អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាវាយប្រហារលើមូលដ្ឋានយោធាក្រុងណៃពិដោ
04, Apr 2024 , 8:59 pm        
រូបភាព
ក្រុមឧទ្ទាមនៅ Magwe មីយ៉ាន់ម៉ា។ រូបភាព ៖ YoungForce
ក្រុមឧទ្ទាមនៅ Magwe មីយ៉ាន់ម៉ា។ រូបភាព ៖ YoungForce
រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែមេសា បានប្រកាសថា កម្លាំងការពារប្រជាជន បានប្រើប្រាស់ដ្រូនដើម្បីវាយប្រហារមូលដ្ឋានរដ្ឋាភិបាលយោធានៅក្នុងរដ្ឋធានីណៃពិដោ។

 
រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) បានប្រកាសថា មូលដ្ឋានទ័ពយោធានៅក្នុងរដ្ឋធានីណៃពិដោត្រូវបានវាយប្រហារដោយដ្រូន។ ប៉ុន្តែក្រុមនេះ​មិន​បាន​បញ្ជាក់​ពី​ប្រភេទដ្រូន ដែល​បាន​ប្រើ​ និងទំហំនៃការ​ខូចខាត​នៅ​មូលដ្ឋាន​នោះ​ទេ។
 
កងកម្លាំងការពារប្រជាជន (PDF) ដែលជាផ្នែកមួយរបស់រដ្ឋាភិបាលស្រមោលមួយនេះ បាននិយាយថា ខ្លួនបានទទួលបញ្ជាឱ្យវាយប្រហារទីតាំងចំនួន២នៅក្នុងរដ្ឋធានីណៃពិដោ ដែល១ក្នុងចំណោមនោះជាមូលដ្ឋានទ័ពអាកាស។
 
​យោធា​មី​យ៉ាន់​ម៉ា ដែល​ឡើង​កាន់​អំណាច​តាមរយៈរដ្ឋប្រហារ​ឆ្នាំ​២០២១ មិន​បាន​​ឆ្លើយតបលើ​ព័ត៌មាន​នេះ​ទេ​។ ប្រសិនបើព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនោះ​ វានឹងប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់កងទ័ពមីយ៉ាន់ម៉ា ខណៈដែលកម្លាំងនេះកំពុងប្រឈមក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន។ នេះបើតាមសារព័ត៌មាន Reuters។ 
 
ប្រធានាធិបតីស្តីទី​ លោក Myint Swe បានព្រមានថា ប្រទេសនេះស្ថិតក្នុងហានិភ័យនៃការបែកបាក់ ប្រសិនបើខ្លួនបរាជ័យក្នុងការដោះស្រាយការបះបោរដោយក្រុមឧទ្ទាម។
 
ឧត្តមសេនីយ៍ មីន អុងឡាំង កាលពីសប្តាហ៍មុនបានអំពាវនាវឱ្យប្រជាជន និងកងទ័ពរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធដែលកំពុងស្វែងរកការបំផ្លិចបំផ្លាញប្រទេស ក៏ដូចជាការឃុបឃិតក្នុងការបំផ្លិចបំផ្លាញផែនការបោះឆ្នោត៕

Tag:
 មីយ៉ាន់ម៉ា
  ណៃពិដោ
© រក្សាសិទ្ធិដោយ thmeythmey.com