សង្គមអន្តរជាតិ​
អន្តរជាតិ
ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនពីបទយកសពទៅខ្ចីប្រាក់ធនាគារប្រេស៊ីល
18, Apr 2024 , 1:59 pm        
រូបភាព
Erika Vieira Nunes និងបុរសម្នាក់ជិះរទេះរុញនៅធនាគារក្នុងទីក្រុង Rio de Janeiro។ រូបភាព ៖ X/realengotv
Erika Vieira Nunes និងបុរសម្នាក់ជិះរទេះរុញនៅធនាគារក្នុងទីក្រុង Rio de Janeiro។ រូបភាព ៖ X/realengotv
ស្ត្រីម្នាក់នៅទីក្រុង Rio de Janeiro ប្រេស៊ីល បានយកបុរសចំណាស់ម្នាក់ជិះរទេះរុញទៅខ្ចីលុយពីធនាគារ។ បុរសចំណាស់នោះ បានទទួលមរណភាពជាច្រើនម៉ោងមកហើយ។ 

 
លោកស្រី Erika Vieira Nunes បានរុញបុរសវ័យ ៦៨ឆ្នាំនៅលើកៅអីរុញទៅកាន់ធនាគារក្នុងទីក្រុង Rio de Janeiro នៅថ្ងៃទី១៦ ខែមេសា ហើយបានស្នើសុំប្រាក់កម្ចីចំនួនប្រមាណ ៣ ២៥០ដុល្លារ ដោយប្រើឈ្មោះបុរសវ័យចំណាស់នោះ ដែល​មាន​ឈ្មោះថា​ Paulo Roberto Braga។
 
កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅពេលលោកស្រី Nunes ឱ្យលោក Braga កាន់ប៊ិចដើម្បីចុះហត្ថលេខាលើឯកសារខ្ចីប្រាក់ បុរសនោះមិនមានប្រតិកម្មអ្វីឡើយ។ នាងបានប្រាប់ និងកាន់ដៃបុរសដែលទទួលមរណភាពនោះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ដោយលោក Braga មិនមានប្រតិកម្មអ្វី លោកស្រី Nunes ​បានអះអាង​ថា​៖ «​គាត់​ប្រហែលមិនស្រួល ​ខ្ញុំ​នឹង​យក​គាត់​ទៅ​មន្ទីរពេទ្យ​»​។
 
បុគ្គលិក​ធនាគារ​កាន់តែ​មានការ​សង្ស័យ​នៅពេលក្បាល​របស់​បុរស​នោះ​ចេះតែ​ផ្អៀង​ទៅ​ក្រោយ និង​​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស​។ បន្ទាប់ពីប៉ូលិសមកដល់ បុរសនោះត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយលោកស្រី Nunes ត្រូវបានចាប់ខ្លួនភ្លាមៗ។
 
លោកស្រី Nunes ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សម​គំនិត​ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​លួច​ទ្រព្យ​សម្បត្តិ​ដោយ​ការ​ក្លែង​បន្លំ និង​ការ​រំលោភ​បំពាន​លើ​រូបរាងកាយ។ មេប៉ូលិស Fabio Luiz Souza បាននិយាយនៅក្នុងរបាយការណ៍ព័ត៌មាន របស់ Bom Dia Rio នាថ្ងៃទី១៧ ខែមេសា ថា ៖«នាងដឹងថាគាត់បានស្លាប់ ហើយបុរសនោះបានស្លាប់យ៉ាងហោចណាស់ ២ម៉ោងមុន»។ លោកសង្គត់ធ្ងន់ថា៖«ក្នុង​រយៈ​ពេល ២២ឆ្នាំ​ក្នុង​នាម​ជា​ប៉ូលិស ខ្ញុំ​មិន​ដែល​ជួប​ករណី​បែប​នេះ​ទេ»។
 
លោកស្រី Ana Carla de Souza Correa មេធាវីរបស់លោកស្រី Nunes បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយបានបញ្ជាក់ថា បុរសនោះនៅមានជីវិតនៅពេលទៅដល់ធនាគារ។ មេធាវីបាននិយាយថា៖ «អ្វីៗទាំងអស់នេះនឹងត្រូវបានជម្រះ។ យើងជឿថា​ លោកស្រី Nunes គឺគ្មានកំហុស»។ មេធាវីបន្ថែមថា មានសាក្សី។
 
លោក Souza និយាយថា លោកកំពុងស៊ើបអង្កេតថាតើលោកស្រី Nunes ពិតជាក្មួយស្រីរបស់បុរសនោះដែរឬទេ។ លោក​បាន​និយាយ​ថា​៖ «​នរ​ណា​ដែល​មើល​រូបភាព​បាន​ថតក្នុងកាម៉េរា សុទ្ធ​តែ​ឃើញ​ថា​បុរសម្នាក់​នោះ​ស្លាប់​បាត់ហើយ​»​៕ 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com