កីឡាជាតិ
ជាតិ
FIFA Ranking៖ កម្ពុជានៅទ្រឹង, វៀតណាមបន្តធ្លាក់១០លេខ ឯឥណ្ឌូណេស៊ីឡើង៨លេខ
06, Apr 2024 , 9:59 pm        
រូបភាព
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នៅរក្សាចំណាត់ថ្នាក់ពី​លេខរៀង​ទី​១៧៩ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​មេសា ឆ្នាំ​២០២៤ បើទោះបរាជ័យ២ប្រកួត ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Series អំឡុង FIFA Day។ វៀតណាម ដែលចាញ់ឥណ្ឌូណេស៊ីទាំងពីរជើងនៅជម្រុះ World Cup បន្តធ្លាក់១០លេខ ទៅលេខ១៣៥ ស្របពេល ឥណ្ឌូណេស៊ីឡើង៨លេខ ទៅលេខ១៣៤។ ថៃ រក្សាចំណាត់ថ្នាក់ទី១០១ដដែល។



ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែ ឥណ្ឌូណេស៊ី ទីម័រខាងកើត និងសិង្ហបុរី ប៉ុណ្ណោះដែលកើនចំណាត់ថ្នាក់ក្នុងតារាង FIFA Ranking លើកចុងក្រោយ ស្របពេល កម្ពុជា ថៃ និងព្រុយណេ នៅទ្រឹង។ វៀតាណាម ឡាវ មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី និងហ្វីលីពីន សុទ្ធតែធ្លាក់ចំណាត់ថ្នាក់។
 
​តារាង​ចំណាត់ថ្នាក់​ចុងក្រោយរបស់ FIFA បង្ហាញថា​ក្រុមថៃ នៅរក្សាចំណាត់ថ្នាក់ទី១០១ពិភពលោក និងខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដដែល បន្ទាប់ពីពួកគេ ប្រកួតស្មើ និងចាញ់កូរ៉ខាងត្បូង ក្នុងការប្រកួតជម្រុះ FIFA World Cup ជុំទី២ តំបន់អាស៊ី។ 
 
វៀតណាម បន្តធ្លាក់១០លេខបន្ថែមទៀត ពោលពីលេខរៀងទី១០៥ ទៅ១១៥ ពិភពលោក ដោយសារធ្វើមិនបានល្អនៅវគ្គជម្រុះ World Cup ដោយចាញ់ឥណ្ឌូណេស៊ី ទាំងពីរជើង។ ដណ្តើមបាន៦ពិន្ទុពីវៀតណាម មិនត្រឹមជួយ ឥណ្ឌូណេស៊ី បញ្ចប់ភាពមិនឈ្នះសោះនៅដីវៀតណាមរយៈពេល២០ឆ្នាំនោះទេ ថែមទៀតមានឱកាសខ្ពស់បន្តទៅជុំទី៣ វគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២៦ និងកើនចំណាត់ថ្នាក់រហូតដល់ទៅ៨លេខ។ ឥណ្ឌូណេស៊ី ឡើងពីលេខរៀង១៤២ ទៅ១៣៤ ពិភពលោក។

សៀង ចន្ធា និងកីឡាករហ្គីយ៉ាន អំឡុងការប្រកួតមិត្តភាពអន្តរជាតិ FIFA Series។ រូបភាព៖ FFC
 
កម្ពុជា នៅតែរក្សាចំណាត់ថ្នាក់លេខ១៧៩ ពិភពលោក ទោះរងបរាជ័យទាំងពីរប្រកួតនៅ FIFA Series។ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Felix Dalmaz ប្រកួតចាញ់ក្រុមអាហ្វ្រិកហ្គីណេអេក្វាទ័រ ២-០ និងចាញ់ក្រុមពី CONCACAF ហ្គីយ៉ាន ៤-១។
 
ចំណាត់ថ្នាក់ក្រុមទាំង១១ នៅអាស៊ីអាគ្នេយ៍ ថៃ (១០១) វៀតណាម (១១៥) ឥណ្ឌូណេស៊ី​ (១៣៤) ម៉ាឡេស៊ី (១៣៨) ហ្វីលីពីន (១៤១) សិង្ហបុរី (១៥៥) មីយ៉ាន់ម៉ា (១៦៣) កម្ពុជា (១៧៩) ឡាវ (១៩០) ព្រុយណេ (១៩៤) និងទីម័រខាងកើត (១៩៨)។
 
ជប៉ុន រក្សាកំពូលតារាងតំបន់អាស៊ី និងឈរលេខ១៨ពិភពលោក តាមពីក្រោយដោយអ៊ីរ៉ង់(២០) និងកូរ៉េខាងត្បូង (២៣)។ ដោយឡែក តារាងចំណាត់ថ្នាក់ FIFA Ranking ប្រចាំខែមេសា​ ឆ្នាំ២០២៤ ក្នុងចំណោមក្រុមកំពូលទាំង១០ លំដាប់ពិភពលោក អា​ហ្ស​ង់​ទីន ឈរចំណាត់ថ្នាក់​លេខ​១ដដែល តាមពីក្រោយដោយបារាំង បែលហ្ស៊ិក អង់គ្លេស ​ប្រេ​ស៊ី​ល ព័រទុយហ្កាល់ ហូឡង់ អេស្ប៉ាញ អ៊ីតាលី និង ​ក្រូអាស៊ី៕

Tag:
 FIFA Ranking
© រក្សាសិទ្ធិដោយ thmeythmey.com