ជាតិ
សេដ្ឋកិច្ច
ប្រមុខរដ្ឋាភិបាល​លើកពី​កញ្ចប់​ថវិកា​៣០០លាន​ដុល្លារដើម្បី​ដោះស្រាយ​បញ្ហាជំនន់នៅភ្នំពេញ
10, Apr 2024 , 5:54 pm        
រូបភាព
សម្តេច ហ៊ុន​ ម៉ាណែត បានដាក់ផែនការរយៈពេល៥ឆ្នាំក្នុងអាណត្តិដំបូងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ នៅរាជធានីភ្នំពេញ។​ បើតាមសម្តេច ផែនការនេះអនុវត្តពីឆ្នាំ២០២៤តទៅ ក្រោមកញ្ចប់ថវិកា៣០០លានដុល្លារអាម៉េរិក។

 
«គម្រោងនេះផ្តោតសំខាន់លើមុខព្រួញ២។ មុខព្រួញទី១ គឺការបញ្ចៀសទឹក កុំឱ្យបុក ឬហូរមកភ្នំពេញ និងទី២ ការដោះស្រាយប្រព័ន្ធរំដោះទឹកនៅភ្នំពេញដែលមានស្រាប់»។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នាថ្ងៃទី១០មេសា។
 
សម្តេចនាយករដ្ឋមន្ត្រីបន្តរៀបរាប់ថា ស្ថាប័នដែលទទួលខុសត្រូវ ចំពោះការដោះស្រាយប្រព័ន្ធរំដោះទឹកនៅភ្នំពេញដែលមានស្រាប់ គឺមានរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ កិច្ចការនេះ ផ្តោតលើការរៀបចំការកាយប្រឡាយរំដោះទឹក, ស្តារប្រព័ន្ធលូឱ្យធំជាងមុន និងរៀបចំបន្ថែមនូវស្ថានីយបូមទឹកនិងបង្កើនសមត្ថភាពស្ថានីយបូមទឹកនៅរាជធានីភ្នំពេញ។ ផែនការនេះ ត្រូវបានអនុវត្តជាបណ្តើរៗហើយ​ជាមួយនឹងការសិក្សាដោះស្រាយលើផលប៉ះពាល់នានា។ 
 
«ចំពោះការបញ្ចៀសទឹកពីខាងក្រៅ[កុំឱ្យហូរចូលមកភ្នំពេញ] គឺយើងធ្វើយ៉ាងណាធានានូវការដោះទឹក ព្រោះឥឡូវឱ្យតែខែវស្សាពេលខ្លះគឺបុកខ្លាំងពីភ្នំឱរ៉ាល់មកចាល់នៅស្ទឹងត្នោតយើង ហើយបុកចូលភ្នំពេញយើង»។ នេះជាការលើកឡើងរបស់សម្តេច ដែលភារកិច្ចនេះទៅឱ្យក្រសួងធនធានទឹក និងឧតុនិយម​ ជាអ្នកអនុវត្ត។​
 
បើតាមសម្តេច គម្រោងនេះគឺធ្វើយ៉ាងណារំដោះទឹកឱ្យបានច្រើន ដើម្បីឱ្យដាក់សម្ពោធ ឬហូរចូលស្ទឹងព្រែកត្នោតតាមរយៈការបញ្ចៀសទឹកចូលទៅកាន់ទន្លេបាទីខេត្តតាកែវ ទន្លេបាសាក់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។​  ប្រព័ន្ធនេះភាគច្រើនពាក់ព័ន្ធទៅនឹងការស្តារប្រឡាយដែលមានស្រាប់។ ក្នុងនោះមានគម្រោងស្តារប្រឡាយធំៗចំនួន៣​ ដូចជា ការស្តារប្រឡាយពីទំនប់រលាំងជ្រៃខេត្តកំពង់ស្ពឺ មកព្រែកហូរ-តាខ្មៅ ប្រវែងជាង២៦០គីឡូម៉ែត្រ, ការជួសជុលកែលម្អស្តារប្រព័ន្ធរំដោះទឹកពីភាគនិរតីនៃភ្នំពេញ និងការគ្រោងប្រព័ន្ធស្រោចស្រព​និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត។
 
ពាក់ព័ន្ធនឹងកិច្ចការងារខាងលើនៃផែនការ៥ឆ្នាំក្នុងអាណត្តិរបស់រដ្ឋាភិបាលថ្មីនេះ គឺធ្វើឱ្យយ៉ាងកុំឱ្យទឹកច្រើនពេកក្នុងរដូវវស្សារហូតដល់លិចលង់ និងខ្វះទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង។ សម្តេច បានអះអាងដូច្នេះ៖ « យើងនឹងខិតខំដោះស្រាយបញ្ហានេះជាបណ្តើរៗបន្តទៀតពីអ្វីដែលបានយើងបានធ្វើរាប់ទសវត្សមកហើយ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងបានល្អប្រសើរ»៕

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com