កីឡាជាតិ
ជាតិ
ពានរង្វាន់ Shopee Cup ជាឱកាសជើងឯកលីគកំពូលកម្ពុជា ប្រកួតជាមួយក្រុមកម្រិត AFC Champions League
09, Apr 2024 , 4:29 pm        
រូបភាព
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន និងជាអនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន និងជាអនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងជាអនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បាននិយាយថា ក្រុមលីគកំពូលកម្ពុជា មិនងាយមានឱកាសប្រកួតជាមួយក្រុមក្នុងតំបន់ផ្សេងទៀត ដែលលេង AFC Champions League ឡើយ។ ប្រធានរូបនេះ និយាយថា Shopee Cup ដែលជាពានរង្វាន់ជើងឯកក្លិបក្នុងតំបន់អាស៊ាន គឺជាឱកាសសម្រាប់ជើងឯកលីគកំពូលកម្ពុជា ប្រកួតជាមួយក្រុមទាំងនោះ។

 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ខៀវ សាម៉េត បានបញ្ជាក់ថា នៅក្នុងតំបន់អាស៊ានមានក្រុមខ្លាំងជាច្រើន ដែលប្រកួតប្រជែងក្នុង AFC Champions League ក្នុងនោះមានដូចជា  Buriram United FC Lion City Sailor និង Johor ជាដើម។ ក្លិបទាំងនោះ មានកីឡាករលំដាប់ពិភពលោក និងមានកម្រិតខ្លាំង។
 
ប្រធាន AFFរូបនេះ យល់ថា ការប្រកួតជាមួយក្រុមខ្លាំង ជាឱកាសសម្រាប់កីឡាករកម្ពុជាតាម​​ បណ្ដា​ក្លិបអភិវឌ្ឍន៍ខ្លួន។ «វាមានប្រយោជន៍ ដោយសារពីមុនមក ក្លិបលីគកំពូលយើង មិនមានឱកាសប្រកួតជាមួយក្លិបធំៗ ដូចជា Buriram United FC ឬ Lion City Sailor ជាដើម។ ពួកគេមានកីឡាករលំដាប់ពិភពលោក។ នៅពេលយើងចូលលេង គឺយើងអាចប៉ះក្រុមធំៗ។ នៅពេលកីឡាករយើង ប៉ះជាមួយក្រុមដែលខ្លាំង កីឡាករយើង អាចអភិវឌ្ឍន៍ខ្លួនឯងបាន។»។ លោក ខៀវ សាម៉េត បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា Shopee Cup មាន១៤ក្រុមចូលរួម និង៤០ប្រកួត ហើយនឹង​ផ្តើមប្រកួត ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ក្រុមចំនួន ១៤នោះ នឹងចែកជា២ពូល ហើយការប្រកួត គិតក្រៅដី និងក្នុងដី (Home and Away)។ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ទទួលបានពីកៅអីសម្រាប់ចូលរួម។ ចំណែក ហ្វីលីពីន និងសិង្ហបុរី ទទួលបាន១កៅអី។ រីឯ ជើងឯកលីគកំពូល ព្រុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹងត្រូវប្រកួតជម្រុះ ដណ្តើមកៅអី៕

Tag:
 ខៀវ សាម៉េត
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com