ជាតិ
សេដ្ឋកិច្ច
បរិវត្តកម្មឌីជីថល ជាចលករនាំកម្ពុជា​ចាកចេញពីដុល្លារូបនីយកម្ម​​!
05, Apr 2024 , 9:29 pm        
រូបភាព
ប្រមាណ៤ឆ្នាំចុងក្រោយនេះ​ ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ(Fin-Tech)នៅកម្ពុជា ​មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។ ជាពិសេស​ ភាពរីកចម្រើន​នៃប្រព័ន្ធទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីល។ ការណ៍នេះ ​កំពុងនាំកម្ពុជាចាកចេញពីប្រទេសដុល្លារូបនីយកម្មដោយសន្សឹមៗ តាមរយៈការជំរុញនូវការទូទាត់តាមប្រព័ន្ធឌីជីថល។

 
ក្នុងឆ្នាំ២០២៣កន្លងមក ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើន ១,៧៨៦លានប្រតិបត្តិការ។ ចំនួននេះ គឺមានទំហំទឹកប្រាក់ ៤៩២ពាន់លានដុល្លារ ស្មើនឹង១៦ដងនៃផលិតផលក្នុងស្រុកសរុប(GDP)។ នេះយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។​
 
ប្រព័ន្ធបាគង
 
បាគង ជាប្រព័ន្ធទូទាត់បែបឌីជីថលទំនើបមួយ ត្រូវបានធនាគារជាតិដាក់ឱ្យដំណើរការជាផ្លូវការ ចាប់តាំពីចុងឆ្នាំ២០២០មក។  បច្ចុប្បន្ន អ្នកចុះឈ្មោះប្រើប្រាស់បប្រព័ន្ធបាគងមាន​០,៦លានគណនី។  ប្រព័ន្ធនេះ បានជួយសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថាន​ បង្កើនប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដល់អតិថិជន ចំនួន១៩,៥ លានគណនី។ 
 
សាធារណជនដែលប្រើប្រាស់បាគង អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មនានា តាម KHQR Code  និងទូទាត់ឆ្លងដែន បានយ៉ាងរហ័សហើយថែមទាំងមានសុវត្ថិភាពខ្ពស់ទៀត។ 
 
បើតាមរបាយការណ៍របស់ធនាគារជាតិ គិតត្រឹមដំណាច់ឆ្នាំ២០២៣  ប្រតិបត្តិការតាមប្រព័ន្ធបាគងមានចំនួន២០០,៩៣លានប្រតិបត្តិការ កើនជាង៥ដង ធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ​ មាន៦៨,៧៩ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១៣២,១៤ លានប្រតិបត្តិការទៀត គឺជាប្រាក់ដុល្លារអាម៉េរិក។ 
 
បើក្រឡេកទៅមើល ​ទំហំទឹកប្រាក់ទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធបាគងនេះ គឺមានប្រមាណ៨១,០៥ ទ្រីលានរៀល (កើន ៣,៤ ដង) ខណៈការទូទាត់ជាប្រាក់ដុល្លារមានប្រមាណ៥៣,៧៦ពាន់លានដុល្លារ (កើនជិត ២,៤ ដង) ធៀបនឹង២០២២។​
 
ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែន​ជារូបិយវត្ថុ តាមប្រព័ន្ធឌីជីថល
 
បច្ចុប្បន្នពលរដ្ឋដែលមានគណនីធនាគារជាប្រាក់រៀល គឺអាចទូទាត់ថ្លៃទំនិញ-សេវាកម្មនានា នៅប្រទេសថៃ ឡាវ និងវៀតណាម បានយ៉ាងងាយស្រួល តាមរយៈការស្កេនQR Code។ ជាមួយគ្នានេះ អ្នកមានគណនីធនាគារ ឬកាបូបលុយអេឡិចត្រូនិក(E-Wallet)ជាប្រាក់រៀល ក៏ចាយនៅប្រទេសចិន និងប្រទេសដៃគូនានាជុំវិញពិភពលោក ជាមួយក្រុមហ៊ុន Union Pay International (UPI) បាន ផងដែរ។ 
 
ការសម្រេចបាននូវកិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​ជាមួយប្រទេស-ក្រុមហ៊ុនខាងលើនេះ គឺធនាគារជាតិធ្វើឡើង ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ ឱ្យមាន​លក្ខណៈកាន់តែ​ទូលំ​ទូលាយ​។  មិនត្រឹមតែអាចចំណាយជាប្រាក់រៀលនៅថៃ ឡាវ វៀតណាម និងចិនបាននោះទេ អាជីវករ ពាណិជ្ជករនានានៅកម្ពុជា ដែលប្រើប្រាស់KHQR Code របស់បាគង​ ក៏អាចទទួលបានការទូទាត់ជាប្រាក់រៀល តាមរយៈការស្កេនពីពលរដ្ឋបរទេសទាំងនោះ​បានដែរ។​

លោកស្រី  ជា សិរី ទេសាភិបាលធនាគារជាតិ ជាមួយ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនតាមឌីជីថល រវាងកម្ពុជា ជាមួយក្រុមហ៊ុន UPI របស់ចិន​ កាលចុងឆ្នាំ២០២៣។ រូបថត៖ NBC
 
កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន តាមប្រព័ន្ធឌីជីថលនេះ គឺលើកទឹកចិត្តសម្រាប់តែអ្នកមានគណនីធនាគារជាប្រាក់រៀលប៉ុណ្ណោះ។ ហេតុដូច្នេះហើយ បានជាលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ តែងតែស្នើដល់ធនាគារក្នុងស្រុក ត្រូវជូនដំណឹង និងលើកទឹកចិត្តឱ្យពាណិជ្ជករ ជាអតិថិជនរបស់ខ្លួនបើកគណនីប្រាក់រៀល ហើយទទួលយកការទូទាត់ជាប្រាក់រៀល។
 
កន្លងមកលោកស្រី ជា សិរី បានបញ្ជាក់ថា ៖ « យន្តការនេះ គឺធ្វើឡើងតែដើម្បីលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀល ប៉ុណ្ណោះ។​ សម្រាប់កម្ពុជា រាល់ប្រតិបត្តិឆ្លងដែននេះ នឹងធ្វើឡើងតាមរយៈ KHQR Code ​នៃប្រព័ន្ធបាគងរបស់ធនាគារជាតិ»។​
 
ពង្រីកកិច្ចសហប្រតិបត្តិប្រព័ន្ធទូទាត់ឆ្លងដែន ​តាមប្រព័ន្ធឌីជីថល​
 
ក្រៅពីកិច្ចសហការជាមួយប្រទេស និងក្រុមហ៊ុនខាងលើ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសចិន ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា ហ្វីជី រវ៉ាន់ដា និងកោះសូឡូម៉ុន ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យប្រាក់ដុល្លារ ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ផងដែរ។
 
កាលណា«ប្រាក់រៀល» ត្រូវបានប្រើប្រាស់ ឬចរាចរ កាន់តែទូលំទូលាយក្នុងចរន្តសេដ្ឋកិច្ច នឹងផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិ ដាក់អនុវត្តនូវនយោបាយរូបិយវត្ថុនានា មានប្រសិទ្ធភាព ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ។​ 

លោកស្រី ជា សិរី ថ្លែងក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ «ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង»  កាលពីថ្ងៃទី២០មីនា ឆ្នាំ២០២៤។ រូបថត៖ NBC 
 
បច្ចុប្បន្ន​ ទំហំប្រាក់រៀល ដែលចរាចរក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ មានប្រមាណ២០ភាគរយ ខណៈទំហំប្រាក់ដុល្លារ មានប្រមាណ៨០ភាគរយ។ តួលេខនេះ បង្ហាញថា កម្ពុជា​នៅតែមានកម្រិតដុល្លារូបនីយកម្ម​​ខ្ពស់។​
 
ដូច្នេះ​ហើយ ដើម្បីឱ្យដំណើរការចាកចេញពីដុល្លារូបនីយកម្ម​របស់កម្ពុជា មានប្រសិទ្ធភាព និងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច គ្រប់ភាគីទាំងអស់ត្រូវបង្កើនកិច្ចសហការជាមួយធនាគារជាតិ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ 
 
កាលពីថ្ងៃទី២០មីនា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាខួប​លើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ «ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង»  លោកស្រី ជា សិរី បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន-សហគ្រា​ស ពិចារណាលទ្ធភាពក្នុងការបើកប្រាក់បៀវត្សរ៍បុគ្គល ជាប្រាក់រៀល។ លោកស្រី ជឿជាក់ថា ការចូលរួមពីវិស័យឯកជននេះ នឹងធ្វើឱ្យការប្រើប្រាស់ប្រាក់រៀល​កាន់តែច្រើន​ក្នុងសេដ្ឋកិច្ច ដែលជួយដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ដោយនិរន្តរភាព៕ 
 

Tag:
 ប្រាក់រៀល
  ដុល្លារូបនីយកម្ម
  ឌីជីថល​
© រក្សាសិទ្ធិដោយ thmeythmey.com