ជាតិ
សង្គមជាតិ
កម្ពុជា ខកចិត្តចំពោះការចោទពីអ្នកជំនាញអង្គការសហប្រជាជាតិ លើការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស
21, Apr 2024 , 3:20 pm        
រូបភាព
លោក អ៊ិន តារា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីស និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
លោក អ៊ិន តារា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីស និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
កម្ពុជា ខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN)ដែលចោទប្រកាន់កម្ពុជា ថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី១៨មេសា។  ជុំវិញនៃការចោទប្រកាន់នេះ កម្ពុជាប្រកាសច្រានចោល ហើយបានលើកឡើងថា ការចោទពីក្រុមអ្នកជំនាញរបស់UN គឺជាការភ័ន្តច្រឡំ ដែលនាំឱ្យមានការយល់ខុសទាំងស្រុង មិនឆ្លុះបញ្ចាំងពីតថភាពលម្អពលរដ្ឋ និងនយោបាយនៅកម្ពុជា។

 
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា សិទ្ធិមនុស្ស រួមទាំងសេរីភាព បញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី មិនមែនជាសិទ្ធិដាច់ខាតនោះទេ។ សិទ្ធិសេរីភាពទាំងអស់នេះត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវ និងដែនកំណត់ចែងដោយច្បាប់ ដូចមានកំណត់នៅក្នុងបញ្ញត្តិមាត្រា ១៩(៣) មាត្រា ២១ និង មាត្រា ២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងមាត្រា ១៩(២) នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។ 
 
ការអនុវត្តសិទ្ធិ និងសេរីភាពតាមបែបប្រជាធិបតេយ្យមិនអាចផ្តាច់ចេញពីនីតិរដ្ឋ ហើយគោលការណ៍នេះត្រូវអនុវត្តដោយស្មើភាពចំពោះប្រជាពលរដ្ឋទាំងអស់។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានអះអាងថា៖ «  នៅកម្ពុជា ដូច ជានៅបណ្តាសង្គមប្រជាធិបតេយ្យដទៃទៀត ជនល្មើសច្បាប់អាចត្រូវចោទប្រកាន់ និងភាត ទោសដោយផ្អែកលើបទល្មើសដែលខ្លួនបានប្រព្រឹត្ត។ សម្ព័ន្ធជាមួយគណបក្សនយោបាយសហជីពការងារ ឬអង្គការណាមួយនោះ ពុំបានផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ»។ 
 
សេចក្តីប្រកាសព័ត៌ដដែលបានលើកឡើងថា ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការ ផ្តន្ទាទោសបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ គឺមិនមែនដោយសម្ព័ន្ធរបស់គាត់ជាមួយអង្គការពួនជ្រកក្រោម ស្លាកសិទ្ធិមនុស្សណាមួយនោះឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទ ល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះជាទឡឹករណ៍សម្រាប់បុព្វ ហេតុផ្សេងណាមួយនោះឡើយ។
 
ជាមួយគ្នានេះ ការអំពាវនាវឱ្យរាជរដ្ឋាភិបាលថ្មីត្រូវអនុវត្តមាគ៌ានយោយបាយឱ្យខុសពីអតីតកាល និង គោរពតាមការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស...គឺជាការវាយតម្លៃដោយមិនត្រឹមត្រូវ និង អយុត្តិធម៌ ចំពោះស្ថានភាពសិទ្ធិមនុស្ស និងសេរីភាព នៅកម្ពុជា។ 
 
« ជាការគួរឱ្យសោកស្តាយ ដែលកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់និងការពារសិទ្ធិ ប្រជាពលរដ្ឋដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងសមិទ្ធិផលសំខាន់ៗដែលសម្រេចបានជាច្រើន ត្រូវបានគេធ្វើមិនដឹងមិនឮ និងមិនយកចិត្តទុកដាក់ »។  កម្ពុជាបានបង្ហាញការខកចិត្តបែបនេះ​ចំពោះការចោទប្រកាន់របស់ក្រុមអ្នកជំនាញUN ដែលមានបច្ចុប្បន្ននៅកម្ពុជាមានសង្គមស៊ីវិលដែល​មានភាពសេរី និងបើកចំហរជាង៦ ០០០ ស្ថាប័នត្រូវចុះបញ្ជី និងបណ្តាញផ្សព្វផ្សាយឌីជីថល និង ប្រពៃណី របស់សង្គមស៊ីវិល ជាង២ ០០០ស្ថាប័ន ត្រូវបានប្រតិបត្តិការដោយគ្មានការត្រួតពិនិត្យតាមដានអ្វីឡើយនៅកម្ពុជា។ 
 
ទូតខ្មែរនៅទីក្រុងហ្សឺណែវបន្តអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២០មេសាថា៖ « សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា កំពុងមានការវិវត្ត ហើយរាជរដ្ឋាភិបាលកម្ពុជា រក្សាបន្តប្តេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សបន្ថែមទៀត ក្នុងព្រំដែននីតិរដ្ឋ និងស្ថាប័នទទួលខុសត្រូវ»

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com