ជាតិ
សង្គមជាតិ
សិល្បករ និង​និស្សិត​សាលា​រចនា បញ្ចេញមនោសញ្ចេតនាតាមរយៈសិល្បៈផ្តិតពីពុម្ព
16, Apr 2024 , 12:00 pm        
រូបភាព
ភ្នំពេញ៖ សិល្បៈផ្ដិតរូបពីពុម្ពប្រមាណ៧០ស្នាដៃរបស់​សិល្បករ និង​និស្សិត នៃ​​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (សាលារចនា) កំពុងដាក់តាំងបង្ហាញនៅ​រាជធានីភ្នំពេញ ដែល​ជា​ផ្នែកមួយ​នៃ​ការ​លើក​កម្ពស់​ភាព​ចម្រុះ​នៃ​សិល្បៈ និង​សិល្បៈផ្តិត​ពីរូបពុម្ព។ ពិព័រណ៌មិន​អចិន្ត្រៃយ៍នេះ មាន​រយៈពេល​១ខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី​៨ ខែ​មេសា ដល់​ថ្ងៃទី​១២ ខែឧសភា នៅសណ្ឋាគារ Plantation Urban Resort & Spa។

ពិព័រណ៌​ក្រោម​ប្រធាន​បទ «គ្មានពេលបញ្ចប់៖ ការបញ្ចេញមនោសញ្ចេតនាតាមរយៈសិល្បៈ» (Timeless: Expressions Through Art) ដែល​ក្រោម​កិច្ច​សហការរៀបចំ​ពីមូល​និធិ Anicca Foundation ប្រមូល​ផ្តុំ​ដោយ​ស្នាដៃចម្រុះនៃ​សិល្បៈ​ផ្តិតពីពុម្ព​។ បើតាម​សាស្ត្រាចារ្យ ច័ន្ទ វិត្ថារិន្ទ ព្រឹទ្ធ​បុរស​រង​នៃមហាវិទ្យាល័យ​សិល្បៈសូនរូប សិល្បៈផ្តិត​រូបពីពុម្ព​ឡើង​វិញ លេច​ជា​រូប​រាងឡើង​វិញ​នៅ​កម្ពុជា​ពី​ឆ្នាំ​២០១១មក ក្រោយ​ការ​បង្កើត​រោង​ជាងចារ «CHAR-RUFA» ដោយមាន​ការ​គាំទ្រ និង​បណ្តុះបណ្តាល​បច្ចេក​ទេស​ពី​សិល្បករម៉ិចស៊ិក។



តាម​ពិតទៅ​ សិល្បៈផ្ដិតរូបពីពុម្ព ធ្លាប់​មាន​ការ​ពេញនិយម​នៅ​កម្ពុជាកាលពីទសវត្សរ៍ទី៥០-៦០ ប៉ុន្តែសិល្បៈនេះស្ទើរតែបាត់បង់ទាំងស្រុង​ដោយសារ​ការបំផ្លិច​បំផ្លាញ​ក្នុង​សម័យ​ខ្មែរក្រហម។ ​លោក ច័ន្ទ វិត្ថារិន្ទ ដែលជាតំណាងសិល្បករសិល្បៈផ្ដិតរូបពីពុម្ពផងដែរនោះ បាន​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​ប្រមូល​ផ្តុំស្នាដៃសម្រាប់ពិព័រណ៌ គឺ​ដើម្បី​បង្ហាញពីភាពសម្បូរបែបនៃសិល្បៈ និងស្នាដៃរបស់សិស្សានុសិស្សគ្រប់ជំនាន់ ដែលមានចំណាយពេលសិក្សាពីសិល្បៈផ្ដិតរូបពីពុម្ព ហើយ​ក៏​ចង់ឱ្យ​សិល្បៈមួយប្រភេទនេះ មានការទទួលស្គាល់ និងស្រឡាញ់ចូលចិត្តពីសំណាក់សាធារណជនផង​ដែរ។
 
«យើងហៅថា timeless ពីព្រោះ ពេលវេលាដែលយើងកំពុងធ្វើដំណើរ អត់ចប់ទេ។ យើងចាប់ផ្ដើម ហើយយើងនឹងបន្តទៅមុខជានិរន្តរ៍។» លោក វិត្ថារិន្ទ បានលើកឡើងដូច្នេះ ដោយបន្ថែមថា ការតាំងពិព័រណ៍នេះ ជាក្ដីសង្ឃឹមបន្ថែមនៃដំណើររបស់សិល្បៈផ្ដិតរូបពីពុម្ព ដែលធ្លាប់បានតាំងបង្ហាញជាច្រើនលើកមកហើយ នៅក្នុងសាលា និងសណ្ឋាគារមួយចំនួន។



បើតាម​ព្រឹទ្ធបុរស​រង សិល្បៈផ្ដិតរូបពីពុម្ពចែកចេញជាបីប្រភេទ​គឺ ការផ្ដិតរូបពីពុម្ពក្ដារ ការផ្ដិតរូបពីពុម្ពជ័រ និងការផ្ដិតរូបពីលោកហៈ មានស្ពាន់ និងសង្កសី ដោយ​ការផលិតស្នាដៃនីមួយត្រូវចំណាយពេល និងកម្លាំង ដែល​ត្រូវ​ធ្វើការដោយដៃផ្ទាល់។
 
លោក​លើក​ឡើងថា ដោយ​បច្ចុប្បន្ន​ រោងជាង CHAR-RUFA​ មានម៉ាស៊ីនបោះពុម្ព​ Lithography Press Machine តែមួយគត់ ទើបការផលិត​ស្នាដៃ និង​សក្តានុពល​នៃ​សិល្បៈមួយ​បែបនេះ មិន​សូវ​មាន​លក្ខណៈសម្បូរបែប បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសដទៃ។
 
«ជំនាញនេះមិនទាន់ដាក់ចូលជាជំនាញត្រូវសិក្សារយៈបួនឆ្នាំ ដូចជំនាញដទៃនៅឡើយទេ។ វាគ្រាន់តែជាវគ្គខ្លី ដែលតម្រូវឱ្យសិស្សរៀន គួបផ្សំនឹងជំនាញរបស់ពួកគេ។ តែយើងកំពុងធ្វើការដើម្បីធ្វើឱ្យជំនាញនេះក្លាយជាជំនាញមួយដែលមានការទទួលស្គាល់។» លោក ច័ន្ទ វិត្ថារិន្ទ បានកត់សម្គាល់យ៉ាងដូច្នេះ។
 


យុវសិស្ស​ ឆាង មករា ជានិស្សិតឆ្នាំទី២ ជំនាញរចនាក្រាហ្វិកនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសិក្សាពីសិល្បៈផ្ដិតរូបពីពុម្ពអស់រយៈពេលបួនខែ មុននឹងរូបគេយកស្នាដៃមកតាំងបង្ហាញក្នុងពិព័រណ៍មួយនេះ។ មករា បានបង្រៀនអ្នកចូលរួមពីរបៀបផលិតស្នាដៃសិល្បៈផ្ដិតរូបពីពុម្ព អំឡុងពេលបើកការតាំងពិព័រណ៍កាលពីថ្ងៃទី៨ មេសា​ ដែលមានអ្នកចូលរួមសាកល្បងធ្វើច្រើនកុះករ។
 
មកពីខេត្តតាកែវ មករា ចាប់អារម្មណ៍ជំនាញសិល្បៈផ្ដិតរូបពីពុម្ព ពីព្រោះសិល្បៈនេះទាមទារឱ្យគេចេះលើសពីការគូររូប ពោលគឺ និស្សិតឆ្នាំទី២រូបនេះ ត្រូវផ្ដិតរូបលើបន្ទះការ ដោយត្រូវសិក្សាពីស្រមោល និងពន្លឺ មុននឹងរូបគេអាចចិតបន្ទះក្ដារឱ្យចេញជារូបរាងដែលគេចង់បាន ប៉ុន្តែការចិតបន្ទះក្ដារត្រូវការការតាំងចិត្តខ្ពស់ ដើម្បីចៀសវាងការចិតខុសខ្សែ​ ដែលអាចធ្វើឱ្យមានការប្រតាកទឹកថ្នាំនៅពេលផ្ដិតវានៅលើក្រដាស។



«ដំបូងៗ រៀងពិបាកដែរ ដោយសារខ្ញុំធ្លាប់តែគូររូបនៅលើក្រដាស។ ឥលូវខ្ញុំត្រូវគូរលើបន្ទះក្ដារ និងចិតក្ដារ។ ពេលខ្លះឈឺដៃខ្លាំង ព្រោះត្រូវប្រើកម្លាំងដើម្បីចិតក្ដារឱ្យចេញជារូបរាង និងផ្ដិតរូបទៅលើក្រដាស។ តែពេលធ្វើយូរៗទៅ ក៏ថ្នឹកដៃ លែងជារឿងពិបាកទៀតហើយ។»​ មករាបានលើកឡើង។
 
និស្សិត​មួយរូបទៀតមកពីខេត្តបន្ទាយមានជ័យ ឆេង ទ្រី បានបង្ហាញពីការពេញចិត្តជាខ្លាំងចំពោះការតាំងពិព័រណ៍នេះ ដោយសារគេបានចូលរួមជាចំណែកដាក់តាំងស្នាដៃ ចែករំលែក និងបង្រៀនសិល្បៈផ្ដិតរូបពីពុម្ពទៅកាន់អ្នក​ទស្សនា។ ដូច មករា ផងដែរ ឆេង ទ្រី​ មើលឃើញពីសារសំខាន់នៃទម្រង់ផ្សេងៗនៃសិល្បៈ ដែលបង្កើតបានជាភាពសម្បូរបែបមួយនៃវិស័យមួយនេះ។
 
សាស្ត្រាចារ្យ ច័ន្ទ វិត្ថារិន្ទ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុះមុតថា សិល្បៈផ្ដិតរូបពីពុម្ព នឹងមានការចាប់អារម្មណ៍ច្រើន និងអាចពង្រីកខ្លួនទៅជាជំនាញមួយដោយឡែក ដែលមានទាំងកម្លាំង និងធនធាន ដើម្បីអភិវឌ្ឍន៍ប្រភេទសិល្បៈមួយបែបនេះ។


 
«សិល្បៈត្រូវមានភាពចម្រុះ ដែលសិល្បករអាចមានជម្រើសក្នុងការបង្ហាញស្នាដៃ។​ បើយើងមានតែភ្លេងសម័យ ហើយអត់ភ្លេងបុរាណបានទេ? សិល្បៈមានការចូលចិត្តផ្សែងៗគ្នា។ នេះជាបំណងរបស់យើង អ្នកជំនាន់ក្រោយ អ្នកដែលចង់ជម្រុញ ទាំងថ្នាក់ដឹកនាំ ពួកយើងទាំងអស់គ្នា សហគមន៍ ចង់ឱ្យវាកើត នឹងនាំខិតខំជម្រុញ។» លោក ច័ន្ទ វិត្ថារិន្ទ បានលើកឡើង៕





© រក្សាសិទ្ធិដោយ thmeythmey.com