អន្តរជាតិ
លោកប្រាបូវ៉ូថា ឥណ្ឌូណេស៊ីបង្ហាញពិភពលោកជាថ្មីពីការផ្ទេរអំណាចដោយសន្តិភាព
24, Apr 2024 , 9:59 pm        
រូបភាព
លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ រដ្ឋមន្រ្តីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេ
លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ រដ្ឋមន្រ្តីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេ
 
លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ រដ្ឋមន្រ្តីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ីផងនោះ នៅថ្ងៃទី២៤ ខែមេសា បានប្រកាសថា ឥណ្ឌូណេស៊ី បានបង្ហាញពិភពលោកជាថ្មី ពាក់ព័ន្ធនឹងការផ្ទេរអំណាចប្រកបដោយសន្តិវិធី។ លោក ប្រាបូវ៉ូ មិនភ្លេចឡើយ ក្នុងការអំពាវនាវឱ្យអ្នកនយោបាយធ្វើការរួមគ្នា ដើម្បីកសាងប្រទេស។

គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី (KPU) នៅថ្ងៃទី២៤ ខែមេសា បានប្រកាសជាផ្លូវការពីបេក្ខភាពរបស់លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ រដ្ឋមន្រ្តីការពារជាតិ នឹងក្លាយជាប្រធានាធិបតី បន្ទាប់ពីលោកចូកូ វីដូដូ ដែលនឹងផុតអាណត្តិនៅខែតុលាខាងមុខ។ លោកប្រាបូវ៉ូ និងលោក Gibran Rakabuming ដែលជាអនុប្រធានាធិបតីជាប់ឆ្នោត និងជាកូនប្រុសលោកវីដូដូ នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលាខាងមុខ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីចូលរួមកម្មវិធីរបស់គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ីខាងលើ លោក ប្រាបូវ៉ូ បានលើកឡើងថា ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំលំដាប់ទីបី បានបង្ហាញពិភពលោកពីការផ្ទេរអំណាចដោយសន្តិភាព។
 
«ជាថ្មីម្តងទៀត យើងបានបង្ហាញពិភពលោកថា យើងមានសមត្ថភាពផ្ទេរអំណាចប្រកបដោយសន្តិភាព»។ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី បានប្រកាសបែបនេះ ដោយបន្តប្តេជ្ញាក្នុងការកាត់បន្ថយភាពក្រីក្រ និងអត់ឃ្លាន, បង្កើតការងារបន្ថែម និងលុបបំបាត់អំពើពុករលួយ។ ឧត្តមសេនីយ៍ផ្កាយបួនកិត្តិយសរូបនេះ បានសន្យាដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងប្រទេសថែមទៀត និងបន្តដំណើរការប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ 
 
ការប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ីពីលោកប្រាបូវ៉ូជាប្រធានាធិបតីបន្ទាប់ ធ្វើឡើងក្រោយតុលាការធម្មនុញ្ញ បានច្រានចោលការចោទប្រកាន់របស់ដៃគូប្រជែង លោក Anies Baswedan និងGanjar Pranowo ពាក់ព័ន្ធនឹងការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោត។ 
 
ក្នុងសម្ភាសន៍មួយនៅពេលទៅដល់ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតក្នុងថ្ងៃដដែល ប្រមុខការពារជាតិឥណ្ឌូណេស៊ី ដែលទទួលបានសំឡេងឆ្នោតគាំទ្រ ៥៨,៦ភាគរយ បានអំពាវនាវឱ្យអ្នកនយោបាយធ្វើការជាមួយគ្នា ដើម្បីប្រជាជន និងប្រទេស។ 
 
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការរកសំឡេងឆ្នោតនៅពេលកន្លងមក លោក ប្រាបូវ៉ូ បានប្រកាសបន្តគោលនយោបាយសំខាន់ៗរបស់លោកវីដូដូ ពាក់ព័ន្ធនឹងការផ្លាស់ប្តូររដ្ឋធានី ការអភិវឌ្ឍឧស្សាហកម្មរ៉ែនៅក្នុងស្រុក និងសេដ្ឋកិច្ចជាដើម៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com