អន្តរជាតិ
ក្រៅពីនយោបាយ អនាគតនាយករដ្ឋមន្រ្តីសិង្ហបុរី ឡរ៉ែន វង់ ក៏ជាអ្នកលេងហ្គីតាដ៏ជំនាញ
20, Apr 2024 , 10:40 am        
រូបភាព
លោក ឡរ៉ែន វង់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ លេងហ្គីតា នៅក្នុងឆ្នាំ២០២២។
លោក ឡរ៉ែន វង់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ លេងហ្គីតា នៅក្នុងឆ្នាំ២០២២។
លោកឡរ៉ែន វង់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី ចាប់ពីថ្ងៃទី១៥ ខែឧសភា នឹងក្លាយជានាយករដ្ឋមន្រ្តីសិង្ហបុរីទី៤ បន្ទាប់ពីលោកលី សៀនឡុង កូនប្រុសលោកលី ក្វាន់យូ ស្ថាបនិកសិង្ហបុរី។ លោកឡរ៉ែន ជាបុគ្គលមួយរូប ដែលចូលចិត្តលេងហ្គីតា ហើយពេលខ្លះទិដ្ឋភាពលេងហ្គីតារបស់លោក ក៏ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមផងដែរ។ ហេតុអ្វីរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរីរូបនេះ ចូលចិត្តលេងហ្គីតា?

ផ្តើមពីវ័យ ៨ឆ្នាំ លោក ឡរ៉ែន វង់ បានទទួលហ្គីតាដំបូង ពីឪពុក។ នៅពេលនោះ លោកឡរ៉ែន បានចំណាយពេលចុងសប្តាហ៍ ខ្ចីសៀវភៅភ្លេងពីបណ្ណាល័យ Marine Parade។ បុរសរូបនេះ ចូលចិត្តអ្នកចម្រៀងប្រភេទ Rock, Blues and Soul និង Jazz ដូចជាតារាNina Simone និងElla Fitzgeraldជាដើម។ ក្រៅពីម៉ោងការងារ លោកឡរ៉ែន ជាបុគ្គលដែលចូលចិត្តតន្រ្តី និងចូលចិត្តលេងហ្គីតា។
 
«ការលេងហ្គីតាជួយលោកកាត់បន្ថយស្រ្តេស និងសម្រាក»។ លោក វង់ ត្រូវបានស្រង់សម្ដីក្នុការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៥ ខែមេសា។ 
 
ដ្បិតជាបុគ្គលស្រលាញ់ហ្គីតាខ្លាំង សូម្បីតែពេលទទួលបានអាហារូបករណ៍ទៅសិក្សានៅអាម៉េរិក លោកឡរ៉ែន ក៏មិនភ្លេចស្ពាយឧបករណ៍តន្រ្តីមួយនេះទៅជាមួយផងដែរ។ 
 
នៅក្នុងទិវាគ្រូបង្រៀនក្នុងឆ្នាំ២០២៣ លោកឡរ៉ែន បានលេងហ្គីតា ក្នុងបទ Love Story របស់តារាចម្រៀង Taylor Swift ដើម្បីរម្លឹកគុណគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ ដែលបានចូលរួមចំណែកដល់សង្គម។ ជាការពិត ម្តាយរបស់លោក ឡរ៉ែន ជាគ្រូបង្រៀនម្នាក់ ដែលបានបំពេញការងារមួយនេះរហូតដល់ ៤០ឆ្នាំ។ លោកឡរ៉ែន ក៏ស្រលាញ់ម៉ូតូ និងឆ្កែផងដែរ។
 
ក្រៅពីជំនាញលេងហ្គីតា ឧបនាយករដ្ឋមន្រ្តីរូបនេះ មានប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គម ជាពិសេស TikTok។ ជាញយៗ ប្រធានធនាគារកណ្តាលសិង្ហបុរីរូបនេះ តែងបង្ហោះវីដេអូកម្សាន្ត និងជំនួបជាមួយមេដឹកនាំបរទេសជាដើម។ គិតត្រឹមថ្ងៃទី១៩ ខែមេសា លោក ឡរ៉ែន មានអ្នកតាមដានរហូតដល់១២ម៉ឺននាក់ លើបណ្តាញសង្គម TikTok ខណៈFacebook មានរហូតដល់១៩ម៉ឺននាក់។ បុរសរូបនេះ ក៏លេងបណ្តាញសង្គម X ផងដែរ ដែលមានអ្នកគាំទ្រជិត ៥ម៉ឺននាក់៕

Tag:
 (សិង្ហបុរី)
© រក្សាសិទ្ធិដោយ thmeythmey.com