RFI
អន្តរជាតិ
សភាអាមេរិកដាក់សម្ពាធបង្ខំឲ្យ TikTok ផ្តាច់ពីក្រុមហ៊ុនចិន បើមិនដូច្នេះទេ ត្រូវបិទចោល សភាអាមេរិកដាក់សម្ពាធបង្ខំឲ្យ TikTok ផ្តាច់ពីក្រុមហ៊ុនចិន បើមិនដូច្នេះទេ ត្រូវបិទចោល។ AFP - KIRAN RIDLEY
×
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
ទីបំផុតទៅ សភាសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមផ្តល់កញ្ចប់ថវិកាជំនួយជាច្រើនដល់អ៊ុយក្រែន អ៊ីស្រាអែល និងជំនួយមនុស្សធម៌នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី២០មេសា។ ក្នុងពេលជាមួយគ្នានោះ សភាសហរដ្ឋអាមេរិកក៏បានសម្រេចសំណើច្បាប់ថ្មី ដាក់សម្ពាធបន្ថែមទៀត បង្ខំឲ្យក្រុមហ៊ុនបណ្តាញសង្គម TikTok ផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីក្រុមហ៊ុនចិន។ បើមិនដូច្នេះទេ នឹងត្រូវហាមឃាត់ឈប់ឲ្យប្រើប្រាស់នៅលើទឹកដីសហរដ្ឋអាមេរិក។
ច្បាប់ចាប់បង្ខំដាក់សម្ពាធលើក្រុមហ៊ុន TikTok ឲ្យផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីក្រុមហ៊ុនចិន ត្រូវសមាជិកសភាអាមេរិក បោះឆ្នោតយល់ព្រម ក្នុងសំឡេងភាគច្រើនលើសលប់ ៣៦០សំឡេងគាំទ្រ ទល់នឹង សំឡេងប្រឆាំង តែ ៥៨ ប៉ុណ្ណោះ។ សមាជិកសភា គណបក្សសាធារណៈរដ្ឋ នៅរដ្ឋតិចសាច់ លោក Michael McCaul ដែលបោះឆ្នោតគាំទ្រច្បាប់នេះ បានចង្អុរបង្ហាញថា TikTok ជាការគំរាមកំហែងនិងបង្កគ្រោះថ្នាក់សម្បើមណាស់ដល់សន្តិសុខជាតិអាមេរិក។ អ្នកតំណាងរាស្ត្ររូបនេះ បានប្រៀបធៀប TikTok ទៅនឹងបាឡុងចារកិច្ចចិន ដែលជ្រៀតចូលទៅក្នុងទូរសព្ទដៃពលរដ្ឋអាមេរិក, ហើយវាជារនុកក្នុងដើម្បីស៊ើបយកការណ៍សម្ងាត់បម្រើផលប្រយោជន៍ឲ្យមនោគមវិទ្យារបស់គណបក្សកុម្មុយនិស្តចិនប៉េកាំង។
អ្នកប្រើប្រាស់បណ្តាញសង្គមដ៏មានប្រជាប្រិយភាពនៅអាមេរិក បាននាំគ្នារិះគន់ថា ការហាមឃាត់ TikTok ប្រៀបបាននឹងការបិទផ្តាច់សិទ្ធសេរីភាពបញ្ចេញមតិដូច្នោះ។ សូម្បីតែមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ក៏ប្រកាសជំទាស់នឹងការហាមឃាត់នេះដែរ បើទោះបីជាការបិទ TikTok អាចនឹងនាំឲ្យគេនាំគ្នារត់ទៅប្រើបណ្តាញសង្គមX របស់លោកក្តី។ ថ្លែងពីថ្ងៃសុក្រទី១៩មេសា លោកយល់ថា ការហាម TikTok ប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ។ ទន្ទឹមនឹងគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ ថា ការបិទហាមឃាត់ TikTol ប៉ះពាល់បំផ្លិចបំផ្លាញដល់ ៧ លាន ក្រុមហ៊ុនសហគ្រាស ហើយនិងប៉ះពាល់ដល់សមាជិកគ្រួសារជាច្រើនលាននាក់ដែលរស់នៅរំពឹងចំណូលពី TikTok។ TikTok ក្នុងមួយឆ្នាំៗ អាចចូលរួមចំណែករកប្រាក់ចំណូលប្រមាណ ២៤ ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចអាមេរិក។
បណ្តាញសង្គមចិន TikTok ជំនាញខាងវីដេអូកម្សាន្តខ្លីៗ កំពុងមានប្រជាប្រិយភាពខ្លាំងណាស់នៅសហរដ្ឋអាមេរិក ដែលមានអ្នកប្រើប្រាស់ប្រមាណជា ១៧០ លាននាក់។ TikTok ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ ByteDance មូលដ្ឋាននៅស្រុកចិន។ សំណើច្បាប់ថ្មីអាមេរិក បង្ខំឲ្យបណ្តាញសង្គមនេះ ផ្តាច់ខ្លួនឲ្យស្រឡះពីក្រុមហ៊ុនមេនៅចិន ដោយទុករយៈពេលចំនួន១២ខែ បើពុំដូច្នេះទេ វានឹងត្រូវបិទបាត់ស្រមោលពីទឹកដីអាមេរិក។
ក្រោយពីឆ្លងផុតរដ្ឋសភា, ច្បាប់ចាប់បង្ខំចំពោះTikTokនេះ នឹងត្រូវដាក់ឲ្យព្រឹទ្ធសភាអាមេរិក បោះឆ្នោតសម្រេចនៅថ្ងៃអង្គារ ទី២៣ មេសា។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលធ្លាប់បានសម្តែងក្តីបារម្ភពីការប្រើប្រាស់TikTok បានប្រកាសថារង់ចាំតែច្បាប់មកដល់តុការិយាល័យ ហើយលោកនឹងចុះហត្ថលេខាភ្លាមតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com