ជាតិ
ស្នងការខេត្តកំពត ឱ្យលោក Santa KH អ្នកផលិតមាតិកាសង្គម ចូលស្នងការ ក្រោយថតរូបមិនសមរម្យ
25, Apr 2024 , 10:26 am        
រូបភាព
ស្នងការខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រកាសឱ្យអ្នកបង្កើតមាតិកាសង្គម ដែលត្រូវបានគេស្គាល់ថា ជាលោក « SantaKH» ចូលស្នងការ នាថ្ងៃទី២៦ មេសា។ ការអញ្ជើញលោក SantaKH ឱ្យចូលស្នងការខេត្តនេះ ក្រោយពេលដែលបុគ្គលរូបនេះ បានថតរូបភាពមិនសមរម្យមួយ ជាមួយរូបសេះសមុទ្រ ដែលបានដាក់បង្ហាញឱ្យសាធារណជនកម្សាន្តលេង នៅខេត្តកំពត។



លោក SantaKH បានថតរូប ជាលក្ខណៈឈរបត់ជើងតូច ដោយភ្ជាប់ជាមួយទឹក បាញ់ចេញពីមាត់រូបសំណាក់សេះសមុទ្រ។ រូបភាពលោក SantaKH នេះ ត្រូវបានបង្ហោះក្នុង Story របស់ហ្វេសប៊ុក ហើយក៏មានការចែករំលែកបន្តគ្នាជាច្រើន។
 
ដោយសារផ្ទុះរូបភាពបែបនេះ លើបណ្ដាញសង្គមនោះ ទើបស្នងការខេត្តកំពត ពិនិត្យឃើញថា រូបភាពនេះ បង្ហាញពីទង្វើមិនសមរម្យ និងគ្មានសីលធម៌ ។ «មុខមាត់ស្អាតបាត តែគ្មានសីលធម៏ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ ។ នេះជាទង្វើរគ្មានសីលធម៏នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តខ្ញុំ សូមលោកលប់រូបនេះចេញជាបន្ទាន់ »។ នេះជាសាររបស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ផ្ដាំទៅលោក SantaKH នៅថ្ងៃទី២៥ មេសានេះ។

លោក ស៊ុំ សារុន ហៅសាន់តា បានចេញមុខសុំទោសចំពោះកំហុសឆ្គងដែលបានថតរូប មិនគប្បីជាមួយរូបសំណាកសេះសមុទ្រ ដោយអចេតនា។ «ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ។ ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាពខ្ញុំថតកម្សាន្ត Copy Style តាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង 12យប់ តែ3នាទី ក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ»។ នេះបើតាមលោក Santa បង្ហោះសារសុំទោស លើហ្វេសប៊ុក។
 
សម្រាប់ការថតរូបនេះ លោក santa អះអាងថា គ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្រឡើយ។ «កំហុសមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិរបស់ខ្ញុំអត់អោនឲ្យមនុស្សគ្មានការអប់រំដូចខ្ញុំបាទ»។ អ្នកបង្កើតមាតិការូបនេះ បន្ថែម៕
 

Tag:
 នគរបាល
  សេះសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com