ជាតិ
សេដ្ឋកិច្ច
កម្ពុជា បានជំនួយជិត២០លានដុល្លារពីអូស្រា្តលី អនុវត្តសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្ត្រី
09, Apr 2024 , 10:59 am        
រូបភាព
 (រាប់ស្តាំ) លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
(រាប់ស្តាំ) លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានដំណើរការជាផ្លូវការរយៈពេល៤ថ្ងៃហើយមក​។ តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលប្រទេសអូស្រា្តលី នឹងផ្តល់ជំនួយ៣០លានដុល្លារអូស្រ្តាលី (ស្មើនឹងជិត២០លានដុល្លារអាម៉េរិក) ​ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។

 
កម្មវិធី ACCESS 2 នឹងដំណើរការនៅថ្នាក់ជាតិ រួមទាំងខេត្តគោលដៅចំនួនបួន  គឺ សៀមរាប កំពង់ចាម កំពង់ស្ពឺ និងខេត្តរតនគិរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា ស្តីពីការដាក់ឱ្យដំណើរការកម្មវិធី ACCESS 2 នាថ្ងៃទី៥មេសា ដោយបានបញ្ជាក់ថា​ កម្មវិធីនេះ ជាផ្នែកសំខាន់មួយ ជួយគាំទ្រដល់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈដល់ជនមានពិការភាព និងស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ 
 


កម្មវិធីនេះមានរយៈពេល៥ឆ្នាំ (២០២៣–២០២៨) ដែលកម្ពុជានឹងទទួលបានថវិកាពីប្រទេសអូស្ត្រាលី ចំនួន៣០លានដុល្លារអូស្រា្តលី ក្នុងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។ ស្ថានទូតអូស្រា្តលីបានបញ្ជាក់ថា សេវាសាធារណៈនៃកម្មវិធីនេះ សម្រាប់ជនមានពិការភាព គឺមានការស្តារលទ្ធភាពពលកម្ម និងសេវាសាធារណៈប្រកបដោយបរិយាបន្ន។
 
រីឯ សេវាសាធារណៈសម្រាប់ជនរងគ្រោះដោយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ (GBV) គឺមានទាំង ការថែទាំសុខភាព កិច្ចការពារផ្លូវច្បាប់ សេវាសង្គម និងការផ្តល់សេវាសម្របសម្រួលផ្សេងៗ។ ស្ថានទូតអូស្រា្តលីបានលម្អិតយ៉ាងដូច្នេះ៖ « បន្ថែមពីលើការផ្តល់សេវាទាំងនេះ, កម្មវិធី ACCESS 2 ក៏គាំទ្រដល់អង្គការនានា ដែលតំណាងឱ្យជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ដើម្បីចូលរួមក្នុងដំណើរការគោលនយោបាយ និងការរៀបចំផែនការ ផងដែរ​ »៕​

Tag:
 ហិង្សាលើស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com