៣ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀង សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់(អាសិប/ RECP)បានប្រមាណ ៨ ៣៦៤លានដុល្លារ។ ទំហំនេះបាន កើនឡើង ក្នុងអត្រា ១៤,៧២ភាគរយ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២៣។
របាយការណ៍ពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាមានប្រមាណ ២ ៦៩៥,៦៥ លានដុល្លារ កើន ជាង ២៥,៧៦ភាគរយ។ រីឯការនាំចូលវិញពីប្រទេសដៃគូវិញមាន ៥ ៦៦៩,១៤ លានដុល្លារ កើន ១០, ១៣ភាគរយ។
បើតាមលោក ប៉ែន សុវិជាតិ ការនាំចេញរបស់កម្ពុជា ភាគច្រើនជាទំនិញចាំបាច់ និងសម្ភារប្រើប្រាស់ ប្រចាំថ្ងៃ ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ គ្រឿងឧបភោគបរិភោគ(អង្គរ គ្រាប់ធញ្ញជាតិ ត្រី សាច់) គឺនៅតែរក្សាបានកំណើនយ៉ាងល្អប្រសើរ។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «នេះជាសញ្ញាវិជ្ជមានមួយគួរឱ្យមានមោទនភាព ក្នុងនាមយើងជាប្រទេសនាំចេញនូវទំនិញចាំបាច់ ខណៈប្រទេសជាទីផ្សាររបស់មួយចំនួន បានរឹតត្បិត និងសន្សំសំចៃក្នុងការបញ្ជាទិញណាដែលមិនចាំបាច់ »។
គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិកផងនោះ ត្រូវបានចូលជាធរមាន នៅថ្ងៃទី១មករា ឆ្នាំ២០២២ បន្ទាប់ពីចរចាអស់ជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំសរុបប្រមាណ ២៦,២ទ្រីលានដុល្លារនេះ បានអនុញ្ញាតឲ្យកម្ពុជារួចពន្ធលើទំនិញជាច្រើនពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្ម ជាដើម។
ប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក្រៅពីប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន ក៏មានប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ផងដែរ។
សម្រាប់ត្រីមាសទី១នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេស-តំបន់ក្នុងពិភពលោក បានជិត១២,៧ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៦ ៣១៦,៨៤លានដុល្លារ កើន១៧,១៥ភាគរយ ខណៈការនាំចូលមានតម្លៃ ៦ ៣៨៩,៤០លានដុល្លារកើនជាង៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ នេះបើរបាយការណ៍របស់អ្នកនាំពាក្យរក្រសួងពាណិជ្ជកម្មដដែល៕