កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើងឈរកំពូលតារាង ក្រោយបំបាក់ Luton ឯ Spurs ចាញ់
× ក្រុមការពារជើងឯក Manchester City បានវិលត្រឡប់ឡើងឈរលើកំពូលតារាងក្របខណ្ឌ Premier League ឡើងវិញ ក្រោយបំបាក់ក្រុមលំដាប់បាតតារាង Luton Town លទ្ធផល ៥-១។ ចំណែកក្រុម Tottenham Hotspur បន្តថយឱកាសប្រជែងកៅអីក្របខណ្ឌ UEFA Champions League ក្រោយពេលបរាជ័យក្រោមថ្វីជើង Newcastle United លទ្ធផល ៤-០។
Man City ឡើងឈរកំពូលតារាងបណ្តោះអាសន្នប៉ុណ្ណោះ ទល់បីជាមាន ៧៣ពិន្ទុ ដ្បិតក្រុម Arsenal និង Liverpool ទាំងពីរត្រូវប្រកួតរៀងៗខ្លួននាថ្ងៃទី១៤ ខែមេសា ក្នុងជំនួបក្របខណ្ឌ Premier League។ ទាំង Arsenal ធ្លាក់ទៅលេខ ២ និង Liverpool លេខ ៣ មាន ៧១ពិន្ទុ ដូចគ្នា។
យ៉ាងណាការឡើងឈរកំពូលតារាងឡើងវិញ គឺជាសញ្ញាប្រាប់ថា Man City កំពុងតែបង្ហាញថាខ្លួនក៏ស្រែកឃ្លានក្នុងការការពារតំណែងជើងឯក ក៏ដូចជាស្វែងរកការឈ្នះពានលីគកំពូលអង់គ្លេសលើកទី៤ ជាប់គ្នា។ ពានរង្វាន់ Premier League រដូវកាល ២០២៣-២៤ តម្រូវឱ្យ Man City, Arsenal និង Liverpool ត្រូវឆ្លងកាត់ការប្រកួតល្អបំផុតជាមួយជ័យជម្នះជាដាច់ខាត ប្រសិនបើក្រុមទាំង ៣ នេះចង់លើកពាន។
ដោយឡែក Tottenham Hotspur ដែលមានក្តីរំពឹងចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង ៤ ដើម្បីកៅអី UCL រដូវកាលក្រោយ កំពុងតែមានភាពរង្គោះរង្គើ ក្រោយចាញ់ការប្រកួត ៤-០ ត្រូវ Newcastle United បំបាក់។ Newcastle United ឡើងមកឈរតំណែងលេខ ៦ ខណៈខ្លួនក៏ជាក្រុមមានក្តីរំពឹងសម្រាប់កៅអីពានរង្វាន់អឺរ៉ុបដូចគ្នា។
Manchester United បន្តទម្លាក់ពិន្ទុ ធ្លាក់ទៅឈរនៅលេខ ៧ ក្រោយពេលប្រកួតស្មើលទ្ធផល ២-២ ទល់នឹងក្រុម AFC Bournemouth។ កីឡាករប្រធានក្រុម Bruno Fernandes ស៊ុតបាល់ ២គ្រាប់ ដើម្បីជួយដណ្តើម ១ពិន្ទុសម្រាប់ក្រុមដឹកនាំដោយលោក Erik ten Hag។
នាតំបន់ខាងក្រោមវិញ Brentford ស្វែងរកបាន ៣ពិន្ទុ ដោយងាយដើម្បីគេចចេញពីបញ្ហាអង្គុយក្បែតំបន់កាត់ចោល ក្រោយពេលបំបាក់លើក្រុមបាតតារាង Sheffield United ដែលត្រូវបានគេដឹងថាអស់ឱកាសរួចទៅហើយនោះ។
ក្រុម Nottingham Forest ក៏បានខកខានឱកាសខ្លួនដូចគ្នាក្នុងការស្វែងរកពិន្ទុ ដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់ បន្ទាប់ពីខ្លួនប្រកួតស្មើ Wolverhampton Wanderer លទ្ធផល ២-២។ Forest ស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ ដោយមានគម្លាត ១ពិន្ទុ ពីក្រុម Luton Town លេខ ៣ បាតតារាង និង ៦ពិន្ទុពីក្រុម Burnley លេខ ២ បាតតារាង ក្រោយពួកគេស្មើ ១-១ Brighton & Hove Albion៕
Tag:
Manchester City
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com