ជាតិ
មន្រ្តីណែនាំឱ្យពលរដ្ឋថែសុខភាពអំឡុងអាកាសធាតុឡើងកម្ដៅខ្លាំង
06, Apr 2024 , 11:09 am        
រូបភាព
សៀមរាប៖ ស្របពេលដែលអាកាសធាតុកាន់តែក្ដៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កការលំបាកផ្សេងៗ​ដល់ប្រជាពលរដ្ឋ ពិសេសអ្នកដំណើរ និងអ្នកធ្វើការនៅតាមទីវាល។ អាជ្ញាធរ បានណែនាំឱ្យពលរដ្ឋ​ថែរក្សាសុខភាពជាចម្បង ដើម្បីបង្ការពីជំងឺផ្សេងៗ។


អ្នកភូមិលាងដៃ ស្រុកអង្គរធំ អ្នកស្រី ហ៊ុន ងៃ ធ្លាប់បានដួលសន្លប់នៅចម្ការពោត អំឡុងពេលអាកាសធាតុ​ឡើងកម្ដៅខ្លាំងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកស្រីបន្តថា ជារៀងរាល់ថ្ងៃ អ្នកស្រីនិងគ្រួសារ ត្រូវចុះកាច់ពោតកំឡុងម៉ោង២ទៅ៣រសៀល ស្របពេលថ្ងៃកំពុងក្ដៅខ្លាំង ដូច្នេះធ្វើឱ្យសារពាង្គកាយមិ​ន​អាចទប់ទល់នឹងរលកកម្ដៅបាន។

អ្នកស្រី ងៃ រំឭកថា អ្នកស្រីអស់កម្លាំង និងស្ទើរស្ទះខ្យល់ដោយទ្រាំនឹងកម្ដៅខ្លាំងមិនបាន ទើបដួលសន្លប់មួយសន្ទុះ​នៅក្នុងចម្ការពោត កាលពីដើមសប្ដាហ៍ទៅ។ អ្នកស្រីថា ក្នុងខ្លួនក្រហល់ក្រហាល អន្ទះអន្ទែងជាខ្លាំង និងសម្រុកតែផឹកទឹកប៉ុណ្ណោះ ក្រោយងើបពីសន្លប់​នៅពេលនោះ។ អ្នកស្រីរំឭកទៀតថា៖« ថ្ងៃនោះវាក្ដៅខ្លាំង ខ្ញុំដួលនៅស្រែ ហើយក្រោកមកខ្ញុំផឹកទឹកអស់២ផ្ដិល ហើយគិតថា ងាប់ក៏ងាប់ទៅ ព្រោះវាក្ដៅពេក»។

ដើម្បីជួយទប់បញ្ហាអាកាសធាតុនេះ ពេលទៅចម្ការម្ដងៗអ្នកស្រី ងៃ ពាក់មួក និងខោអាវដៃវែង និងឃ្លុំក្រមាជិតមុខ ដើម្បីទប់នឹងចំហាយរលកកម្ដៅខ្លាំង។ អ្នកស្រុកអង្គររូបនេះ កត់សម្គាល់ថា រលកកម្ដៅខ្លាំងចន្លោះពី៣៨ដល់៤១អង់ស្សានេះ កើតមានរយៈពេល៤ថ្ងៃហើយ ហើយស្ថានភាពដូចនេះ គឺប្រហាក់ប្រហែលដូចឆ្នាំទៅមិញដែរ។

ចំណែកកញ្ញា ឆាយ ផាន់នី ពលរដ្ឋនៅក្នុងក្រុងសៀមរាប ក៏បានត្រៀមខ្លួនច្រើនដែរ មុនចេញទៅធ្វើការនៅខាងក្រៅម្ដងៗ នារដូវកាលនេះ។ កញ្ញាបញ្ជាក់ថា រដូវនេះ ធ្វើឱ្យប៉ះពាល់ខ្លាំងផ្នែកប្រព័ន្ធផ្លូវដង្ហើម ដូច្នេះត្រូវការពារ និងពិសារទឹកឱ្យបានច្រើន។ 

ក្រៅពីពិសារទឹកឱ្យបានច្រើន កញ្ញា ផាន់នី ប្រាប់ថា ខ្លួនគេក៏ត្រូវញុំាផ្លែឈើ និងបន្លែណាដែលមាន​សារជាតិទឹកច្រើនផងដែរ ដូចជាឪឡឹក ផ្លែស្វាយ និងតាសក់ជាដើម។ ការណ៍នេះនឹងជួយឱ្យស្បែកមាន សំណើមល្អកុំឱ្យឆាប់ស្ងួត និងឆាប់ហាវហត់។ ការងូតទឹកឱ្យបានច្រើន ក៏អាចកាត់បន្ថយភាពក្ដៅ​នៅក្នុងខ្លួនផងដែរ។ នេះជាការលើកឡើងរបស់កញ្ញា ផាន់នី។ កញ្ញាបន្តថា៖« ជៀសវាងចេញក្រៅពេលថ្ងៃក្ដៅខ្លាំងពេក ចាប់ពីម៉ោង១១ ដល់ម៉ោង៣រសៀល បើអាចនៅក្នុងផ្ទះ ហើយបើចេញក្ដៅ ត្រូវពាក់មួក ពាក់ម៉ាស និងបាំងឆ័ត្រ»។

រីឯអ្នកស្រី ចាន់ ឧត្តមបញ្ញា ដែលធ្វើការនៅទីវាលឯតំបន់អង្គរនោះវិញ ក៏សឹងទ្រាំមិនបានជាមួយនឹង​អាកាសធាតុក្ដៅ​ក្រហល់ក្រហាលយនៅពេលនេះដែរ។ ជាភ្នាក់ងារសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរធំ បញ្ញា ប្រាប់ថា ញើសជោគអាវរាល់ថ្ងៃ បូករួមនិងចំហាយនៃរលកកម្ដៅខ្លាំងនោះ បង្កឱ្យគេឧស្សាហ៍ឈឺក្បាល និងញ័រខ្លួនជារឿយៗផងដែរ។ 

បញ្ញា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះថា៖« យើងជាស្រីរៀងពិបាកបន្ដិច ប្រុសៗពេលក្ដៅខ្លាំងអ៊ីចឹង គេអាចទៅងូតទឹកនៅក្នុងវត្តអីស្រួល យើងវិញជាមួយឯកសណ្ឋានផង ពិបាកណាស់។ សម្រាប់ខ្ញុំមួយថ្ងៃ ប្រឹងផឹកទឹកអស់៣ដប (ចំណុច១លីត្រកន្លះ)»។ 

នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ ក៏ទទួលស្គាល់ពីការកើនឡើងនៃរលកកម្ដៅខ្លាំង ខុសពីរាល់ដងដែរ។ លោកបន្តថា ដោយសារផែនដីទទួលឥទ្ធិពលរលកកម្ដៅព្រះអាទិត្យ ដូច្នេះធ្វើឱ្យសីតុណ្ហភាពក្ដៅខ្លាំងពីពេលនេះ រហូតដល់រដូវចូលឆ្នាំ។ ក្នុងនាមរដ្ឋបាលខេត្ត លោក វណ្ណៈ សំណូមពរឱ្យពលរដ្ឋថែរក្សាសុខភាព និងកុំធ្វើសកម្មភាពនៅក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង និងពិសាទឹក​ឱ្យបានច្រើន។ 

ក្រៅពីនេះ ដើម្បីរក្សាទឹកទុកប្រើប្រាស់នារដូវប្រាំងម្ដងៗ រដ្ឋបាលខេត្តក៏បានចាត់ឱ្យមន្រ្តីនៅតាមមូលដ្ឋាន រៀបចំស្ដារត្រពាំង និងស្រះមួយចំនួនផងដែរ ស្របពេលដែលក្រសួងធនធានទឹក ព្យាករណ៍ថា អាចនឹងខ្វះទឹកប្រើប្រាស់​នារដូវប្រាំងនេះ។ នេះជាការបញ្ជាក់ពីលោក លី វណ្ណៈ។ 

គួរបញ្ជាក់ថា រយៈពេលជិតមួយសប្ដាហ៍មកនេះ រលកកម្ដៅបានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងនោះនៅខេត្តសៀមរាប អាកាសធាតុស្ថិតនៅចន្លោះពី២៩អង់ហ្សាសេនៅពេលព្រឹកព្រលឹម និងឡើងដល់​៤១ឬ៤៣ នៅម៉ោង៤រសៀល៕

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com