កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន និង ស្វាយរៀង ឡើងវគ្គផ្ដាច់ព្រ័ត្រ ពានសម្ដេច ហ៊ុន សែន លើកទី១៧
11, Apr 2024 , 11:39 am        
រូបភាព
ភ្នំពេញក្រោន យកឈ្នះក្រុមការពារតំណែងជើងឯក វិសាខា ៤-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន។ ព្រះខ័នរាជស្វាយរៀង ក៏ទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រផងដែរ បើទោះចាញ់បឹងកេត នៅជើងទី២ ក្នុងលទ្ធផល ១-២ ដោយសរុបទាំងពីរជើងឈ្នះ ៤-៣។ ភ្នំពេញក្រោន និង ស្វាយរៀង នឹងត្រូវដណ្តើមជើងឯក Hun Sen Cup លើកទី១៧ នៅថ្ងៃទី២៨ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

 
ការប្រកួតត្រឹម២០នាទីដំបូង នៃដើមតង់ទី១ នៅកីឡដ្ឋាន Smart RSN នៅថ្ងៃទី១១ ខែមេសា ក្រុមទាំងពីរ បានដាក់សម្ពាធគ្នាទៅវិញទៅមក ដោយមានការព្យាយាមបញ្ចប់ទីជាច្រើនលើក។ ចូលដល់នាទី២៩ កីឡាករ Jonata Bastos ខ្សែប្រយុទ្ធរបស់វិសាខា បានតែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុម បានបំប្លោងបាល់ពីស្លាបស្ដាំចូលក្នុងតំបន់គ្រោះថ្នាក់។ 
 
បន្ទាប់ពីគ្រាប់បាល់ទី១របស់វិសាខា ក្រុមភ្នំពេញក្រោន ដែលជាម្ចាស់ផ្ទះ បានព្យាយាមរកគ្រាប់បាល់ជាបន្តបន្ទាប់ ប៉ុន្ដែមិនបានសម្រេច ដោយ ចប់តង់ទី១ ក្រុមភ្ញៀវ នាំមុខ ១-០។
 
លុះចូលដល់តង់ទី២ វិសាខា លេងទម្រង់ការពារច្រើនជាងប្រយុទ្ធ ខណៈ ភ្នំពេញក្រោន រកវិធីទម្លាយសំណាញ់ទីរបស់គូប្រកួត។ ការព្យាយាមជាច្រើនលើក និងការប្រឹងវាយសម្រុករបស់កីឡាករ ទាំងសងខាង បានប៉ះទង្គិចគ្នាជាច្រើនលើក។ ៤៥នាទីពេញនៃតង់ទី២ លទ្ធផល នៃការប្រកួតនៅតែ វិសាខានាំមុខ ១-០ ដដែរ។ ការប៉ះទង្គិចច្រើនលើកអំឡុងពេលប្រកួត ដែលចាយពេលយូ អាជ្ញាកណ្ដាល បានបន្ថែម ១០នាទីនៃការប្រកួត។
 
១០នាទី នៃពេលវេលាបន្ថែម បានដុតកម្ដៅឲ្យភ្នំពេញក្រោន ប្រឹងលេងកាន់តែខ្លាំង។ ដោយឡែកនៅ នាទី៩០+១០ ស រតនា របស់វិសាខា អាចមានឱកាសស៊ុត ប៉ុន្ដែអូសបាល់លឿនពេក រហូតផុតពីជើង ហើយត្រូវបាន អ៊ុំ វិចិត្រ អ្នកចាំទីភ្នំពេញក្រោន សង្គ្រោះបាល់បាន។ ចូលដល់នាទី៩០+១៥ កីឡាករ Soe Moe Kyaw របស់ភ្នំពេញក្រោន បានតែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនក្នុងតំបន់គ្រោះថ្នាក់។ លទ្ធផល១-១ នាំឲ្យការប្រកួតឈានដល់ការថែមពេលវេលា ១៥នាទី ២ដង។
 
ភ្នំពេញក្រោន ក្ដាប់ឱកាសយកឈ្នះ វិសាខា ដោយក្នុង៣០នាទីចុងក្រោយនោះ រកបាន៣គ្រាប់បន្ថែម។ ៣គ្រាប់នោះ រកបានដោយ លឹម ពិសុទ្ធ ១គ្រាប់ (នាទី១០៥), ប្រាក់ ធីវ៉ា ១គ្រាប់ (នាទី១១៣) និងកីឡាករ Shimizu Shintaro ១គ្រាប់ (នាទី១២០+២)។ ដោយជើទី១ ក្រុមទាំងពីស្មើគ្នា ២-២ ដូច្នេះសរុបទាំងពីរជើង ភ្នំពេញក្រោន ឈ្នះ វិសាខា ៦-៣។
 
ក្នុងថ្ងៃជាមួយគ្នានោះ ព្រះខ័នរាជស្វាយរៀង បានទម្លាក់ ក្រុមជើងឯករងពានសម្ដេចរដូវកាលមុន ក្លិបបឹងកេត លទ្ធផលទាំង២ជើង ៤-៣។ ការប្រកួតជើងទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត លទ្ធផល៣-១ ចំណែកជើងទី២ បឹងកេត ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១។
 
វគ្គផ្ដាច់ព្រ័ត្រ ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ បឹងកេត និងវិសាខា ប្រជែងយកលេខ៣៕

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com