ជាតិ
សេដ្ឋកិច្ច
រដ្ឋ យកពន្ធប្រាក់ចំណូលដល់៣០ភាគរយ លើប្រតិបត្តិការធនធានរ៉ែ​ និងប្រេងកាត
02, Apr 2024 , 8:19 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ។ រូបថត៖ MEF
ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលពន្ធលើប្រាក់ចំណូលដល់៣០ភាគរយនៃប្រាក់ចំណូលជាប់ពន្ធ របស់ប្រតិបត្តិការធនធានរ៉ែ​ និងប្រេងកាត។​ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលធ្វើប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត នៅទូទាំងប្រទេសកម្ពុជា។​

 
រាល់សកម្មភាពទាំងឡាយណាដែលស្វែងរកសាធាតុរឹង រាវ ឧស្ម័ន កកើតឡើងវិញ ដោយធម្មជាតិតាមដំណើរវិវត្តភូគព្ភសាស្ត្រ ឬជាលទ្ធផលនៃការជីកយកពីក្នុងដី លើដី ក្នុងសមុទ្រ ក្រោមបាតសមុទ្រ ដូចជាត្បូងថ្ម ធ្យូងថ្ម រ៉ែអលោហៈ ទឹកខនិជ ថ្ម ក្រួស​ ខ្សាច់ និងដីឥដ្ឋ គឺជាគោលដៅនៃការអនុវត្តការប្រមូលពន្ធលើប្រាក់ចំណូលក្នុងអត្រាដល់៣០ភាគរយ។ 
 
ការប្រមូលពន្ធនេះ ក៏ត្រូវអនុវត្តទៅលើប្រតិបតិ្តការប្រេងកាត ដូចជា​ ប្រេងឆៅ ឧស្ម័នធម្មជាតិ និងអ៊ីដ្រូកាបួផ្សេងៗ ​ទោះសាធាតុទាំងនោះ ស្ថិតក្នុងសភាពរឹង រាវ ឧស្ម័ន យ៉ាងណាក៏ដោយ។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីសេដ្ឋកិច្ច នៅក្នុងប្រកាសផ្សេងគ្នា ស្តី​ពី ពន្ធលើប្រតិបត្តិការប្រេងកាត និងពន្ធលើប្រតិបត្តិការធនធានរ៉ែ ដែលចេញនៅថ្ងៃទី២០មីនា ឆ្នាំ២០២៤។​
 
បន្ថែមលើអត្រាពន្ធខាងលើ ប្រសិនបើអ្នកជាប់ពន្ធមានប្រាក់ចំណូលលើសកម្រិត​ នោះត្រូវជាប់ពន្ធ តាមអត្រាកំណើនតាមថ្នាក់ ដោយផ្អែកលើសមាមាត្រនៃប្រាក់ចំណូល។ បើតាមប្រកាសដដែល សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតដល់ ១,៣ គឺមិនជាប់ពន្ធលើប្រាក់ចំណូលឡើយ។ ប៉ុន្តែ បើសមាមាត្រនៃប្រាក់ចំណូលលើសកម្រិតពី ១,៣ ដល់១,៦ ត្រូវជាប់ពន្ធ១០ភាគរយ។ កម្រិតលើសពី១,៦ ដល់២ ត្រូវជាប់ពន្ធ២០ភាគរយ និងសមាមាត្រនៃប្រាក់ចំណូលលើសពីកម្រិត២ឡើងទៅ គឺត្រូវជាប់ពន្ធលើប្រាក់ចំណូល៣០ភាគរយ។​
 
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតនៃឆ្នាំជាប់ពន្ធចរន្តណាមួយ គឺជាផលចែកនៃទឹកប្រាក់បូកបង្គរនៃចំណូល និងទឹកប្រាក់បូកបង្គរនៃចំណាយពីប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត មកទល់ឆ្នាំជាប់ពន្ធចរន្តនោះ។
 
គួរជម្រាបថា ក្នុងខែមករា រដ្ឋប្រមូលពន្ធដារបានប្រមាណ២៩៨,៥៥ប៉ុណ្ណោះ។ ចំណូលនេះ ថយចុះ០,៦៨ភាគរយ បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធអាករ​ប្រចាំ​ខែមករា ឆ្នាំ​២០២៣៕

Tag:
 ប្រេងកាត និងធនធានរ៉ែ​
© រក្សាសិទ្ធិដោយ thmeythmey.com