កែប៖ អង្គការ អេដ អេ អាកស្យុង (AEA) បានរៀបចំកម្មវិធីវាយតម្លៃ និងផ្តល់ទុនវិនិយោគដល់សហគ្រិនមូលដ្ឋាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងខេត្តកែប ក្រោមគម្រោង សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED)។
កម្មវិធីនេះ បានប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែមីនាកន្លងទៅ នៅមន្ទីរឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប ដោយមានសហគ្រិនមូលដ្ឋាន សរុប ៣៧នាក់ បានចូលរួមធ្វើបទបង្ហាញ អំពីសំណើថវិកាពីគម្រោង ទៅបង្កើត និងពង្រីកមុខរបររបស់ខ្លួន។
លោក ថាន់ សាមឌី ប្រធានគ្រប់គ្រងទុនវិនិយោគ អង្គការ AEA បានឱ្យដឹងថា តាមផែនការ គម្រោងនេះ នឹងផ្តល់ទុនវិនិយោគដល់សហគ្រិនមូលដ្ឋាននៅក្នុងខេត្តកែប និងកំពត ចំនួន ១២៥នាក់ ពីក្នុងចំណោមសហគ្រិន ២២៣នាក់ ដែលទទួលបានការបណ្តុះបណ្តាលសមត្ថភាពពីអង្គការដៃគូរបស់ខ្លួន។ ចំពោះដើមទុនដែលគម្រោងផ្តល់ជូន គឺចន្លោះ៤០ម៉ឺនរៀល ដល់២លានរៀល។
លោក ថាន់ សាមឌី (ឆ្វេង) ប្រធានគ្រប់គ្រងទុនវិនិយោគ អង្គការអេដ អេ អាកស្យុង
បើតាម លោក ថាន់ សាមឌី ប្រធានគ្រប់គ្រងទុនវិនិយោគ អង្គការ AEA កម្មវិធីទាំងនេះ នឹងនៅតែបន្តផ្តល់ទុនដល់សហគ្រិនផ្សេងៗទៀត តាមបណ្តាឃុំ ស្រុក នៃខេត្តកែប និងខេត្តកំពត។
លោក សាង ប៊ុនធឿន អភិបាលរងក្រុងកែប បានសាទរចំពោះការចូលរួមចំណែករបស់អង្គការ អេដ អេ អាកស្យុង និងដៃគូ ដែលបានបន្តជួយដល់សហគមន៍នៅតាមតំបន់ឆ្នេរ ទាំងក្នុងវិស័យអប់រំកុមារ គ្រូបង្រៀនជាដើម រហូតដល់សហគ្រិនតាមមូលដ្ឋាន។ តាមរយៈគម្រោង CO-SAVED គម្រោងមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដើម្បីធានានិរន្តរភាពអាជីវកម្មរបស់សហគ្រិនមូលដ្ឋាននោះទេ ប៉ុន្តែថែមទាំងបន្តគាំទ្រជាថវិកាដើម្បីឱ្យពួកគេយកទៅបង្កើត ឬពង្រីកមុខរបរ ដែលអាចបង្កើនចំណូលថែមទៀតផង។
លោក សាង ប៊ុនធឿន អភិបាលរងក្រុងកែប ចូលរួមបើកកម្មវិធីវាយតម្លៃ និងផ្តល់ទុនវិនិយោគដល់សហគ្រិនមូលដ្ឋានក្នុងខេត្តកែប។
នៅក្នុងកម្មវិធី វាយតម្លៃ និងផ្តល់ទុនវិនិយោគដល់សហគ្រិនមូលដ្ឋាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ លោកអភិបាលរងក្រុងកែបរូបនេះ ក៏ស្នើដល់សហគ្រិនដែលទទួលបានទុនវិនិយោគពីគម្រោង Co-Saved នេះទាំងអស់ឱ្យថែរក្សាបរិស្ថាន និងអនាម័យ នៅទីតាំងដែលខ្លួនប្រកបរបរផងដែរ ដើម្បីចូលរួមធ្វើឱ្យសហគមន៍មានសោភ័ណភាពស្អាត និងទាក់ទាញបានទេសចរកាន់តែច្រើន។ លោក សាង ប៊ុនធឿន បន្ថែមដូច្នេះថា៖ «បើយើងបានដើមទុននេះហើយ នៅពេលថ្ងៃអនាគត ដែលយើងចង់ឱ្យអាជីវកម្មយើងនេះ ដំណើរការល្អទៅបាន ខ្ញុំសូមសំណូមពរឱ្យបងប្អូន គិតពីការថែរក្សាបរិស្ថាន អនាម័យរបស់ខ្លួន។ ហើយក៏សូមឱ្យបងប្អូនបានដើមទុនទៅហើយ ថែរក្សារបស់របរដែលអង្គការផ្តល់ជូននេះ យកទៅប្រើថែទាំ ប្រើប្រើដោយការទទួលខុសត្រូវ»។
អ្នកស្រី ត្រេះ អាទិកៈ (ស្តាំ) ជាអាជីវករគុយទាវ កាហ្វេនៅផ្ទះ ទទួលទុនវិនិយោគជាតំណាង ពីលោក សាង ប៊ុនធឿន(ឆ្វេង) អភិបាលរងក្រុងកែប។
អ្នកស្រី ត្រេះ អាទិកៈ ជាអាជីវករគុយទាវ កាហ្វេ និងបន្លែ ត្រី សាច់នៅផ្ទះដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ អ្នកស្រី ជាបេក្ខជនម្នាក់ក្នុងចំណោមសហគ្រិនផ្សេងទៀត ដែលបានចូលរួមធ្វើបទបង្ហាញអាជីវកម្មនិងស្នើដើមទុនពីគម្រោង ដើម្បីពង្រីករបរខ្លួន។ អ្នកស្រី សង្ឃឹមថា ទុនគាំទ្រនេះ នឹងជួយអ្នកស្រី មានលទ្ធភាពពង្រីកការលក់ដូររបស់ខ្លួន។ អ្នកស្រី ត្រេះ អាទិកៈ បន្ថែមថា៖ «កម្មវិធីនេះល្អ ព្រោះជំនួយឱ្យយើងបានដើមទុន ជួយដើមទុនយើងរកស៊ី។ យើងយកទៅបានពង្រីក(របរ)បន្ថែម ក្រែងវាកើនឡើងបន្តិចទៀត។ យើងមានរបស់របរច្រើន យើងលក់ដាច់បានច្រើន។ ព្រោះរាល់ថ្ងៃយើងលក់ដាច់ តែអត់សូវមានរបស់លក់។ យើងអត់សូវមានដើមទុនទិញចូលបានច្រើន»។
សហគ្រិនមូលដ្ឋាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធម្នាក់ទៀត គឺអ្នកស្រី ញ៉ សុភេទ ដែលចូលរួមស្នើសុំការគាំទ្រទុនវិនិយោគនេះដែរ ក៏យល់ស្របដែរថា គម្រោងផ្តល់ទុននេះ គឺមានសារៈនឹងជួយឱ្យអាជីវករ មានលទ្ធភាពពង្រីកមុខរបរ និងជួយជីវភាពកាន់តែប្រសើរ។
ជាអ្នកលក់ការ៉េម ស្ករសំឡី និងពោតលីតតាមម៉ូតូ អ្នកស្រី ញ៉ សុភេទ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ៖ «វាជួយពលរដ្ឋច្រើនដែលគាត់មានមុខរបរពិតប្រាកដ។ ជួយឱ្យយើងមានថវិកាទិញរបស់របរបន្ថែមសម្រាប់លក់ដូរ»។
សូមជម្រាបថា នេះគឺជាកម្មវិធីវាយតម្លៃ និងផ្តល់ទុនវិនិយោគ ដល់សហគ្រិនមូលដ្ឋាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកទី២ ដោយកម្មវិធីលើកទី១ ប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែមីនា នៅស្នាក់ការសហគមន៍នេសាទត្រពាំងសង្កែ ក្នុងខេត្តកំពត អ្នកចូលរួមប្រកួតប្រជែង ចំនួន៤៩នាក់៕