ជាតិ
«សង្រ្កាន្តប៉ៃលិន» នឹងមានការប្រកួតបវរកញ្ញាមនុស្សចាស់ បាញ់ពពុះសាប៊ូ និងទឹកត្រជាក់ រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន
× ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន ប្រកាសរៀបចំព្រឹត្តិការណ៍«សង្រ្កាន្តប៉ៃលិន» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣-១៦ ខែមេសា ដែលមានកម្មវិធីកម្សាន្តសប្បាយជាច្រើន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន។
មិនខុសពីតាមបណ្ដាខេត្តមួយចំនួនឡើយ ខេត្តប៉ៃលិន ដែលនៅជិតព្រំដែនកម្ពុជា-ថៃ ក៏នឹងរៀបចំព្រឹត្តិការណ៍«សង្រ្កាន្តប៉ៃលិន»ផងដែរ ក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
បើតាមរដ្ឋបាលខេត្តប៉ៃលិន ក្នុងព្រឹត្តិការណ៍«សង្រ្កាន្តប៉ៃលិន នឹងមានកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជាល្បែងប្រជាប្រិយ ការតាំងបង្ហាញស្តង់ពិព័រណ៌ កម្មវិធីប្រគំតន្ត្រីខ្នាតធំ និងបាញ់ពពុះសាប៊ូ បាញ់ទឹកត្រជាក់។ ក្រៅពីកម្មវិធីទាំងនេះ ក៏មានការប្រឡងបវរកញ្ញាមនុស្សចាស់ ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ, កម្មវិធីបោះតង់តាមរមណីយដ្ឋាន តំបន់ទេសចរណ៍នានា សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ផងដែរ។
រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន
ដើម្បីឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពរីករាយ រដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកកម្សាន្តនៅខេត្តប៉ៃលិន ឱ្យបានច្រើនកុះករ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានរៀបចំផ្ទះសំណាក់ សណ្ឋាគារទំនើបៗប្រកបដោយផាសុកភាព អាហារដ្ឋានមានអនាម័យល្អ និងតម្លៃសមរម្យ ដល់ភ្ញៀវទេសចរ អាចបោះតង់រាំលេងកម្សាន្ត ដោយធានាការពារសុវត្ថិភាពផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ៕
រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន
រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន
រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន
Tag:
ប៉ៃលិន
វប្បធម៌
ប្រពៃណី
ចូលឆ្នាំខ្មែរ
សង្រ្កាន្តឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com