RFI
អន្តរជាតិ
អ.ស.ប.៖ ពិភពលោកខ្ជះខ្ជាយម្ហូបអាហារអស់១០០០ពាន់លានដុល្លារ នៅឆ្នាំ២០២២ Gaspillage de repas AP - Dave Zajac
×
ដោយ៖អៀង សុខម៉ិញ / RFI ខេមរភាសា
“ខ្ជះខ្ជាយអាហារគឺជាសោកនាដកម្មពិភពលោក”។ នេះបើតាមពាក្យបរិហាររបស់អង្គការ សហប្រជាជាតិ។ នៅក្នុងរបាយការណ៍អ.ស.ប.ចេញផ្សាយនាថ្ងៃពុធទី ២៧មីនានេះ ក្នុងមួយថ្ងៃៗ មានម្ហូបអាហារក្នុងបរិមាណស្មើនឹង១ពាន់លានពេល ត្រូវបានគ្រួសារនីមួយៗ នៅលើពិភពលោកចាក់ចោលដោយឥតប្រយោជន៍ នៅឆ្នាំ២០២២។ អាហារដែលចាក់ចោលទាំងអស់នោះនៅល្អអាចបរិភោគបានទេ។
នៅក្នុងរបាយការណ៍ចេញផ្សាយនាថ្ងៃពុធទី ២៧មីនា ២០២៤ កម្មវិធីដើម្បីបរិសា្ថនដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ ហៅកាត់ថាPNUE (UNEP)បានបរិហារថា ការខ្ជះខ្ជាយអាហារគឺជាសោកនាដកម្មពិភពលោក។ ពិតជាគួរឱ្យហួសចិត្តខ្លាំងណាស់៖ មានអាហាររាប់ពាន់លានចានត្រូវចាក់ចោល ក្នុងពេលដែលមនុស្សរាប់រយលាននាក់កំពុងរងទុក្ខទេវនារស់ប្រឈមនឹងភាពអត់ឃ្លាននិងទុរ្ភិក្ស។
ជាសរុបមានអាហារក្នុងបរិមាណយ៉ាងហោច១ពាន់លានចាន (ពេល) ត្រូវបានគេចាក់ចោលក្នុងមួយថ្ងៃៗនៅឆ្នាំ២០២២ ឬត្រូវជាជាង១ពាន់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗបើគិតជាទឹកប្រាក់។ អាហារចាក់ចោលនេះអាចចិញ្ចឹមគ្រប់ជនរងគ្រោះខ្វះអាហារនៅលើពិភពលោកដែលមានប្រមាណ៨០០ពិភពលោក បានមួយពេលក្នុងថ្ងៃ។ ជាងនេះទៅទៀត បើតាមរបាយការណ៍ដដែល តួលេខប្រាប់អំពីបរិមាណចាក់ចោលអាហារនៅហូបបាន ជាការប៉ាន់ស្មាន ដែលទំនងទាបជាងការពិតជាក់ស្តែងឆ្ងាយណាស់។
នេះជារបាយការណ៍ស្តីពីការខ្ជះខ្ជាយអាហារទីពីរ របស់អង្គការសហប្រជាជាតិដែលផ្តល់ព័ត៌មានបានកាន់តែលម្អិត និងសឱ្យឃើញកាន់តែច្បាស់អំពីទំហំដ៏ធំនៃបញ្ហាខ្ជះខ្ជាយអាហារ។ ផ្សារទំនើប ហាងលក់សាច់ ហាងចាប់ហួយចោលគ្រឿងបរិភោគតែ១២%នៃសំរាមអាហារទេ និងប្រមាណ២៨% សម្រាប់ភោជនីដ្ឋាន អាហារដ្ឋាននៅកន្លែងធ្វើការ...។ ការខ្ជះខ្ជាយនិងចោលអាហារខ្លាំងជាងគេបំផុត គឺនៅតាមផ្ទះ ដែលតំណាងឱ្យដល់ទៅ៦០% នៃការបោះចោលអាហារ ឬត្រូវជា៦៣១លានតោនសំរាមអាហារ ព្រោះហេតុតែទិញហួសសេចក្តីត្រូវការផង មិនចូលចិត្តអាហារសល់ផង និងដោយភាពធ្វេសប្រហែស គ្មានការទុកដាក់អាហារបានត្រឹមត្រូវទើបខូចបោះចោល។ ផ្ទុយពីជំនឿ ការខ្ជះខ្ជាអាហារមិនមែនជាបញ្ហាកើតមានតែនៅក្នុងប្រទេសអ្នកមានទេ ប្រទេសក្រីក្រកំពុងអភិវឌ្ឍក៏ខ្ជះខ្ជាយខ្លាំងណាស់ដែរ។ នេះបើតាមរបាយការណ៍ដដែល។
សម្រាប់ម្ចាស់របាយការណ៍ ការខ្ជះខ្ជាយអាហារ ជាបរាជ័យសម្រាប់បរិស្ថាន ព្រោះវាបញ្ចេញដល់ទៅ១០%នៃឧស្ម័នផ្ទះកញ្ចក់ក្នុងពិភពលោក និងចំណាយដីកសិកម្មធំឥតប្រយោជន៍សម្រាប់ដាំដុះដំណាំដែលគ្មានចូលក្រពះនរណាសោះ។ បើគិតជាប្រទេសវិញ ការចោលអាហារ ជាអ្នកបញ្ចេញឧស្ម័នបំពុលបរិយាកាសធំលំដាប់ទីបី បន្ទាប់ពីសហរដ្ឋអាមេរិកនិងចិន តែមនុស្សម្នាមិនសូវគិតគូរសោះ។ អង្គការសហសហប្រជាជាតិសង្ឃឹមថា របាយការណ៍នេះនឹងដាស់ស្មារតីមនុស្សគ្រប់រូបឱ្យបានយល់ថា គេអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសន្សំថវិកាបានដោយគ្រាន់តែបរិភោគអាហារទិញរួចឱ្យអស់ពីចាននិងពីទូរ៕
© រក្សាសិទ្ធិដោយ thmeythmey.com