កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Ancelotti រំពឹងលទ្ធផលល្អនៅជើងទីពីរ ក្រោយស្មើជើងទីមួយទល់ក្រុម Man City
10, Apr 2024 , 11:19 am        
រូបភាព
លោក Carlo Ancelotti ទាមទារឱ្យកីឡាករ ​Real Madrid ធ្វើឱ្យបានល្អ នៅជើងទី២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Champions League។ អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានអះអាងថា ក្រុមទាំងមូលនឹងរក្សាទម្រង់លេងល្អដដែល ក្រោយពេលពួកគេបានព្យាយាមប្រកួតរហូតតាមស្មើក្រុម Manchester City លទ្ធផល ៣-៣ ក្នុងជំនួបជើងទីមួយ។



ខ្សែបម្រើ Bernardo Silva ជាអ្នកបង្កើតឱកាសស៊ុតបាល់នាំមុខសម្រាប់ក្រុម Man City តាំងតែនាទី២ មុនពេល ១០នាទីក្រោយ ខ្សែការពារ Ruben Dias បានភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង ហើយខ្សែបម្រើប្រយុទ្ធវ័យក្មេង Rodrygo ស៊ុតគ្រាប់ទី២ ឱ្យក្រុមម្ចាស់ផ្ទះនាំមុខវិញ នៅវគ្គទីមួយ។
 
​ការស៊ុតដ៏ល្អពីសំណាក់ Phil Foden ក្នុងនាទី៦៦ និង Josko Gvardiol ជួយដល់ក្រុមការពារជើងឯក បើកការនាំមុខជាថ្មីទៅលើម្ចាស់ផ្ទះ ប៉ុន្តែនាំមុខមិនដល់ ៨នាទីផង ពោលនាទី៧៩ ខ្សែបម្រើ Federico Valverde អាចស៊ុតស្វែងរកគ្រាប់បាល់តាមស្មើ ៣-៣​។ 
 
​ជាមួយលទ្ធផលប្រកួតប្រទាញប្រទង់គ្នា អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានសង្កេតឃើញថា ក្រុមរបស់លោកនឹងទទួលបានលទ្ធផលល្អជាងនេះ នៅក្នុងការប្រកួតជំនួបជើងទីពីរនៅសប្តាហ៍ក្រោយ ទោះជាការប្រកួតក្រៅទឹកដីក៏ដោយក្តី។
  


«យើងចង់មានប្រៀប តែត្រូវតែពេញចិត្តលទ្ធផល ព្រោះយើងបានប្រកួតរួចរាល់ហើយ។ ប្រសិនបើយើងធ្វើវានៅក្នុង Manchester រឿងល្អនឹងអាចកើតឡើង។ ដរាបណាយើងមានកម្លាំងក្នុងការដេញតាមដាក់សម្ពាធដណ្តើមបាល់ និងធ្វើឱ្យពួកគេគ្មានភាពងាយស្រួលនោះ យើងនឹងធ្វើបានល្អ ហើយវាក៏ជាការប្រកួតដែលយើងអាចឈ្នះ យើងមាន​ឱកាសយកបាន ៣-១ តែយើងក៏នឹងអាចត្រូវចាញ់ដូចគ្នា។»។ លោក Ancelotti បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
រំឮកពីរដូវកាលមុន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រុមម្ចាស់ពាន ១៤សម័យ Real Madrid បានប្រកួតស្មើទល់នឹងក្រុម Man City លទ្ធផល ១-១ នេះដូចគ្នានៃជំនួបជើងទីមួយ ក្នុងកីឡដ្ឋាន Santiago Bernabeu មុនពេលក្រុមដឹកនាំដោយលោក Pep Guardiola យកឈ្នះក្នុងលទ្ធផល ៤-០ នៅជើងទី២។
  


ខុសពីបង្ហាញក្តីរំពឹងរបស់គ្រូ Real Madrid ប៉ុន្តែលោក ​Pep Guardiola បានរិះគន់ស្ថានភាពទីលានរបស់កីឡដ្ឋាន Santiago Bernabeu ថា ពិបាកលេង ខណៈការកសាងកែលម្អកីឡដ្ឋានកំពុងតែបន្ត។
 
លោក Guardiola បាននិយាយបែបនេះ៖«កីឡដ្ឋានពិតជាគួរចាប់អារម្មណ៍ ពេលនេះពួកគេត្រឹមតែត្រូវការមើលថែទៅលើស្មៅប៉ុណ្ណោះ។ ពួកគេត្រូវតែធ្វើបានឱ្យបានល្អ រឿងដែលបារម្ភតែមួយសម្រាប់ពួកគេគឺរឿងស្មៅមួយប៉ុណ្ណោះ។ ហើយរឿងនេះជាអ្វីដែលកីឡាកររបស់ខ្ញុំបាននិយាយ។»។
 
ដោយឡែកការប្រកួតនៅក្នុងកីឡដ្ឋាន Emirate របស់កាំភ្លើងធំ Arsenal វិញ ក្រុម Bayern Munich បានត្រឹមប្រកួតស្មើទល់នឹងក្រុមម្ចាស់ផ្ទះ លទ្ធផល ២-២ នៃជំនួបជើងទីមួយ UCL វគ្គ ៨ក្រុមចុងក្រោយ៕

Tag:
 Carlo Ancelotti
  Real Madrid
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com