ជាតិ
សេដ្ឋកិច្ច
CDC៖ ត្រីមាសទី១ កំពង់ស្ពឺ និង​ស្វាយរៀង ជាទីតាំងនៃគម្រោង​វិនិយោគ​ជិត​៥០
05, Apr 2024 , 11:09 am        
រូបភាព
រូបតំណាង៖ ទិដ្ឋភាពរោងចក្រផលិតកង់រថយន្តមួយកន្លែងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង។ CDC
រូបតំណាង៖ ទិដ្ឋភាពរោងចក្រផលិតកង់រថយន្តមួយកន្លែងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង។ CDC
គម្រោងវិនិយោគចំនួន១០៦គម្រោងដែលមានទុនប្រមាណ ២២០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) អនុម័តជាផ្លូវការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ​ក្នុងនោះ ខេត្តកំពង់ស្ពឺ និងស្វាយរៀង មាន​រហូតដល់​ទៅ​៤៩គម្រោង។

 
សេចក្តីប្រកាសព័ត៌មានរបស់ CDC បានបញ្ជាក់ថា គម្រោងសរុបទាំង១០៦នេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង ក្នុងនោះ៧៣គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​ ៣៣គម្រោងទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
 
បើតាមCDC គម្រោងវិនិយោគដែលទទួលបាននៅក្នុងត្រីមាសទី១នេះ មានកំណើន៦៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ «ការកើនឡើងយ៉ាងគំហុកនូវគម្រោងវិនិយោគវិនិយោគនេះ គឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស » ។ នេះជាការអះអាងរបស់CDC ដោយ​បង្ហាញថា២៦គម្រោង​ស្ថិតនៅ​ខេត្តកំពង់ស្ពឺ, ២៣គម្រោងនៅស្វាយរៀង, ១៤គម្រោងនៅភ្នំពេញ។ 
 
ខេត្តព្រះសីហនុជាទីតាំងនៃគម្រោង​វិនិយោគចំនួន១៣គម្រោង, ខេត្តកណ្តាល ​និងតាកែវ ទទួលបាន៩គម្រោង, កំពង់ឆ្នាំងមាន៥គម្រោង, កោះកុង និងស្ទឹងត្រែងមាន២គម្រោង រីឯព្រះវិហារ កំពត និងកំពង់ចាម មាន​១គម្រោងរៀងៗ​ខ្លួន​។
 
គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសទី១នោះ មានគម្រោងបង្កើតនិងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២,៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ៥៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៣ ៨៦០កន្លែង។ 
 
សម្រាប់ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព១៥០ MW តាមរូបភាព BOT តម្លៃជាង៤៤០លានដុល្លារ ស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏អាចបង្កើតការងារបាន ២២០កន្លែង ផងដែរ។ 
 
បើតាមCDC គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងតម្លៃ១០៨លានដុល្លារ អាចបង្កើតការងារបាន១១៥កន្លែង។ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ តម្លៃ១០៧លានដុល្លារ នៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និង គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យតម្លៃ៣០លានដុល្លារ​ នៅសង្កាត់ទួល សង្កែទី២ ខណ្ឌឫស្សីកែវ អាចបង្កើតការងារបាន៤៣កន្លែង។  ទាំងនេះជាវិនិយោគសំខាន់ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។​
 
ជាមួយគ្នានេះ គម្រោងដែលលេចធ្លោជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្រោមទុន​ ២១២លានដុល្លារ។ គម្រោងនេះ អាចបង្កើតការងារបន្ថែមបាន៦៥៥កន្លែង។ 
 
CDC បានរំលេចថា រយៈពេល៣ខែមកនេះ ការវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣ភាគរយ នៃការវិនិយោគសរុប។ គម្រោង​វិនិយោគផ្សេងទៀត មានមកពីសិង្ហបុរី, វៀតណាម, កូរ៉េខាងត្បូង,​សហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី៕

Tag:
 វិនិយោគ
  កំពង់ស្ពឺ
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com