អន្តរជាតិ
សេចក្តីព្រាងច្បាប់ហាមមិនឱ្យប្រើទិកតុកជាប់គាំងនៅព្រឹទ្ធសភាអាមេរិក
29, Mar 2024 , 9:59 pm        
រូបភាព
រូបឯកសារ៖ អ្នកគាំទ្របណ្តាញសង្គមទិកតុក (TikTok) ចេញតវ៉ានៅក្នុងបរិវេណវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកគាំទ្របណ្តាញសង្គមទិកតុក (TikTok) ចេញតវ៉ានៅក្នុងបរិវេណវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ដោយ: VOA
សារជាសំឡេងរបស់មនុស្សវ័យក្មេងដែលបានផ្ញើទុកឱ្យសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ North Carolina លោក Thom Tillis មានលាយឡំដោយសំណើច ក៏ប៉ុន្តែមានពាក្យសម្តីគំរាមកំហែង។


 
សំឡេងរបស់មនុស្សម្នាក់ដែលលាយឡំដោយសំណើចនិងបន្លឺគ្របពីលើសំឡេងរបស់មនុស្សវ័យក្មេងផ្សេងទៀត មានសេចក្តីថា៖ «ចូរស្តាប់! បើលោកហាមមិនឱ្យប្រើទិកតុក (TikTok) ខ្ញុំនឹងតាមរកលោក ហើយបាញ់លោក។ ខ្ញុំនឹងបាញ់លោក។ ខ្ញុំរកលោកឱ្យឃើញ ហើយខ្ញុំនឹងកាត់លោកជាបំណែក»។ សំឡេងមួយទៀតបានគំរាមថានឹងសម្លាប់លោក Tillis ហើយបន្ទាប់មកនឹងសម្លាប់ខ្លួនឯង។
 
ការិយាល័យរបស់លោក Tillis បានឱ្យដឹងថា ខ្លួនបានទទួលការហៅទូរស័ព្ទប្រហែល ១.០០០ ដងទាក់ទងនឹងរឿងទិកតុកនេះ ចាប់តាំងពីរដ្ឋសភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់នេះកាលពីពេលថ្មីៗនេះមក។ សេចក្ដីព្រាងច្បាប់នេះមានបំណងហាមឃាត់មិនឱ្យប្រើកម្មវិធីទូរស័ព្ទដ៏ពេញនិយមនេះ ប្រសិនបើម្ចាស់របស់កម្មវិធីនេះដែលមានមូលដ្ឋាននៅប្រទេសចិនមិនព្រមលក់ភាគហ៊ុនរបស់ខ្លួន។
 
ទិកតុកកំពុងជំរុញអ្នកប្រើប្រាស់របស់ខ្លួននៅសហរដ្ឋអាមេរិកដែលភាគច្រើនជាមនុស្សវ័យក្មេងឱ្យទូរស័ព្ទទៅអ្នកតាក់តែងច្បាប់ដែលតំណាងឱ្យរដ្ឋរបស់ពួកគេ និងថែមទាំងផ្តល់នូវតំណភ្ជាប់ដ៏ងាយស្រួលទៅកាន់លេខទូរស័ព្ទរបស់អ្នកតាក់តែងច្បាប់ទាំងនោះផងដែរ។
 
សារមួយរបស់ក្រុមហ៊ុនទិកតុកដែលលេចឡើងនៅពេលអ្នកប្រើប្រាស់បើកកម្មវិធីទិកតុកនោះឡើង មានសេចក្តីថា៖ «រដ្ឋាភិបាល [អាមេរិក] នឹងដកហូតសហគមន៍ដែលអ្នកនិងប្រជាជនអាមេរិករាប់លាននាក់ទៀតស្រឡាញ់‍»។
 
លោក Tillis ដែលគាំទ្រសេចក្តីព្រាងច្បាប់របស់រដ្ឋសភានេះ បានរាយការណ៍ប្រាប់ប៉ូលិសអំពីការហៅទូរស័ព្ទទាំងនោះ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «អ្វីដែលខ្ញុំស្អប់នោះគឺវាបង្ហាញពីឥទ្ធិពលដ៏ធំសម្បើមដែលបណ្ដាញសង្គមអនឡាញទាំងនេះមានលើមនុស្សវ័យក្មេង‍»។
 


រូបឯកាសរ៖ សកម្មជនគាំទ្របណ្តាញសង្គមទិកតុក (TikTok) ចេញតវ៉ានៅក្នុងបរិវែណវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
 
ខណៈពេលដែលវាមានលក្ខណៈខ្លាំងក្លាជាងបណ្តាញសង្គមអនឡាញភាគច្រើននោះ យុទ្ធនាការបញ្ចុះបញ្ចូលដ៏ទូលំទូលាយរបស់ទិកតុកនេះគឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់ឧស្សាហកម្មបច្ចេកវិទ្យាដើម្បីបញ្ឈប់សេចក្តីព្រាងច្បាប់ថ្មីណាមួយ ហើយវាជាការប្រយុទ្ធដែលឧស្សាហកម្មបច្ចេកវិទ្យាតែងតែឈ្នះ។
 
អស់រយៈពេលជាច្រើនឆ្នាំមកហើយ សភាអាមេរិកបានបរាជ័យក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់ដែលនឹងការពារឯកជនភាពរបស់អ្នកប្រើប្រាស់ ការពារកុមារពីការគំរាមកំហែងតាមអ៊ីនធឺណិត ធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែទទួលខុសត្រូវចំពោះខ្លឹមសារដែលបង្ហោះនៅលើបណ្ដាញសង្គមអនឡាញរបស់ខ្លួន និងដាក់វិធានការការពារដែលមិនជាប់ចំណងពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI និងបញ្ហាផ្សេងៗទៀត។
 
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិកលោក Mark Warner ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Virginia និងជាអតីតនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា ក៏បានគាំទ្រសេចក្តីព្រាងច្បាប់ហាមឃាត់មិនឱ្យប្រើទិកតុកនេះផងដែរ។ លោកបានព្យាយាមជំរុញសហសេវិករបស់លោកឱ្យរឹតបន្តឹងលើឧស្សាហកម្មបច្ចេកវិទ្យានេះជាយូរមកហើយ។
 
លោកបានថ្លែងថា៖ «ខ្ញុំចង់មានន័យថា វាជារឿងគួរឱ្យអាម៉ាស់។ ខ្ញុំពិតជាមិនចង់ឃើញពួកយើងបន្តបរាជ័យក្នុងការអនុម័តសេចក្តីព្រាងច្បាប់បច្ចេកវិទ្យានោះទេ‍»។
អ្នកខ្លះមើលឃើញថា សេចក្តីព្រាងច្បាប់ហាមឃាត់មិនឱ្យប្រើទិកតុកនេះគឺជាឱកាសដ៏ល្អបំផុតក្នុងពេលឥឡូវនេះដើម្បីរឹតបន្តឹងឧស្សាហកម្មបច្ចេកវិទ្យានិងធ្វើជាគំរូ ប្រសិនបើគេសម្រាំងផ្តោតទៅលើក្រុមហ៊ុនតែមួយ។
 
លោកប្រធានាធិបតី Joe Biden បាននិយាយថា លោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់របស់រដ្ឋសភានេះដែលបានអនុម័តដោយទទួលបានសំឡេងគាំទ្រដ៏លើសលប់ចំនួន ៣៦២ ទល់នឹង ៦៥ កាលពីខែមីនា បន្ទាប់ពីការបោះឆ្នោតដ៏កម្ររបស់គណៈកម្មាធិការរដ្ឋសភាក្នុងសំឡេងគាំទ្រ ៥០ ទល់នឹង ០ ឱ្យលើកយកសេចក្ដីព្រាងច្បាប់នេះមកធ្វើការបោះឆ្នោត។
ក៏ប៉ុន្តែ សេចក្តីព្រាងច្បាប់នេះកំពុងជាប់គាំងនៅក្នុងព្រឹទ្ធសភា។ ព្រឹទ្ធសភាមានការឯកភាពគ្នាតិចតួចប៉ុណ្ណោះលើវិធីសាស្រ្តដ៏ល្អបំផុតដើម្បីធានាថាប្រទេសចិនមិនមានលទ្ធភាពចូលប្រើប្រាស់ទិន្នន័យឯកជនរបស់មនុស្សចំនួន ១៧០ លាននាក់នៅសហរដ្ឋអាមេរិកដែលប្រើកម្មវិធីទិកតុកនេះ ឬក៏ជះឥទ្ធិពលលើពួកគេតាមរយៈក្បួនដោះស្រាយដោយកុំព្យូទ័រ (Algorithm) របស់កម្មវិធីនេះ។
 
គេឃើញមានកត្តាផ្សេងទៀតដែលធ្វើឱ្យសេចក្តីព្រាងច្បាប់នេះជាប់គាំងនៅព្រឹទ្ធសភា។ ឧស្សាហកម្មបច្ចេកវិទ្យាគឺមានលក្ខណៈទូលំទូលាយ ហើយស្ថិតនៅក្រោមយុត្តាធិការរបស់គណៈកម្មាធិការផ្សេងគ្នាជាច្រើន។ លើសពីនេះទៅទៀត បញ្ហាដែលកំពុងកើតមាននេះមិនទទួលបានការគាំទ្រពីគណបក្សទាំងពីរនោះទេ ដែលធ្វើឱ្យអ្នកតាក់តែងច្បាប់នៅសភាមានការលំបាកក្នុងការយល់ស្របគ្នាលើអាទិភាពនិងរបៀបដែលច្បាប់គួរត្រូវបានចែង។


រូបភាពមួយបង្ហាញស្លាកសម្គាល់បណ្តាញសង្គមទិកតុក (TikTok) និងទង់ជាតិសហរដ្ឋអាមេរិក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
 
ម៉្យាងវិញទៀត លោក Warner បាននិយាយថា សេចក្តីព្រាងច្បាប់របស់រដ្ឋសភានេះគឺជាឱកាសដ៏ល្អបំផុតក្នុងការអនុម័តសេចក្តីព្រាងច្បាប់មួយក្រោយពីមានភាពអសកម្មអស់ជាច្រើនឆ្នាំ។ លោក Warner បាននិយាយទៀតថា ការហៅទូរស័ព្ទគំរាមកំហែងពីយុវជនទាំងនោះគឺជាឧទាហរណ៍ដ៏ល្អមួយដែលបញ្ជាក់ថាហេតុអ្វីយើងពិតជាត្រូវការឱ្យមានច្បាប់នោះ «ដោយវាបញ្ជាក់ថាតើយើងពិតជាចង់ឱ្យសារដូចនោះត្រូវបានក្រឡុកតាមចិត្តដោយបក្សកុម្មុយនីស្តចិនឬក៏យ៉ាងណានោះ»។
 
អ្នកតាក់តែងច្បាប់មួយចំនួនមានការព្រួយបារម្ភថា ការបិទមិនឱ្យប្រើទិកតុកនេះអាចធ្វើឱ្យយុវជនអាមេរិករាប់លាននាក់ដែលជាអ្នកប្រើប្រាស់ ដែលយុវជនទាំងនោះជាចំណែកដ៏សំខាន់មួយក្នុងចំណោមអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ មានការខឹងសម្បា។ ក៏ប៉ុន្តែ លោក Warner និយាយថា «ការជជែកដេញដោលបានផ្លាស់ប្តូរ‍» ពីការនិយាយអំពីការហាមប្រាមទាំងស្រុងមិនឱ្យប្រើប្រាស់ទិកតុកកាលពីមួយឆ្នាំមុនទៅជាការនិយាយអំពីសេចក្តីព្រាងច្បាប់របស់រដ្ឋសភាអាមេរិកដែលនឹងបង្ខំឱ្យទិកតុក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance Ltd. លក់ភាគហ៊ុនរបស់ខ្លួនដើម្បីអាចបន្តប្រតិបត្តិការទៀតបាន។
 
នៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ២៤ ខែមីនាកន្លងទៅនេះ អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានទទួលស្គាល់ភាពពេញនិយមរបស់ទិកតុក ហើយថា វាបានក្លាយជាប្រភពចំណូលសម្រាប់មនុស្សជាច្រើន។
 
អ្នកស្រីបាននិយាយទៀតថា រដ្ឋបាលរបស់លោក Biden មិនមានបំណងហាមប្រាមមិនឱ្យប្រើទិកតុកនោះទេ ក៏ប៉ុន្តែគឺគ្រាន់តែចង់ដោះស្រាយរឿងកម្មសិទ្ធិរបស់ទិកតុកនេះប៉ុណ្ណោះ។ អ្នកស្រី Harris បានថ្លែងនៅក្នុងកម្មវិធី This Week របស់បណ្តាញទូរទស្សន៍ ABC ថា «យើងយល់ពីគោលបំណងនិងអត្ថប្រយោជន៍របស់ទិកតុក និងភាពរីករាយដែលវាផ្តល់ឱ្យមនុស្សជាច្រើន‍»។
 
សមាជិកគណបក្សសាធារណរដ្ឋមិនចុះសម្រុងគ្នានឹងរឿងនេះទេ។ ខណៈដែលពួកគេភាគច្រើនគាំទ្រសេចក្តីព្រាងច្បាប់ហាមឃាត់មិនឱ្យប្រើទិកតុកនេះ អ្នកផ្សេងទៀតមានការប្រុងប្រយ័ត្នចំពោះការរឹតបន្តឹងខ្លាំងពេក ហើយខ្លាចថារដ្ឋាភិបាលកំណត់គោលដៅទៅលើអង្គភាពជាក់លាក់មួយ។
 
លោក Rand Paul សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Kentucky បានបង្ហោះសារលើបណ្តាញសង្គមអនឡាញ X ថា៖ «ការអនុម័តសេចក្តីព្រាងច្បាប់ហាមប្រាមមិនឱ្យប្រើទិកតុករបស់រដ្ឋសភានេះមិនមែនគ្រាន់តែជាការយល់ខុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការដ៏តឹងរ៉ឹងដែលរារាំងការបញ្ចេញមតិដោយសេរី ជាន់ឈ្លីសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបង្អាក់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋអាមេរិករាប់លាននាក់ផងដែរ»។
 
ដោយសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលសហសេវិករបស់ខ្លួនឱ្យគាំទ្រសេចក្តីព្រាងច្បាប់នេះបាន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Connecticut លោក Richard Blumenthal និងសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Tennessee អ្នកស្រី Marsha Blackburn បានអំពាវនាវឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នានាលែងចាត់ទុកព័ត៌មានអំពីទិកតុកនិងករណីដែលទិកតុកជាកម្មសិទ្ធិរបស់ចិនថាជាពត៌មានសម្ងាត់ ដែលព័ត៌មានទាំងនេះត្រូវបានផ្តល់ជូនសមាជិកព្រឹទ្ធសភាកន្លងមក។
 
លោក Blumenthal និងអ្នកស្រី Blackburn បានរៀបចំសេចក្តីព្រាងច្បាប់ដាច់ដោយឡែកពីគ្នាដែលអ្នកទាំងពីរបានរៀបចំអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងគោលបំណងការពារសុវត្ថិភាពរបស់កុមារតាមអ៊ីនធឺណិត ក៏ប៉ុន្តែព្រឹទ្ធសភាមិនទាន់បោះឆ្នោតអនុម័តនៅឡើយទេ។
 
កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងឯកជនភាពតាមអ៊ីនធឺណិតនិងសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែទទួលខុសត្រូវចំពោះខ្លឹមសារនានាដែលពួកគេផ្សព្វផ្សាយក៏កំពុងជាប់គាំងផងដែរ ។
 
រីឯកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំគណបក្សសំឡេងភាគច្រើននៅព្រឹទ្ធសភាលោក Chuck Schumer ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ New York ដើម្បីជំរុញទៅមុខឱ្យបានលឿននូវសេចក្តីព្រាងច្បាប់ដែលនឹងរឹតបន្តឹងលើឧស្សាហកម្មបច្ចេកវិទ្យា AI ដែលកំពុងរីកលូតលាស់នោះ ក៏មិនទាន់លេចចេញជាលទ្ធផលណាមួយនៅឡើយដែរ។
លោក Schumer បាននិយាយតិចតួចណាស់អំពីសេចក្តីព្រាងច្បាប់ហាមមិនឱ្យប្រើទិកតុកនេះ ឬអំពីថាតើលោកនឹងយកសេចក្តីព្រាងច្បាប់នេះមកបោះឆ្នោតនៅព្រឹទ្ធសភាឬក៏អត់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com