កីឡាជាតិ
ជាតិ
ក្បាច់គុនខ្មែរ នឹងមានអ្នកស្គាល់ច្រើន តាមរយៈការធ្វើម្ចាស់ផ្ទះគុនចម្រុះជើងឯកអាស៊ី នៅកម្ពុជា កីឡាករ ចាន់ រតនា ប្រកួត One Champions រូបពី One Champions
× សហព័ន្ធកីឡាគុនចម្រុះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ី លើកទី២ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ (The 2nd Asian Mixed Martial Arts Championship 2024)។ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បាននិយាយថា ការធ្វើជាម្ចាស់ផ្ទះប្រកួត ដ៏ធំនេះ គឺដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែរ និងជាការបង្ហាញពីសមត្ថភាពអត្ដពលិកកម្ពុជា លើប្រភេទកីឡាប្រយុទ្ធ។
ទទួលបានសិទ្ធរៀបព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីជាលើកដំបូង ត្រូវបានចាត់ទុកថាសំខាន់ ក្នុងវិស័យកីឡាគុនចម្រុះ ដោយប្រទេសទាំងអស់ក្នុងតំបន់អាស៊ី ត្រូវចូលរួមប្រកួតដណ្តើមយកមេដាយ និងជាទិន្នផលសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ The 6th Asian Indoor and Martial Art Games 2021 នៅប្រទេសថៃ ដែលជាព្រឹត្តិការណ៍ធំប្រចាំទ្វីបអាស៊ី។ ព្រឹត្តិការណ៍ ដែលត្រូវធ្វើនៅប្រទេសថៃចុងឆ្នាំ ២០២៤ ដំបូងឡើងត្រូវធ្វើនៅឆ្នាំ២០២១ ប៉ុន្ដែត្រូវបានម្ចាស់ផ្ទះថៃ ពន្យារពេលជាច្រើនលើក ព្រោះបញ្ហាកូវីដ-១៩។
លោក ជឹម ធារ៉ា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នឹងមានប្រទេសក្នុងទ្វីបអាស៊ីចូលរួមច្រើន បើទោះជាមិនគ្រប់ ៤៥ប្រទេស ក៏ដោយ។ «យើងដឹងថាការប្រកួតនេះនឹងមានប្រទេសចូលរួមច្រើន ព្រោះការប្រកួតនេះ មិនត្រឹមតែជាការប្រកួតដណ្តើមជើងឯកអាស៊ីនោះទេ ប៉ុន្ដែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសជាសមាជិកសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ីត្រូវប្រកួតឆ្លងវគ្គជម្រុះ (Qualified) ដើម្បីទទួលបានសិទ្ធិចូលរួមព្រឹត្តិការណ៍ប្រកួត the 6th Asian Indoor and Martial Art Games 2021 នៅចុងឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំទ្វីបអាស៊ីចម្រុះប្រភេទកីឡា និងពហុវិញ្ញាសា មានប្រទេសចូលរួមចំនួន ៤៥ប្រទេស។»។
មូលហេតុ ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កម្រិតអាស៊ីនេះ លោក ជឹម ធារ៉ា រៀបរាប់ថា ដោយសារសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី សម្លឹងឃើញកម្ពុជា មានសក្ដានុពល ជាពិសេសភាពសម្បូរបែបនៃក្បាច់គុន ដូចជាល្បុក្កតោ និងប្រដាល់គុនខ្មែរ ជាដើម។
ដោយឡែក ការធ្វើជាម្ចាស់ផ្ទះនេះ មានសារៈសំខាន់ ចំពោះវិស័យកីឡាយុទ្ធគុនចម្រុះកម្ពុជា ព្រោះជាឱកាសសម្រាប់សហព័ន្ធក្នុងការផ្សព្វផ្សាយ និងបង្ហាញពីវឌ្ឍនភាព នៃវិស័យកីឡាមួយនេះ។ លោក ជឹម ធារ៉ា ក៏បានបន្ថែមទៀតថា ក្រៅអំពីផ្សព្វផ្សាយកីឡាគុនចម្រុះកម្ពុជា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសបង្ហាញថា ក្បាច់គុនខ្មែរ អាចយកមកប្រកួតជាមួយវិញ្ញាសាប្រយុទ្ធផ្សេងៗ គ្រប់ទម្រង់ទាំងអស់ ហើយក៏ជាការបង្ហាញពីសក្ដានុពលរបស់អត្ដពលិកកម្ពុជា ផងដែរ។
«យើងធ្វើជាម្ចាស់ផ្ទះនេះ ទី១គឺយើងមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីកីឡាយុទ្ធគុនចម្រុះ (MMA)នេះទៅកាន់ប្រជាជនកម្ពុជាឱ្យបានទូលំទូលាយ។ ទី២ យើងចង់ផ្សព្វផ្សាយអំពីសិល្បៈក្បាច់គុនដើមរបស់ខ្មែរទៅកាន់ពិភពលោក ដែលអាចបញ្ជាក់បានថាសិល្បៈក្បាច់គុនរបស់យើងក៏មានសក្តានុពល បច្ចេកទេស និងអាចចូលរួមប្រកួតប្រជែងជាមួយសិល្បៈក្បាច់គុនផ្សេងៗទៀតបានផងដែរក្នុងក្របខណ្ឌការប្រកួតកីឡាយុទ្ធគុនចម្រុះអន្តរជាតិនានា។»។។ លោក ជឹម ធារ៉ា បានប្រាប់ដូច្នេះ។
គួរបញ្ជាក់ផងដែរថា ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី១ ត្រូវបានធ្វើនៅប្រទេសថៃ កាលពីថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៣ ដោយមាន១៩ប្រទេសចូលរួម។ រីឯកម្ពុជា សហព័ន្ធ បានបញ្ជូនកីឡាករ-កីឡាការិនី៤រូប មានដូចជា៖ កីឡាករ មាស ម៉ើ ឈ្នះមេដាយសំរិទ្ធ, កីឡាករ សូ សុវណ្ណរតនា, កីឡាករ ធាន អាត ឈ្នះមេដាយសំរិទ្ធ១ និងកីឡាការិនី ផល រតនា៕
Tag:
យុទ្ធគុនចម្រុះ
ជឹម ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com