អន្តរជាតិ
បោះឆ្នោតសភាកូរ៉េខាងត្បូង ជាការដាក់ពិន្ទុរដ្ឋាភិបាលលោក យូន
10, Apr 2024 , 11:52 am        
រូបភាព
ប្រជាជនកូរ៉េខាងត្បូង ឈររង់ចាំបោះឆ្នោតនៅព្រឹកថ្ងៃទី១០ ខែមេសា។ រូបភាព AFP
ប្រជាជនកូរ៉េខាងត្បូង ឈររង់ចាំបោះឆ្នោតនៅព្រឹកថ្ងៃទី១០ ខែមេសា។ រូបភាព AFP
កូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែមេសា កំពុងរៀបចំការបោះឆ្នោតសភាដើម្បីជ្រើសរើសតំណាងរាស្រ្ត​ចំនួន៣០០នាក់ សម្រាប់អាណត្តិ៤ឆ្នាំបន្ទាប់។ ជាមួយប្រជាជនប្រមាណ៤៤លាននាក់មានសិទ្ធិបោះឆ្នោត ការបោះឆ្នោតនេះ ត្រូវបានមើលឃើញថា ជាការធ្វើតេស្តលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី យូន សុកយ៉ល ដែលកាន់តំណែងទើបតែបាន២ឆ្នាំ។

 
ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង៦ល្ងាច នៅថ្ងៃទី១០ ខែមេសា មណ្ឌលបោះឆ្នោតចំនួន១៤២៥៩កន្លែង កំពុងបើកទ្វារចាំទទួលប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួន៤៤,២៨លាននាក់ ដែលមានសិទ្ធិបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភាចំនួន ៣០០នាក់។ ក្នុងចំណោមនោះ ប្រជាជនចំនួន ១៣,៨៥លាននាក់ បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចហើយនៅក្នុងការបោះឆ្នោតមុនពេលកំណត់ដែលរៀបចំឡើងនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែមេសា។ 
 
ក្នុងការបោះឆ្នោតលើកនេះ បក្សធំៗចំនួនពីរ គឺបក្សអំណាចប្រជាជន (PPP) ដែលជាបក្សរបស់លោកយូន សុកយ៉ល និងបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំជាងគេ នឹងត្រូវប្រជែងយកអាសនៈនៅក្នុងសភា។ ទោះជាការបោះឆ្នោតសភា ប៉ុន្តែវាគឺសំខាន់ ក្នុងការកំណត់បរិបទនយោបាយនៅកូរ៉េខាងត្បូង ដោយសាររដ្ឋាភិបាលអាចប្រឈមការលំបាកពាក់ព័ន្ធនឹងការដាក់ចេញគោលនយោបាយ ការតែងតាំងមន្រ្តី និងច្បាប់ផ្សេងៗ ប្រសិនបើបក្សប្រឆាំងប្រជាធិបតេយ្យ បន្តមានសំឡេងភាគច្រើនក្នុងសភា។ 
 
បក្សប្រឆាំងដឹកនាំដោយលោក Lee Jae-myung ដែលកំពុងរងបទចោទជាច្រើន បានកាន់កាប់សភាកាលអាណត្តិមុន។ ក្នុងរដ្ឋសភា បក្សប្រជាធិបតេយ្យ មានអាសនៈចំនួន១៦០នាក់ ខណៈបក្សអំណាចប្រជាជនមានសមាជិកត្រឹមតែ ១១៣រូបប៉ុណ្ណោះ ក្នុងចំណោមសមាជិក២៩៧នាក់។ 
 
នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត បក្សកាន់អំណាច និងបក្សប្រឆាំង បានប្រើយុទ្ធសាស្រ្តវាយប្រហារលើគូប្រជែងទៅវិញទៅមក និងរដ្ឋាភិបាល ដើម្បីរកការគាំទ្របន្ថែម ស្របពេលបក្សទាំងពីរសុទ្ធតែមានរឿងអាស្រូវរៀងៗខ្លួន។ ប្រធានបទសំខាន់ៗក្នុងការបោះឆ្នោតលើកនេះ មានដូចជាការឡើងថ្លៃនៃការចំណាយប្រចាំថ្ងៃ, តម្លៃអាហារ និងអំពើពុករលួយជាដើម។ 
 
បក្សកាន់អំណាច PPP បានអំពាវនាវប្រជាជនបោះឆ្នោតឱ្យបក្សខ្លួន ដើម្បីដាក់ទោសលើមេបក្សប្រឆាំង លោកLee និងបក្សប្រជាធិបតេយ្យ ដែលមានទំនោរគាំទ្រសេរីនិយម។ លោក Lee ស្ថិតក្រោមបទចោទអំពើពុករលួយ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍអាផាតមិនចំនួន ២កន្លែង នៅក្រុង Seongnam ស្ថិតនៅភាគខាងត្បូងក្រុងសេអ៊ូល។ 
 
ចំណែកបក្សប្រឆាំង បានព្រមានបើកការស៊ើបអង្កេតលើរឿងអាស្រូវភរិយារបស់លោកប្រធានាធិបតីយូន ពាក់ព័ន្ធនឹងការគ្រប់គ្រងតម្លៃហ៊ុន។ ស្របគ្នានេះ លោកយូន ក៏កំពុងឈឺក្បាលផងដែរ ពាក់ព័ន្ធនឹងរឿងអាស្រូវកាបូប Dior របស់ភរិយា។ 
 
ក្រៅពីបក្សអំណាចប្រជាជន និងបក្សប្រជាធិបតេយ្យកូរ៉េ បក្សនយោបាយផ្សេងទៀតក៏ចូលរួមផងដែរដូចជាបក្សនវានុវត្តន៍ជាតិ (NIP), បក្សកំណែទម្រង់កូរ៉េ (RKP) ដែលដឹកនាំដោយអតីតរដ្ឋមន្រ្តីយុត្តិធម៌ Cho Kuk, បក្សអនាគតថ្មី, បក្សយុត្តិធម៌, បក្សវឌ្ឍនភាព និងបក្សបង្រួបបង្រួមសេរី។ 
 
ក្នុងការស្រង់មតិដោយក្រុមហ៊ុន Gallup Korea នៅខែមុន អ្នកឆ្លើយតបចំនួន ៣៧ភាគរយ បានគាំទ្របក្សកាន់អំណាច, ២៩ភាគរយ បានគាំទ្របក្សប្រជាធិបតេយ្យ និង១២ភាគរយ បានគាំទ្របក្សនវានុវត្តន៍ជាតិ៕

Tag:
 កូរ៉េខាងត្បូង
  ការបោះឆ្នោត
  សភា
© រក្សាសិទ្ធិដោយ thmeythmey.com