ប្រធានាធិបតីប្រទេសបុតស្វាណាបានព្រមានបញ្ជូនដំរីចំនួន ២ម៉ឺនក្បាលទៅកាន់អាល្លឺម៉ង់ ស្របពេលទីក្រុងបែរឡាំងចង់រឹតបន្តឹងបទប្បញ្ញត្តិស្តីពីការនាំចូលសត្វបរបាញ់ស្របច្បាប់ដើម្បីការពារសត្វព្រៃ។
កាលពីដើមឆ្នាំនេះ ក្រសួងបរិស្ថានអាល្លឺម៉ង់បានស្នើឱ្យដាក់កំហិតយ៉ាងតឹងរ៉ឹងលើការនាំចូលសត្វបរបាញ់ស្របច្បាប់ ដោយសារតែព្រួយបារម្ភអំពីកំណើនការបរបាញ់សត្វព្រៃ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីបុតស្វាណាបានប្រឆាំងនឹងគំនិតខាងលើ ដោយនិយាយថាវាអាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជននៃប្រទេសអាហ្វ្រិកមួយនេះយ៉ាងខ្លាំង។
លោកប្រធានាធិបតី Mokgweetsi Masisi លើកឡើងថា កិច្ចខិតខំប្រឹងប្រែងអភិរក្សបានធ្វើឱ្យចំនួនសត្វដំរីនៅក្នុងប្រទេបុតស្វាណាកើនឡើង ហើយការបរបាញ់ជាវិធានការសំខាន់មួយដើម្បីគ្រប់គ្រងចំនួនសត្វដំរី។ បុតស្វាណា ជាជម្រករបស់ហ្វូងដំរីធំជាងគេរបស់ពិភពលោកដោយមានសត្វប្រហែល ១៣ម៉ឺនក្បាល។
លោក Masisi បាននិយាយថា ៖« ដំរីកំពុងបង្កការខូចខាតទ្រព្យសម្បត្តិ ពួកគេកំពុងបំផ្លាញដំណាំ វាយប្រហារមនុស្ស។ អ្នកនយោបាយដែលអង្គុយនៅទីក្រុងបែរឡាំងអាចពិភាក្សាយ៉ាងងាយស្រួលអំពីបញ្ហានៅបុតស្វាណា ប៉ុន្តែយើងជាអ្នកដែលត្រូវបង់ថ្លៃសម្រាប់គោលនយោបាយអភិរក្សនេះ»។
បុតស្វាណាបានដាក់បម្រាមលើការបរបាញ់សត្វដំរីក្នុងឆ្នាំ២០១៤ ប៉ុន្តែបានលុបចោលនៅឆ្នាំ២០១៩ ក្រោមសម្ពាធពីសហគមន៍មូលដ្ឋាន។ បច្ចុប្បន្នប្រទេសនេះបានចេញកូតាការបរបាញ់សត្វដំរីប្រចាំឆ្នាំ។
កន្លងមក បុតស្វាណាបានបញ្ជូនដំរីចំនួន ៨ពាន់ក្បាលទៅកាន់អង់ហ្គោឡា និង៥០០ក្បាលទៅកាន់ម៉ូសំប៊ិកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការកើនឡើងចំនួនដំរី។ មន្ត្រីក្នុងប្រទេសនេះបានគំរាមបញ្ជូនដំរីចំនួន ១ម៉ឺនក្បាលទៅទីក្រុងឡុងដ៍ដែរ។
លោក Masisi បានព្រមានថា ៖« យើងក៏ចង់ផ្តល់អំណោយបែបនេះដល់អាល្លឺម៉ង់ ជាមួយនឹងដំរីចំនួន ២ម៉ឺនក្បាល។ គ្មានការបដិសេធណាមួយនឹងត្រូវបានទទួលយកឡើយ»។
លោកបន្តថា ៖«ជនជាតិអាល្លឺម៉ង់គួរតែរស់នៅជាមួយសត្វដំរីទាំងនោះ ដូចដែលពួកគេប្រាប់យើងថា គួរធ្វើបែបនេះបែបនោះ»។ ប្រធានាធិបតីរូបនេះសង្គត់ធ្ងន់ថា នេះមិនមែនជាការលេងសើចទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងបរិស្ថានអាល្លឺម៉ង់បានឆ្លើយតបថា បុតស្វាណាមិនបានលើកឡើងពីការព្រួយបារម្ភណាមួយជាមួយអាល្លឺម៉ង់លើបញ្ហានេះទេ។
អាល្លឺម៉ង់ ជាប្រទេសនាំចូលដ៏ធំបំផុតមួយរបស់អឺរ៉ុបនៃការនាំចូលសត្វ ឬវត្ថុធាតុសត្វ បានពីការបរបាញ់។ ក្នុងអំឡុងពេលឆ្នាំ ២០០៤-២០១៥ ទីភ្នាក់ងារសហព័ន្ធអាល្លឺម៉ង់សម្រាប់ការអភិរក្សធម្មជាតិ (BfN) បានអនុញ្ញាតឲ្យនាំចូលគ្រោងឆ្អឹងដំរីចំនួន ១៦២ក្បាល ភ្លុកចំនួន៩០០ក្បាល ស្បែកចំនួន ៦០០ កន្ទុយចំនួន១៨០ ត្រចៀក និងជើងដំរីរាប់រយក្បាល ដែលជាផ្នែកនៃការបរបាញ់ស្របច្បាប់។
យ៉ាងណាមិញ សត្វ ឬវត្ថុធាតុសត្វ បានពីការបរបាញ់ស្របច្បាប់ពីសត្វដំរីអាហ្រ្វិកទាមទារអាជ្ញាប័ណ្ណនាំចូលយោងទៅតាមបទប្បញ្ញត្តិ។ បណ្តាប្រទេសនៅអឺរ៉ុបកំពុងពិភាក្សាអំពីការរឹតបន្តឹងដោយផ្តោតលើការពង្រីកបញ្ជីសត្វព្រៃដែលត្រូវការការពារ៕