សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាជ្ញាធរចិន​ អំពាវនាវ​​យុវជន​ធ្វើ​ពិធី​រៀបការ​ឲ្យ​​សាមញ្ញ និងសន្សំសំចៃ
28, Mar 2024 , 8:29 pm        
រូបភាព
គូស្នេហ៍​ថ្មីថ្មោងរវាង Ma Yuxuan និង Cai Yang ថត​រូប​លើ​ឡានក្រុង​មង្គលការ​ក្នុង​ក្រុង Qingdao ខេត្ត Shandong កាលពីចុងឆ្នាំ២០២៣ ។ រូបភាព ៖ Xinhua
គូស្នេហ៍​ថ្មីថ្មោងរវាង Ma Yuxuan និង Cai Yang ថត​រូប​លើ​ឡានក្រុង​មង្គលការ​ក្នុង​ក្រុង Qingdao ខេត្ត Shandong កាលពីចុងឆ្នាំ២០២៣ ។ រូបភាព ៖ Xinhua
សហព័ន្ធស្ត្រីចិនបានជំរុញឱ្យគូស្វាមីភរិយាវ័យក្មេងធ្វើឱ្យពិធីមង្គលការឲ្យមានភាពសាមញ្ញ  ជំនួសឱ្យកម្មវិធីប្រពៃណីដែលមានការអញ្ជើញភ្ញៀវរាប់រយនាក់ និងជួលការរៀបចំពិធីថ្លៃៗ។

 
នៅថ្ងៃទី២៦ ខែមីនា​ សហព័ន្ធនារីចិន (ACWF) បានចុះផ្សាយអត្ថបទមួយសំដៅដល់យុវជនសន្សំប្រាក់បានច្រើនពីការរៀបចំពិធីមង្គលការ ក្នុងបរិបទដែលយុវជនជាច្រើនធុញទ្រាន់នឹងការចំណាយខ្ពស់ និងចំណាយពេលយូរក្នុងការរៀបចំពិធីមង្គលការទ្រង់ទ្រាយធំ។
 
ACWF អំពាវនាវឱ្យមើលរំលងទម្រង់ពិធីការថ្លៃៗមួយចំនួនដូចជា ការជួលរថយន្តទំនើប អ្នកថតរូប និងរៀបចំវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវ ហើយជំនួសឱ្យការលើកទឹកចិត្តដល់ពិធីជប់លៀងខ្នាតតូចសម្រាប់គ្រួសារ និងមិត្តភក្តិជិតស្និទ្ធវិញ។
 
គូស្នេហ៍មួយគូបានប្រាប់ ACWF ថាពួកគេបានចំណាយប្រហែល ៨៣១ដុល្លារសម្រាប់ពិធីមង្គលការដែលមានលក្ខណៈគ្រួសារ ដែលតិចជាងពិធីមង្គលការប្រពៃណីដែលជាធម្មតាមានតម្លៃជាង២៧៧០០ដុល្លារ។ 
 
«តាមទស្សនៈសង្គម ការរៀបចំព្រឹត្តិការណ៍សប្បាយៗហួយហេតុដ៏ខ្ជះខ្ជាយគឺជាទម្លាប់អាក្រក់។ ការផ្លាស់ប្តូរទៅពិធីមង្គលការបែបសាមញ្ញ នឹងធ្វើឲ្យប្រសើរឡើងទំនៀមទម្លាប់ល្អនាពេលអនាគត»។ នេះបើតាមសារព័ត៌មាន Reuters ដកស្រង់ពី ACWF ។
 
ACWF បានបោះពុម្ពអត្ថបទនេះឡើង នៅក្នុងបរិបទដែលចិនបានកត់ត្រាកំណើន ១២,៤ភាគរយនៃចំនួនអាពាហ៍ពិពាហ៍ថ្មីក្នុងឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះជិតមួយទសវត្សរ៍។
 
អ្នកបង្កើតគោលនយោបាយចាត់ទុកថាកំណើននៃការរៀបការថ្មីនេះ ជាសញ្ញាល្អដែលអាចកាត់បន្ថយការធ្លាក់ចុះនៃអត្រាកំណើត និងការថយចុះចំនួនប្រជាជន។ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ថ្មីៗនេះបានសន្យាថា ចិននឹងចាត់វិធានការដើម្បីជួយកាត់បន្ថយការចំណាយលើការសម្រាលកូន និងការអប់រំកុមារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយតុល្យភាព រយៈពេលវែង និងមិត្តភាពនៅក្នុងសង្គម។
 
គូស្វាមីភរិយាវ័យក្មេងជាច្រើននៅចិន បានពន្យារពេលរៀបការ និងមានកូនដោយសារតែការចំណាយខ្ពស់។ ចិន ជាប្រទេសមួយក្នុងចំនោមប្រទេសដែលការចិញ្ចឹមកូនថ្លៃបំផុត បើធៀបនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់៕ 

Tag:
 ចិន
  រៀបការ
© រក្សាសិទ្ធិដោយ thmeythmey.com