ជាតិ
សេដ្ឋកិច្ច
ត្រីមាសទី១ ការនាំចេញរបស់កម្ពុជា មានទំហំធំជាងការនាំចូល​ ជាមួយកំណើន១៨ភាគរយ
12, Apr 2024 , 11:49 am        
រូបភាព
សកម្មភាពកម្មការិនី កំពុងធ្វើការក្នុងរោងចក្រមួយកន្លែងនៅភ្នំពេញ (រូបថត៖​ AFP)
សកម្មភាពកម្មការិនី កំពុងធ្វើការក្នុងរោងចក្រមួយកន្លែងនៅភ្នំពេញ (រូបថត៖​ AFP)
៣ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេស-តំបន់ក្នុងពិភពលោក បានជិត១២,៥ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៦ ២៦១ ៦៥៧លានដុល្លារ កើន១៨ភាគរយ ខណៈការនាំចូលមានតម្លៃ ៦​ ២៣៤ ៨៧៨ លានដុល្លារ កើន៦,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 
ស្ថិតិដដែលបានបង្ហាញថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារលំដាប់លេខ១របស់កម្ពុជា ដោយនៅត្រីមាសទី១​ ឆ្នាំ២០២៤ កម្ពុជានាំទំនិញទៅកាន់ទីផ្សារប្រទេសមហាអំណាចពិភពលោកមួយនេះ មានទំហំទឹកប្រាក់ប្រមាណ ២ ០០០លានដុល្លារ កើន៨,៩ភាគរយ។ ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជាទៅវៀតណាមមានកំណើនដល់៥៣ភាគរយ​ ក្នុងទំហំទឹកប្រាក់ជិត ១ ៤០០លានដុល្លារ។​
 
សម្រាប់ប្រទេសចិន គឺជាទីផ្សារទំដាប់ទី៣ ដែលកម្ពុជា​សម្រេចការនាំចេញបាន ៣៦៦លានដុល្លារ ជាមួយកំណើនជាង១១ភាគរយ ខណៈការនាំចេញទៅជប៉ុនសម្រេចបាន ៣៦៥លានដុល្លារ កើនក្នុងអត្រា១៨,៤ភាគរយ។ ប៉ុន្តែរយៈពេលដូចគ្នានេះ ការនាំចេញទៅប្រទេសថៃ ដែលជាទីផ្សារលំដាប់ទី៥របស់កម្ពុជានោះ បែរជាធ្លាក់ចុះ១៤,៥ភាគរយ ទៅវិញ។ 
 
យ៉ាងណាមិញ ការនាំចេញសរុបរបស់កម្ពុជាប្រចាំត្រីមាសទី១​ គឺមានកំណើនគួរឱ្យកត់សម្គាល់ជាមួយនឹងការសម្រេចបាននូវទំហំពាណិជ្ជកម្ម​​ធំជាងការនាំចូល។ លទ្ធផលនេះបង្ហាញឱ្យឃើញពីការកើនឡើងនូវសមត្ថភាពរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់ទំនិញលើទីផ្សារពិភពលោក។
 
បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការនាំចេញរបស់កម្ពុជាមានភាគច្រើនជាទំនិញចាំបាច់និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប​ សម្ភារធ្វើដំណើរ គ្រឿងឧបភោគបរិភោគ(អង្គរ គ្រាប់ធញ្ញជាតិ ត្រី សាច់) គឺនៅតែរក្សាបានកំណើនយ៉ាងល្អប្រសើរ។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ​​ថា៖ « នេះជាសញ្ញាវិជ្ជមានមួយគួរឱ្យមានមោទនភាព ក្នុងនាមយើងជាប្រទេសនាំចេញនូវទំនិញចាំបាច់ ខណៈប្រទេសជាទីផ្សាររបស់មួយចំនួន បានរឹតត្បិត និងសន្សំសំចៃក្នុងការបញ្ជាទិញណាដែលមិនចាំបាច់ »។​ 
 
ជាមួយគ្នានេះ រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម មើលឃើញពីការនាំចូលរបស់កម្ពុជា មានទំហំតូចជាងការនាំចេញ ក៏ព្រោះការធ្លាក់ចុះនូវការនាំចូលសម្ភារប្រើប្រាស់ក្នុងវិស័យសំណង់ រថយន្ត និងគ្រឿងអលង្ការ និងសម្ភារប្រណិតៗ...ជាដើម។  ការណ៍នេះបង្ហាញឱ្យឃើញពីប្រជាពលរដ្ឋក្នុងស្រុកក៏ចាប់ផ្តើមសន្សំសំចៃ លើការចំណាយលើទំនិញដែលមិនចាំបាច់​ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតានតឹង ផងដែរ។ 
 
តាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងកំណើន៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ ហើយឈានដល់៦ភាគរយក្នុងឆ្នាំ២០២៥។ កំណើននេះ គឺ​បានពីវិស័យកម្មន្តសាល និងការស្ទុះឡើងវិញ នៃវិស័យទេសចរណ៍៕

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com