ជាតិ
លោក ហួត សុធី ត្រូវបានផ្លាស់ពីស្នងការខេត្តឧត្តរមានជ័យ មកខេត្តសៀមរាប លោក ហួត សុធី ពេលប្រកាសឡើងកាន់តំណែងជាស្នងការខេត្តសៀមរាប នាថ្ងសទី១៨ មេសា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តសៀមរាប។ រូបភាពពីហ្វេសប៊ុក ស្នងការនគរបាលជាតិ លោក ស ថេត
× សៀមរាប៖ អតីតស្នងការខេត្តឧត្តរមានជ័យ លោក ហួត សុធី ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោក តេង ច័ន្ទណាត ដែលប្ដូរទៅខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសផ្ទេរ និងតែងតាំងស្នងការថ្មីខេត្តសៀមរាប ធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមវត្តមានលោក ស ថេត អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ។
ក្នុងពេលប្រកាសចូលកាន់តំណែងនោះ លោក ហួត សុធី បានប្ដេជ្ញាថានឹងស្មោះត្រង់ចំពោះជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការតម្កល់ប្រយោជន៍ជាតិជាធំ និងធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាដើម។
គួរបញ្ជាក់ថា លោក ហួត សុធី ធ្លាប់កាន់តួនាទីជាស្នងការរងខេត្តសៀមរាប ទទួលបន្ទុកផែនសន្ដិសុខ មុន នឹងក្លាយជាស្នងការខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ ចំណែកលោក តេង ច័ន្ទណាត ឡើងជាស្នងការខេត្តសៀមរាប ដំណាលគ្នានោះដែរ គឺឡើងពីស្នងការរងទទួលផែននគរបាលចរាចរណ៍ ។ លោកឡើងជាស្នងការជំនួសលោក ទិត្យ ណារ៉ុង ដែលដល់អាយុចូលនិវត្តន៍នៅពេលនោះ។ លោក តេង ច័ន្ទណាត ផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ឆ្នាំង ខណៈស្នងការចាស់ លោក ខូវ លី ដូរទៅ កាន់តួនាទីដដែលនៅខេត្តឧត្តរមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com