អន្តរជាតិ
UN មិនឯកភាពគ្នាក្នុងការផ្ដល់សមាជិកភាពសម្រាប់ប៉ាឡេស្ទីន រូបភាព AP
× គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលកំពុងពិចារណាលើ ពាក្យស្នើសុំរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកមួយនេះ មិនទាន់ ទទួលបានការសម្រេចជាឯកច្ឆ័ន្ទនោះទេ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការ UN ដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែមេសា។
គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងថា អាជ្ញាធរប៉ាឡេស្ទីននៅតែត្រូវបានរំពឹងនឹងជំរុញក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសឱ្យបោះឆ្នោតនៅដើមសប្តាហ៍នេះលើសេចក្តីព្រាងដែល ផ្តល់អនុសាសន៍ឱ្យក្លាយជាសមាជិកពេញលេញនៃស្ថាប័នពិភពលោកមួយនេះ។ សមាជិក ភាពបែបនេះនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនប្រកបដោយប្រសិទ្ធភាពដែលប៉ាឡេស្ទីនបច្ចុប្បន្នមិនមែនជារដ្ឋសមាជិកតែត្រឹមជាអ្នកសង្កេតការណ៍។
យ៉ាងណាមិញ ពាក្យស្នើសុំចូលជាសមាជិកពេញសិទ្ធិរបស់ UN ត្រូវតែអនុម័តដោយក្រុមប្រឹក្សាសន្តិសុខដែលអ៊ីស្រាអែលជាសម្ព័ន្ធមិត្តអាម៉េរិកអាចជំរុញឱ្យរារាំងសំណើនេះបាន។ បន្ថែមពីនេះ សមាជិកភាពត្រូវការការអនុម័តយ៉ាងតិចពីរភាគបីនៃមហាសន្និបាត UN ។
«ទាក់ទងនឹងបញ្ហាថា ពាក្យស្នើសុំបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់សមាជិក ភាពឬយ៉ាងណា...គណៈកម្មាធិការមិនអាចផ្ដល់អនុសាសន៍ជាឯកច្ឆ័ន្ទដល់ក្រុមប្រឹក្សាសន្តិសុខបានទេ»។ គណៈកម្មាធិការលើកឡើងក្នុងរបាយការណ៍ខាងលើបែបនេះដោយបន្ថែមថា ពួកគេបង្ហាញពីទស្សនៈផ្សេងៗគ្នា។
អាម៉េរិកកាលពីដើមខែមេសាធ្លាប់សម្គាល់ថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យគួរតែកើតឡើង តាមរយៈការចរចាដោយផ្ទាល់រវាងភាគីនានា និងមិនមែននៅUN នោះឡើយ។
ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តជាយូរយារមកហើយនូវចក្ខុវិស័យនៃរដ្ឋពីរដែលរស់នៅ ក្បែរគ្នាក្នុងព្រំដែនដែលមានសុវត្ថិភាព និងត្រូវបានទទួលស្គាល់។ ប៉ាឡេស្ទីន ចង់បានរដ្ឋមួយ នៅ West Bank ខាងកើត Jerusalem និងកាហ្សាស្ទ្រីបដែលជាទឹកដីទាំងអស់ដែលអ៊ីស្រាអែល បានក្ដោបយកក្នុងឆ្នាំ ១៩៦៧។
គួរបញ្ជាក់ថា ការជំរុញរបស់ប៉ាឡេស្ទីនសម្រាប់សមាជិកភាពពេញលេញនៅ UN កើតឡើង បន្ទាប់ពីរយៈពេលប្រាំមួយខែនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សា ហើយខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅ នៅតំបន់ West Bank ដែលខ្លួនកាន់កាប់៕
Tag:
UN
អុីស្រាអែល
ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com