RFI
អន្តរជាតិ
អាម៉េរិកសម្រេចដកទ័ពចេញពីនីហ្សេ ដោយសារ​វត្តមានទ័ព និងសព្វាវុធរបស់រុស្ស៊ី?
21, Apr 2024 , 10:00 pm        
រូបភាព
មូលដ្ឋានទ័ពអាមេរិកនៅប្រទេសនីហ្សេ ជំនាញខាងបញ្ជូនដ្រូនទៅប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដានៅតំបន់សាហែល AP - Carley Petesch
មូលដ្ឋានទ័ពអាមេរិកនៅប្រទេសនីហ្សេ ជំនាញខាងបញ្ជូនដ្រូនទៅប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដានៅតំបន់សាហែល AP - Carley Petesch
ដោយ៖ឈាង បុប្ផា/ /RFI ខេមរភាសា
 
បន្ទាប់ពីនៅអល់អែកជាច្រើនខែបន្ទាប់ពីរដ្ឋប្រហារយោធា​នៅនីហ្ស រដ្ឋបាល​លោក​ចូ បៃដិន​នៅទីបំផុត​បាន​សម្រេច​យល់ព្រម​ដកទ័ពចេញពីនីហ្សេ ទៅតាម​ការទាមទារ​ចង់បាន​របស់​របបសឹក។ យោងតាមអ្នកទទួលខុសត្រូវ​អាម៉េរិកជាច្រើនរូបដែល​សុំ​មិនបញ្ចេញឈ្មោះ និង​ស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង​AFP នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី​នីហ្សេ លើកបន្តុបដោយ​របបសឹក នៅទីក្រុង​វ៉ាស៊ីនតោន​ កាលពីថ្ងៃអង្គារ​ទី១៦​មេសា​ អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Kurt Campbell បាន​​យល់ព្រមទទួលសំណើពីអាជ្ញាធរនីហ្សេ​ ដែលចង់ឲ្យអាម៉េរិក​ដកទ័ពចេញពី​នីហ្សេ។

រារែកជាច្រើនខែ ចាប់តាំងពី​ពួកយោធាធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលស៊ីវិលនីហ្សេ, អាម៉េរិក​ កាលពីថ្ងៃ​សុក្រទី ១៩​មេសា បាន​យល់ព្រម​ដកទ័ពជាង​១០០០នាក់​របស់ខ្លួនចេញពី​ប្រទេស​នីហ្សេ។ យោងតាមការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន​បារាំង AFPដែលបាន​ស្រង់សំដី​របស់​អ្នកទទួលខុសត្រូវអាម៉េរិក សុំ​មិនបញ្ចេញឈ្មោះ អនុរដ្ឋមន្រ្តីការបរទេស​អាម៉េរិកលោក Kurt Campbell បាន​យល់ព្រមទទួលសំណើ​របស់​នាយករដ្ឋមន្រ្តី​នីហ្សេ ដែលធ្វើដំណើរទៅទីក្រុង​វ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៦មេសា សប្តាហ៍នេះ។ 
 
ទៅតាម​កិច្ចព្រមព្រៀង​រវាង​ភាគីទាំងពីរ គណៈប្រតិភូអាមេរិក​មួយក្រុមត្រូវធ្វើដំណើរ​ទៅ​ទីក្រុង​នីអាមេ​ នៅ​ប៉ុន្មានថ្ងៃ​ខាងមុខ ដើម្បី​រៀបចំ​ការ​ចាកចេញ​របស់ទាហានអាមេរិក​ពីទឹកដីនីហ្សេ។ ក្រសួងការបរទេស​អាមេរិក​មិនបានបញ្ជាក់ដំណឹងចុះផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មានបារាំង ហើយក៏មិនបាន​​បញ្ជាក់ថ្ងៃខែ​ពិតប្រាកដ​នៃការដកទ័ពអាមេរិក​ចេញពីនីហ្សេ។
 
ទំនាក់ទំនង​អាម៉េរិក និងនីហ្សេ​ចាប់ល្អក់កករ តាំងពី​រដ្ឋប្រហារ​របស់យោធា​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល របស់​លោកប្រធានាធិបតី​បាហ្ស៊ូម។ ដំបូងឡើយ របបសឹកនីហ្សេ​បាន​ទាមទារ​ឲ្យទាហាន​បារាំងជាង​១៥០០នាក់​ចាកចេញពីនីហ្សេ ជាបន្ទាន់ ប៉ុន្តែ អនុញ្ញាត​ឱ្យ​អាមេរិក​នៅបន្ត​ឈរជើង នៅនីហ្សេ។
 
ទើបនៅ​ពាក់កណ្តាល​ខែ​មីនា ​របបសឹកនីហ្សេ​បាន​ប្រកាស​កាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិក មុន​នឹង​​បរិហារ​វត្តមានទ័ពអាមេរិក​នៅនីហ្សេ ដែល​របបសឹកចោទថា ធ្វើឡើងដោយ​អត្តនោម័ត រំលោភរដ្ឋធម្មនុញ្ញ និង​ដែនអធិបតេយ្យភាពរបស់នីហ្សេ។​ នៅមុន​ប្រកាស​កាត់ផ្តាច់ទំនាក់ទំនង​យោធាជាមួយអាមេរិក របបសឹកនីហ្សេ​បានងាក​ទៅ​ចុះកិច្ចព្រមព្រៀងលើ​សហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី។​
 
ដំបូងឡើយ សហរដ្ឋអាមេរិក​មិនទាន់​សម្រេចអ្វី ដោយ​យល់ថា នីហ្សេមិនទាន់​បង្ហាញជំហរច្បាស់លាស់ និង​នៅ​រង់ចាំ​ការបញ្ជាក់ផ្លូវការពីអាជ្ញាធរ​នីហ្សេ នោះបើទោះបីជា​អ្នកទទួលខុសត្រូវយោធា​របស់អាមេរិក​ត្រៀម​ខ្លួនជាច្រើនខែមកហើយ ដើម្បីដកទ័ពចេញពីនីហ្សេ។ ប៉ុន្តែ នៅមួយរយៈចុងក្រោយនេះ សុវត្ថិភាព សន្តិសុខ​របស់​កងទ័ពអាមេរិកជាង១០០០នាក់ដែលប្រចាំការ​នៅ មូលដ្ឋានទ័ពអាកាសអាមេរិក​ នៅ​នីហ្សេ ក្លាយជាកង្វល់ធំ​របស់​វ៉ាស៊ីនតោន​ ពោលគឺ បន្ទាប់ពីមាន​បាតុកម្ម​ជាបន្តបន្ទាប់របស់​ប្រជាជន​នីហ្សេ ប្រឆាំង​នឹង​វត្តមានទ័ពអាមេរិក​នៅ​នីហ្សេ។ កាលពី​ថ្ងៃ​សៅរ៍​ទី ១៣​មេសា កន្លងទៅ ទៅតាម​គំនិតផ្តួចផ្តើម និងអំពាវនាវ​របស់​សមាគមគាំទ្រ​របបសឹក ប្រជាជន​នីហ្សេជាច្រើនរយនាក់​ចុះថ្នល់​ធ្វើបាតុកម្មនៅ មុខសភានីហ្សេ ដើម្បី​ទាមទារ​ឲ្យគេបណ្តេញ​ទាហាន​អាមេរិកចេញពី​នីហ្សេ។
 
កាន់តែ​ស្មុគស្មាញជាងនេះទៅទៀត អាមេរិក​ត្រូវ​ប្រឈម​នឹង​រុស្ស៊ី​ដែល​ទើបបាន​បញ្ជូន​សព្វាវុធ និង​គ្រូបង្វឹក​ទៅ​ប្រទេស​នីហ្សេ កាលពី​២សប្តាហ៍មុន។ បើតាម​ការប្រកាស​របស់​រដ្ឋាភិបាលសឹកនីហ្សេ រុស្ស៊ី​នឹង​ជួយ​កងទ័ពនីហ្សេ​ដើម្បី​ដំឡើង​ប្រព័ន្ធខែលមីស៊ីល​នៅក្នុងទឹកដី​នីហ្សេ នៅក្នុងក្របខ័ណ្ឌនៃ​សហប្រតិបត្តិការយោធានីហ្សេរុស្ស៊ី។
 
ដោយ​ដកទ័ពចេញពី​នីហ្សេ អាមេរិក និងប្រទេស​លោកខាងលិច ដូចជា​បារាំង​បាត់បង់​ទីតាំង​ឈរជើង​របស់ខ្លួន នៅតាម​បណ្តាប្រទេសអាហ្វ្រិកខាងលិច ដែល​ធ្លាក់ម្តងមួយៗ ទៅក្រោម​ឥទ្ធិពលរបស់រុស្ស៊ី និង​ចិន។ នៅ​ក្នុងយុទ្ធនាការតាមកម្ចាត់​​ក្រុមភេរវនិយមអាល់កៃដា ដែលបាន​ធ្វើភេរវកម្ម​បំផ្លាញអគារភ្លោះនៅទីក្រុង​ញូវយ៉កឆ្នាំ ២០០១ អាមេរិក​បាន​ចុះហត្ថលេខាជាមួយ​នីហ្សេ ​នៅ​ឆ្នាំ២០១២ ដើម្បីបង្កើតតាំងមូលដ្ឋានទ័ពអាកាស ចំនួន២ នៅទឹកដីនីហ្សេ។
 
ចំណាយថវិកាសាងសង់ជាង​១០០លាន​ដុល្លារ មូលដ្ឋានទ័ពអាមេរិក​របស់អាមេរិក​ បញ្ជូន​ដ្រូនទៅ​ហោះស៊ើបការណ៍ និង​វាយប្រហារ​ក្រុមជីហាតអ៊ីស្លាម និង​ក្រុមអាល់កៃដា​ ដែលរីកដុះដាល​នៅ​តំបន់សាហែល។ ដោយរបូតបាត់​នីហ្សេ ឲ្យទៅធ្លាក់ក្នុងដៃរបស់​រុស្ស៊ី និង​ចិន​ដែល​ជាអ្នកចាំ​កេងយកប្រយោជន៍​ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច​ពី​បណ្តាប្រទេស​នៅអាហ្វ្រិកខាងលិច អាមេរិក​ត្រូវ​ជួបការលំបាកក្នុងការរកប្រទេស​ថ្មីមួយដើម្បី​តាំងមូលដ្ឋានទ័ពអាកាស បន្ទាប់ពីចាកចេញពីនីហ្សេ ព្រោះថា អាមេរិក​នៅតែចង់បន្តឈរជើង​នៅក្នុងតំបន់អាហ្វ្រិក ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមអង្គការរដ្ឋអ៊ីស្លាម និងក្រុម​អាល់កៃដា។ នៅឆ្នាំមុននេះ មេបញ្ជាការ​កងទ័ពអាមេរិកចំពោះអឺរ៉ុប​និងអាហ្វ្រិក លោកJamees Hecker បាននិយាយថា អាមេរិកកំពុង​ពិចារណា​លើទីតាំង​មួយចំនួន​សម្រាប់​តាំងមូលដ្ឋានទ័ពដ្រូនរបស់ខ្លួននៅអាហ្វ្រិកខាងលិច។ បេណាំង ហ្កាហា និងប្រទេស​កូតឌីវ័រ​ជាប្រទេសមានទំនាក់ទំនង​ជាមួយអាមេរិក ប៉ុន្តែមិនទាន់បាន​ទទួល​ការស្នើសុំ​ពីអាមេរិក​ដើម្បី​បង្កើត​មូលដ្ឋានទ័ពអាកាសដាក់ដ្រូនអាមេរិក៕

© រក្សាសិទ្ធិដោយ thmeythmey.com