ក្រាហ្វិក ៖ Hurun

បើតាមប្រធានវិទ្យាស្ថានស្រាវជ្រាវ Hurun លោក Rupert Hoogewerf ទំនុកចិត្តលើសេដ្ឋកិច្ចឥណ្ឌាបានកើនឡើងដល់មួយកម្រិតទៀត។ 
 
ចំនួនមហាសេដ្ឋីនៅឥណ្ឌា បានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីប្រទេសនេះបានអនុម័តកំណែទម្រង់គោលនយោបាយសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩១ ដើម្បីអនុញ្ញាតឱ្យមានការវិនិយោគបរទេសដ៏រឹងមាំបន្ថែមទៀត។ 
 
យ៉ាងណាមិញ គម្លាតរវាងអ្នកមាននិងអ្នកក្រនៅក្នុងប្រទេសមួយនេះកំពុងចោទជាបញ្ហា។ យោងតាមឯកសារស្រាវជ្រាវកាលពីពេលថ្មីៗរបស់ក្រុមសេដ្ឋវិទូ Kumar Bharti, Lucas Chancel, Thomas Piketty និង Anmol Somanchi បុគ្គលដែលមានបំផុត ១ភាគរយនៅឥណ្ឌាកំពុងកាន់កាប់ទ្រព្យសម្បត្តិរហូតដល់ ៤០,១ភាគរយក្នុងរយៈពេល ២០២២-២០២៣។
 
សេដ្ឋកិច្ចឥណ្ឌាបន្តសម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងនោះ ផលិតផលក្នុងស្រុកសរុបកើនឡើង ៨,៤ភាគរយនៅត្រីមាសទី៤ ឆ្នាំ២០២៣។ យោងតាមអ្នកវិភាគ ប្រទេសអាស៊ីខាងត្បូងមួយនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកក្នុងរយៈពេល ៣ឆ្នាំខាងមុខ៕ 

Tag:
 បុមបៃ
  មហាសេដ្ឋី
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com