អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង្គការ IAEA បារម្ភ​អ៊ីស្រាអែល​វាយប្រហារ​មូលដ្ឋាន​នុយក្លេអ៊ែរ​អ៊ីរ៉ង់
16, Apr 2024 , 1:00 pm        
រូបភាព
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi ។ រូបភាព ៖ AFP
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi ។ រូបភាព ៖ AFP
ប្រមុខ​អង្គការ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហ​ប្រជាជាតិ​​បារម្ភ​ថា ទីក្រុងថែល អាវីវ អាច​វាយ​ប្រហារ​រោងចក្រ​នុយក្លេអ៊ែរ​របស់​​អ៊ីរ៉ង់ បន្ទាប់​ពី​ការ​វាយឆ្មក់​របស់​ក្រុង​តេហេរ៉ង់។

ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយកាលពីថ្ងៃទី ១៥ ខែមេសាថា អ៊ីរ៉ង់បានបិទរោងចក្រនុយក្លេអ៊ែររបស់ខ្លួននៅថ្ងៃទី ១៤ ខែមេសា ដោយសារការបារម្ភពីសុវត្ថិភាព ហើយបានបើកដំណើរការឡើងវិញនៅថ្ងៃបន្ទាប់។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានស្នើឱ្យប្រធាន IAEA ដែលកំពុងបំពេញភារកិច្ចត្រួតពិនិត្យមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ កុំទៅទីតាំងទាំងនេះរហូតដល់ស្ថានភាពស្ងប់ស្ងាត់ទាំងស្រុង។
 
លោក Rafael Grossi និយាយថា ៖« យើងនឹងបន្តការងាររបស់យើងនៅថ្ងៃបន្ទាប់។ នេះមិនប៉ះពាល់ដល់សកម្មភាពអធិការកិច្ចរបស់យើងទេ» ។ នេះបើតាមសារព័ត៌មាន Reuters។ 
 
នៅពេលត្រូវបានសួរអំពីលទ្ធភាពដែលអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក Grossi សង្គត់ធ្ងន់ថា ៖« យើងតែងតែព្រួយបារម្ភអំពីលទ្ធភាពនេះ ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាទីបំផុត» ។
 
IAEA ត្រួតពិនិត្យជាប្រចាំនូវទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ដូចជារោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងទីក្រុង Natanz ជាដើម។ អ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺមានគោលបំណងសម្រាប់រក្សាសន្តិភាព ខណៈលោកខាងលិចចោទប្រកាន់ទីក្រុងតេហេរ៉ង់ពីការព្យាយាមបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។
 
ភាពតានតឹងរវាងអ៊ីរ៉ង់ និង អ៊ីស្រាអែល បានកើនឡើង បន្ទាប់ពីស្ថានកុងស៊ុលអ៊ីរ៉ង់នៅស៊ីរីត្រូវបានវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ដោយបានសម្លាប់មនុស្ស ១៣នាក់ក្នុងនោះមានសមាជិក៧នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ។ អ៊ីរ៉ង់​បាន​ចោទ​អ៊ីស្រាអែល​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ។ 
 
ជាការឆ្លើយតប IRGC នៅយប់ថ្ងៃទី១៣ ខែមេសា និងព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា បានបាញ់បង្ហោះដ្រូន និងបាញ់មីស៊ីលជាង៣០០គ្រាប់ តម្រង់គោលដៅជាច្រើនក្នុងប្រទេសអ៊ីស្រាអែល។ ការវាយប្រហារនេះ បានបង្កការខូចខាតតិចតួចចំពោះអ៊ីស្រាអែល ដោយសារតែប្រព័ន្ធការពារ Iron Dome ដែលផ្តល់ឲ្យអាម៉េរិក អង់គ្លេស បារាំង និងហ្ស៊កដានី បានស្ទាក់ចាប់បាន ៩៩ភាគរយនៃគ្រាប់មីស៊ីលដែលបាញ់ដោយអ៊ីរ៉ង់។
 
នេះ​ជាការ​វាយ​ប្រហារ​លើក​ដំបូង​របស់​អ៊ីរ៉ង់ ​ដែល​សំដៅ​លើ​ទឹកដី​អ៊ីស្រាអែល​ដោយ​ផ្ទាល់​បន្ទាប់​ពី​មាន​ភាព​តានតឹង​ជាច្រើន​ឆ្នាំ។ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​លើ​ពេល​វេលា​និង​វិធីសាស្ត្រ​នៃ​ការ​អនុវត្ត​នៅ​ឡើយ​ទេ៕ 

Tag:
 អ៊ីស្រាអែល
  អ៊ីរ៉ង់
 ​នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com