កីឡាអន្តរជាតិ
អន្តរជាតិ
ហ៊្សកហ្ស៊ី បង្កើតប្រវត្តិសាស្ត្រឡើងជុំផ្តាច់ព្រ័ត្រ Euro 2024 លើកដំបូង​
27, Mar 2024 , 4:39 pm        
រូបភាព
ប្រវត្តិសាស្ត្រថ្មីលើកដំបូង សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិហ៊្សកហ្ស៊ី ដែលទទួលបានកៅអីប្រកួតព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 ។ ហ៊្សកហ្ស៊ី បានប្រកួតឈ្នះលើក្រុមក្រិក ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល៤-២ នៃវគ្គជម្រុះ Play Off។ 



ជំនួបវគ្គ Playoff ដណ្តើមកៅអីព្រឹត្តិការណ៍ Euro 2024 ក្នុងកីឡដ្ឋាន Boris Paichadze Dinamo របស់ម្ចាស់ផ្ទះហ៊្សកហ្ស៊ី បានបញ្ចប់ទៅដោយភាពតឹងតែងពីការស្វែងរកគ្រាប់បាល់ ។ រយៈពេល ៩០នាទីនៃការប្រកួត ក្រុមទាំងសងខាងបញ្ចប់នៅត្រឹមលទ្ធផល ០-០ ហើយចូលវគ្គបន្ថែមម៉ោង ១៥នាទី ២ដង លទ្ធផលរក្សានៅដដែល។ 
 
ជ័យជម្នះសម្រាប់ម្ចាស់ផ្ទះ កើតឡើងដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។ ហ៊្សកហ្ស៊ី ស៊ុតបាល់បញ្ចូលទី៤ គ្រាប់ ចំណែកក្រុមភ្ញៀវក្រិកខកខានឱកាសលេងនៅ Euro 2024 ដោយស៊ុតបាល់ចូលទីត្រឹម ២គ្រាប់។
 
អ្នកគាំទ្រហ៊្សកហ្ស៊ីរំភើបទប់ចិត្តមិនរួច នាំគ្នារត់ចូលទីលាន ក្រោយការផ្លុំកញ្ចែរបញ្ចប់ការប្រកួតពីសំណាក់អាជ្ញាកណ្តាល ដើម្បីអបអរដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ នៃវិស័យបាល់ទាត់របស់ខ្លួន។ ហ៊្សកហ្ស៊ី បង្ហាញខ្លួនលេងក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប លើកដំបូងក្នុងឆ្នាំ ១៩៩០ ដោយកាលនោះប្រទេសនេះ ជាផ្នែកមួយនៃសហភាពសូវៀត។
 
ហ៊្សកហ្ស៊ី នឹងត្រូវចូលទៅក្នុងពូល F ដែលមានវត្តមានរបស់ក្រុមខ្លាំងព័រទុយហ្កាល់ តួកគី និងសាធារណៈរដ្ឋឆែក សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងខែមិថុនា។ ព្រឹត្តិការណ៍ UEFA Euro 2024 នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា  រហូតដល់ថ្ងៃទី១៤ ខែកក្កដា។
 
ដោយឡែក អ៊ុយក្រែន បានយកឈ្នះលើក្រុមអ៊ីស្លង់ ដើម្បីកៅអីជុំផ្តាច់ព្រ័ត្រ Euro 2024 ក្នុងលទ្ធផល ២-១ ដែលជាការស៊ុតដោយកីឡាករ Viktor Tsygankov នាទី៥៤ មុនពេល Mykhailo Mudryk ស៊ុតបន្ថែមគ្រាប់ទី២ នៅនាទី៨៤។ ១គ្រាប់ស៊ុតបើកការនាំមុខរបស់កីឡាករ Albert Gudmundsson មិនសមល្មមជួយអ៊ីស្លង់ឡើងវគ្គបន្ត។
 
វែលស៍ខកខានឱកាសលេងក្នុងព្រឹត្តិការណ៍ Euro 2024 ក្រោយចាញ់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោមថ្វីជើងក្រុមប៉ូឡូញ លទ្ធផល ៥-៤ ក្រោយលទ្ធផលការប្រកួតស្មើ ០-០ រយៈពេល ១២០នាទី៕
 

Tag:
 ហ្សកហ្ស៊ី
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com