ជាតិ
សម្ដេច ហ៊ុន សែន សោកស្ដាយដែលជំនួយ១០ម៉ឺនដុល្លារ​របស់​សម្ដេច ​មិនអាចជួយជីវិតលោក សំបូរ មាណ្ណារ៉ា
21, Apr 2024 , 11:00 am        
រូបភាព
ពិធីបុណ្យសពលោក សំបូរ មាណ្ណារ៉ា។ រូបភាពពីហ្វេសប៊ុក PUC
ពិធីបុណ្យសពលោក សំបូរ មាណ្ណារ៉ា។ រូបភាពពីហ្វេសប៊ុក PUC
ភ្នំពេញ៖ ក្រោយ​ផ្ញើសារ​រំលែកទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា សម្ដេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក៏​បាន​បន្ត​ចែករំលែក​វីដេអូ​ចុងក្រោយរបស់លោក សំបូរ មាណ្ណារ៉ា អម​ដោយ​ពាក្យ​ពេចន៍​ស្ដាយ​ស្រណោះ។ ក្នុង​សារ​ដែល​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​របស់សម្ដេច នាយប់​ថ្ងៃទី​២០ មេសា សម្ដេច ហ៊ុន សែន បាន​រំឭកពី​ការ​ផ្ដល់​ជំនួយ​១០ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺកាលពី២ខែមុន។

មរណភាពរបស់លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត បាន​ធ្វើ​ឱ្យ​មាន​ការ​សោក​ស្ដាយពី​សំណាក់ព្រះសង្ឃ និស្សិត ​សាធារណជន មន្រ្តី​រាជការ និង​អ្នកនយោបាយ ជាដើម។ ការបាត់បង់លោក សំបូរ មាណ្ណារ៉ា ត្រូវ​បាន​គេចាត់ទុកថា​​​ជា ការ​​បាត់​បង់​ធនធានមនុស្ស​ដ៏​ឆ្នើម​ម្នាក់របស់​កម្ពុជា។ 
 

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមពិធីបុណ្យសពលោក សំបូរ មាណ្ណារ៉ា។ រូបភាពពីហ្វេសប៊ុក PUC

នៅ​ម៉ោង​ប្រមាណ ១០​យប់ ថ្ងៃទី​២០ មេសា សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្នជា​ប្រធា​ន​ព្រឹទ្ធសភា បាន​បង្ហោះ​វីដេអូ​ចុងក្រោយ​របស់​លោក សំបូរ មាណ្ណារ៉ា ដែល​មានរយៈពេល​ជាង២នាទី។ វីដេអូ​នោះ ជា​សារ​ដាស់តឿនយុវជនខ្មែរ ​ក្នុងការ​ឱ្យ​តម្លៃ​ប្រទេសជាតិ ជាពិសេស​វប្បធម៌ជាតិ។
 
ក្នុង​សំណេរអមជាមួយវីដេអូខាងលើ សម្ដេច ហ៊ុន សែន បានរៀបរាប់ថា​ សាររបស់​លោក សំបូរ មាណ្ណារ៉ា មានសារៈសំខាន់ខ្លាំងណាស់។ សម្ដេច ហ៊ុន សែន សរសេរថា៖«ទោះបីពេលនេះ លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយពីពួកយើងហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប»។

អត្ថបទទាក់ទង

 
ប្រធាន​ព្រឹទ្ធសភារូបនេះ បាន​អរគុណលោក សំបូរ មាណ្ណារ៉ា ដែលបានជួយសម្ដេច និងកូនប្រុស គឺ​សម្ដេច ហ៊ុន ម៉ាណែត ក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជាមួយ​គ្នានេះ សម្ដេច ហ៊ុន សែន ក៏​បាន​រំឭកពីការ​​ផ្ដល់ជំនួយរបស់សម្ដេច និងភរិយា ចំនួន១០ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺ​លោក សំបូរ មាណ្ណា កាលពី២ខែមុន ផងដែរ។ សម្ដេច បន្តសរសេរថា៖ «ជំនួយនេះ មិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេ ប្រហែលមកពីយឺតពេល។ ខ្ញុំសូមជូនដំណើរលោកសាស្ត្រាចារ្យត្រឹម នេះនិងសូមជម្រាបលាដោយគ្មានពេលជួបវិញ»។
 
គួរ​បញ្ជាក់ថា លោក សំបូរ មាណ្ណារ៉ា ​ បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២៤ ក្នុង​ជន្មាយុ ៦៧ឆ្នាំ ដោយ​រោគាពាធ នៅ​មន្ទីរពេទ្យកាល់ម៉ែត។ សពរបស់លោក នឹងតម្កល់ធ្វើ​បុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

Tag:
 ហ៊ុន សែន
  សំបូរ មាណ្ណារ៉ា
  ប្រវត្តិសាស្រ្ត​
© រក្សាសិទ្ធិដោយ thmeythmey.com