ជាតិ
បញ្ហាដីធ្លី៖ រដ្ឋបាលខេត្តព្រះវិហារ អះអាងថា រកពុំឃើញពលរដ្ឋណាម្នាក់ រត់គេចខ្លួនចូលព្រៃឡើយ កន្លែងដែលអាជ្ញាធរចុះទៅរកពលរដ្ឋ តាមបណ្ដាញព័ត៌មានដែលបានផ្សាយថាពលរដ្ឋរត់គេចខ្លួនចូលព្រៃ។ រូបពី រដ្ឋបាលខេត្តព្រះវិហារ
× ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ អះអាងថា រកពុំឃើញនរណាម្នាក់ រត់ចូលព្រៃដូចបណ្ដាញព័ត៌មានមួយចំនួន បានចុះផ្សាយឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តចេញថ្ងៃទី២មេសា។
រដ្ឋបាលខេត្តព្រះវិហារ សង្កេតឃើញនាពេលថ្មីៗនេះ មានការផ្សាយព័ត៌មាន ដោយអមជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ពលរដ្ឋ ដែលថាពួកគេ កំពុងរត់គេចខ្លួន ឬសម្ងំពួនក្នុងព្រៃ។ លើសពីនេះ មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺទៀតផង។
«ពាក់ព័ន្ធករណីនេះ អាជ្ញាធរស្រុកគូលែន បានចុះទៅដល់ទីតាំងដែលព័ត៌មានមួយចំនួនអះអាងថា មានពលរដ្ឋមួយចំនួនតូចរត់គេចខ្លួននៅទីនោះ ប៉ុន្តែអាជ្ញាធរពុំបានឃើញនរណាម្នាក់ ដូចការចុះផ្សាយនោះឡើយ»។ រដ្ឋបាលខេត្តព្រះវិហារបានអះអាងបែបនេះ ហើយអំពាវនាវជាលើកទី៣ថា បើមានពលរដ្ឋ កុមារតូចៗ នៅក្នុងព្រៃប្រាកដមែន ពួកគេអាចវិលត្រឡប់ចូលភូមិវិញបាន។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះវិហារ បានសង្កត់ធ្ងន់ថា៖ «អាជ្ញាធរនឹងពុំយកទោសពៃរ៍បងប្អូននោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុបម្រុង។ សូមកុំចាញ់បោកឧបាយកលក្រុមជនមួយក្ដាប់តូចនៅក្រៅប្រទេស…»។
ទាក់ទិននឹងវិវាទដីធ្លីនៅខេត្តព្រះវិហារនេះ លោក រស់ សុដ្ឋា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស (CHRAC) យល់ថា ពលរដ្ឋដែលរងគ្រោះ ដោយសារបញ្ហាដីធ្លីនៅតំបន់ព្រះវិហារនោះ អស់ជំនឿ និងខ្លាច អាជ្ញាធរចាប់ពួកគេបញ្ជូនទៅតុលាការ ទើបមិនហានចេញជួបអាជ្ញាធរតាមការអំពាវនាវ។ ហេតុនេះ លោកថា ពួកគេគ្មានជម្រើសឡើយ មានតែបន្តលាក់ខ្លួន។
«តាមបណ្ដាញរបស់ខ្ញុំ បានរាយការណ៍មកថា មានជិត១០០គ្រួសារ ដែលគេចខ្លួននៅក្នុងព្រៃ ហើយបើគ្មានដំណោះស្រាយ មានតែចាប់ខ្លួនពួកគាត់ ធ្វើយ៉ាងម៉េច! ទើបពួកគាត់ហ៊ានចេញមក! បើចង់ឃើញពលរដ្ឋពិតមែន ធានាឱ្យមានដំណោះស្រាយ កុំឱ្យមានការចាប់ខ្លួន ពួកគាត់នឹងចេញមក» លោក សុដ្ឋា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗបែបនេះ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣ មេសា ។
លោកបន្ថែមថា អង្គការ CHRAC កំពុងរៀបចំឯកសារភស្តុតាង ពីការបាត់បង់ផ្ទះ ដីធ្លី របស់ពលរដ្ឋ នៅស្រុកគូលែន ដើម្បីដាក់ទៅខាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយអន្តរាគមន៍ ពិសេសធ្វើអធិការកិច្ចលើអាជ្ញាធរខេត្តព្រះវិហារ ដែលបានចុះបង្ក្រាបពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com