ជាតិ
វីដេអូ
សេដ្ឋកិច្ច
ប្រធានសមាគមធនាគារ ជឿជាក់ថា ការប្រើប្រាស់«ប្រាក់រៀល»​នឹងមានកំណើនថែមទៀត
10, Apr 2024 , 1:59 pm        
រូបភាព
លោក រ័ត្ន​ សោភ័ណ ប្រធានថ្មីសមាគមនធនាគារនៅកម្ពុជា(ABC) ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ ស្តីពី ខួបលើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី១០មេសា ឆ្នាំ២០២៤។
លោក រ័ត្ន​ សោភ័ណ ប្រធានថ្មីសមាគមនធនាគារនៅកម្ពុជា(ABC) ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ ស្តីពី ខួបលើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី១០មេសា ឆ្នាំ២០២៤។
ការប្រើប្រាស់ ឬការទូទាត់ជា«ប្រាក់រៀល» នឹងមានកំណើនជាបន្តបន្ទាប់ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ។​​ លោក រ័ត្ន​ សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា(ABC) បង្ហាញសុទិដ្ឋិនិយមបែបនេះ ព្រោះមើលឃើញ ការទូទាត់ជាលុយខ្មែរ ទាំងសាច់ប្រាក់ក្តី ទាំង​ប្រព័ន្ធឌីជីថលក្តី គឺមានភាពទូលំទូលាយ។​

 
សព្វថ្ងៃ កម្ពុជាមានប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធផ្សេងៗទៀត​ ដែលផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រាក់រៀល។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបង្កើតនូវផលិតផលថ្មីៗសម្រាប់សាធារណជន ដូចជា៖ ការសន្សំជាប្រាក់រៀល ទទួលបានអត្រាការប្រាក់ខ្ពស់ជាងដុល្លារ និងកម្ចីជាប្រាក់រៀល មានការប្រាក់ទាបជាដើម។​​
 

ក្នុងសន្និសីទសារព័ត៌មាន​ ស្តីពីខួបលើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី១០មេសា ​លោក​ រ័ត្ន​ សោភ័ណ បានបញ្ជាក់ថា៖ « រហូតដល់ពេលនេះ [ការ]ផ្តល់ឥណទានជាប្រាក់រៀលក្នុងវិស័យធនាគារយើងមានប្រហែល១១ភាគរយ ហើយប្រាក់បញ្ញើជារៀល ក៏មានចំនួនគួរសម បើយើងធៀបនឹង១០-២០ឆ្នាំមុន ចំនួនលុយរៀល[ក្នុងវិស័យធនាគារ] គឺមានចំនួនតិចតួចមែនទែន»។
 
ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល​ឱ្យកាន់តែមានភាពទូលំទូលាយ គឺទាមទារចាំបាច់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងដំណើរផ្លាស់ប្តូរនូវឥរិយាបថសាធារណជន ពីការប្រើប្រាស់ប្រាក់ដុល្លារ​​ មកប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិវិញ ដោយមិនរំខានដល់សកម្មភាព ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើយ។ លោក រ័ត្ន​ សោភ័ណ ជឿជាក់ថា ការចូលរួមពីសាធារណជន នឹងធ្វើឱ្យទំហំប្រាក់រៀល ក្នុងចរន្តសេដ្ឋកិច្ច​ជាតិ កាន់តែមានកំណើនល្អប្រសើរ៕

Tag:
 ហិរញ្ញវត្ថុ
  ប្រាក់រៀល
  លោក រ័ត្ន សោភ័ណ
© រក្សាសិទ្ធិដោយ thmeythmey.com