ជាតិ
សង្គមជាតិ
El Nino ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ប្រាប់មន្ត្រីឱ្យអន្តរាគមន៍បន្ទាន់ចំពោះអណ្តូងខូច ស្រះ​ រីងស្ងួត...
21, Apr 2024 , 5:20 pm        
រូបភាព
រូបតំណាង៖ សកម្មភាពស្តារប្រឡាយនៅកន្លែងនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រូបថត៖ ពីក្រសួងធនធានទឹក និងឧតុនិយម
រូបតំណាង៖ សកម្មភាពស្តារប្រឡាយនៅកន្លែងនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រូបថត៖ ពីក្រសួងធនធានទឹក និងឧតុនិយម
សព្វថ្ងៃ​កម្ពុជា​ ក៏ដូចជាបណ្តាប្រទេសមួយចំនួនក្នុងតំបន់កំពុងទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យមានគ្រោះរាំងស្ងួត ដោយសារធាតុអាកាសក្តៅហួតហែងខ្លាំងខុសប្រក្រតី។​ បញ្ហានេះធ្វើឱ្យតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់ និងទឹកបរិភោគជាប្រចាំថ្ងៃ។ ដើម្បីដោះស្រាយ​បញ្ហានេះ ក្រសួងអភិវឌ្ឍន៍ជនបទ​បានប្រាប់មន្ត្រីឱ្យអន្តរាគមន៍បន្ទាន់ចំពោះអណ្តូងខូច និងស្រះទឹករីងស្ងួត។

ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្តី្រគ្រប់ជាន់ថ្នាក់ ចាប់ពីរដ្ឋលេខាធិការ ដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ឱ្យចុះពិនិត្យមើល ស្រះទឹក អណ្តូង និងមានវិធានការចាំបាច់។ ពិសេសត្រូវផ្តល់ កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ជាដើម ដើម្បីឆ្លើយតបនឹងការខ្វះខាត ទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
 
សេចក្តីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទនាថ្ងៃទី១៩មេសា បន្តរៀបរាប់ថា មន្ត្រីត្រូវណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ងាយរងគ្រោះដោយសារកង្វះខាតទឹក។ លើសពីនេះ  ត្រូវបានប្រាប់ពលរដ្ឋនៅក្នុងតំបន់ទាំងនោះ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការ ប្រើប្រាស់ទឹកដោយសន្សំសំចៃ។ 
 
ជាមួយគ្នានេះ មន្ត្រីអភិវឌ្ឍន៍ជនបទត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុងស្រុក ដើម្បីជួយរកវិធានការ និងផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ពលរដ្ឋ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។ លើសពីក្រសួងអភិវឌ្ឍន៍ក៏បានប្រាប់ឱ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំងអស់ និងដឹកនាំត្រួតពិនិត្យការផ្គត់ផ្គង់ទឹកជនបទ រួមទាំងចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋ នៅជនបទត្រូវការ។
 
គួរជម្រាបថា ក្រៅពីក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម​ ក៏បានណែនាំមន្ត្រីរបស់ខ្លួន និងប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ​ នាអំឡុងពេលដែលកម្ពុជារងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតកម្តៅអែលនីណូ (El Nino) ផងដែរ៕ 

Tag:
 អកាសធាតុ
  El Nino
© រក្សាសិទ្ធិដោយ thmeythmey.com