ដោយ៖ ហាន ណូយ
ម្ចាស់ភោជនីយដ្ឋាន «ផ្កាខៀវ» ឬ «The Blue Flower» ដែលជាជនជាតិកូរ៉េខាងជើង កំពុងស្វែងរកដៃគូអាជីវកម្មថ្មីដើម្បីបើកភោជនីយដ្ឋានរួមគ្នានៅទឹកដីចិន បន្ទាប់ពីបិទដំណើរការនៅកម្ពុជា។ នេះបើតាមកាសែតPyongyang Papers។
បើតាមកាសែត Pyongyang Papers ភោជនីយដ្ឋាន Blue Flower ដែលធ្លាប់ធ្វើប្រតិបត្តិការទីតាំងនៅទីក្រុងភ្នំពេញ ត្រូវបានគ្រប់គ្រងដោយជនជាតិកូរ៉េខាងជើងពីរនាក់ឈ្មោះ Nam Un Gyong និងកូនស្រីឈ្មោះ Ri Son Chong ។ ដំណើរការភោជនីយដ្ឋាននេះ ជាការរំលោភសេចក្តីសម្រេចលេខ២៣៩៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមពលរដ្ឋកូរ៉េខាងជើងធ្វើការនៅបរទេស។
លោកស្រី Nam ដែលចាកចេញពីកម្ពុជាហើយនោះ មានបំណងបើកភោជនីយដ្ឋានថ្មីនៅទឹកដីចិន។ ក្រុមស៊ើបអង្កេតដែលផ្តោតសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើងប្រចាំ Pyongyang Paper អះអាងថា តាំងពីដើមឆ្នាំនេះ ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ យ៉ាងហោចណាស់មានភោជនីយដ្ឋាន និងសណ្ឋាគារ១០ ដែលបុគ្គលិកជាជនជាតិកូរ៉េ បានលេចឡើងនៅក្នុងទីក្រុង៣ របស់ចិន ស្របពេលដែលព្រំដែនកូរ៉េខាងជើងកំពុងបើកឡើងវិញជាបណ្តើរៗ។
ជាមួយគ្នានេះ ពលករកូរ៉េខាងជើងជាច្រើនពាន់នាក់កំពុងត្រឡប់ទៅផ្ទញវិញ ជាមួយការអនុវត្តវិធានការដាក់ឱ្យនៅដាច់ពីគេរយៈពេលមួយសប្តាហ៍ បន្ទាប់ពីបានទៅដល់ទីតាំងមួយចំនួនរួមមាន Rason, Sinuiju និង Sunan។ លើសពីនេះ រថភ្លើងដឹកទំនិញរវាងទីក្រុងកូរ៉េខាងជើង Sinuiju និងទីក្រុងចិន Dandong ក៏ដំណើរការវិញដែរ។
បើតាមកាសែតដដែល លុយដែលរកបានដោយជនជាតិកូរ៉េខាងជើងនៅក្រៅប្រទេស ក្លាយជាប្រភទហិរញ្ញវត្ថុសម្រាប់របបដឹកនាំលោក គីម ជុងអ៊ុន ដែលចាយលុយច្រើនលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។
ពលករកូរ៉េខាងជើង ដែលត្រឡប់ទៅផ្ទះវិញ មិនមែនទៅដោយដៃទទេឡើយ។ ពួកគេក៏យកទៅសម្ភារប្រណីតៗដែលហាមប្រាមក្រោមទណ្ឌកម្មអន្តរជាតិដែរ។ កាសែត Pyongyang Papers បានចោទជាសំណួរថាតើកម្មករដែលធ្វើដំណើរចូលស្រុក និងការដឹកជញ្ជូនទំនិញរវាងចិន និងកូរ៉េខាងជើង អាចនាំឱ្យមានលំហូររបស់របរដែលមានទណ្ឌកម្មផ្សេងទៀតចូលទៅកូរ៉េខាងជើងដែរឬទេ?
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តវិធានការតឹងរ៉ឹងប្រឆាំងកូរ៉េខាងជើង ដោយហាមប្រទេសផ្សេងទៀតមិនឱ្យផ្តល់ទិដ្ឋាការដល់ពលករកូរ៉េខាងជើង និងធ្វើជាម្ចាស់អាជីវកម្មអ្វីឡើយ។ មុនឆ្នាំ ២០១៧ ក្រុមហ៊ុនកូរ៉េខាងជើង រួមទាំងភោជនីយដ្ឋានមួយចំនួនផង បានដំណើរការនៅក្នុងប្រទេសជាច្រើនរួមទាំងចិន រុស្ស៊ី កូវ៉ែត និងកាតា។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានបដិសេធខ្លួនមិនបានអត់ឱនចំពោះប្រតិបត្តិការអាជីវកម្មកូរ៉េខាងជើងអ្វីឡើយ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធ «របាយការណ៍គ្មានមូលដ្ឋាន» បន្ទាប់ពីក្រុមត្រួតពិនិត្យទណ្ឌកម្មលើកូរ៉េខាងជើងចោទប្រកាន់ថា កម្ពុជាបំពានទណ្ឌកម្មលើប្រតិបត្តិការចារកម្មរបស់ទីក្រុងព្យុងយ៉ាង និងសកម្មភាពសេដ្ឋកិច្ចខុសច្បាប់។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ខណៈទទួលស្គាល់ថាមានអាជីវកម្មមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងរបបកូរ៉េខាងជើង ក្រសួងការបរទេសបាននិយាយថា កម្ពុជាបានបិទអាជីវកម្មទាំងអស់របស់កូរ៉េខាងជើង រួមទាំងភោជនីយដ្ឋាន និងសារមន្ទីរផង ជាមួយនឹងគណនីធនាគារប្រហែល៧ នៅក្នុងស្ថាប័នហិរញ្ញវត្ថុពីរដែលបានបិទចោលចាប់តាំងពីឆ្នាំ២០១៧។
ការស៊ើបអង្កេតរបស់កាសែត Pyongyang Papers ក៏បានរកឃើញព័ត៌មានលម្អិតបន្ថែមអំពីសកម្មភាពរបស់លោកស្រី Nam Un Gyong និងកូនស្រី Ri Son Chong ពាក់ព័ន្ធក្នុងការជួញដូរទំនិញប្រណីតផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរនាក់បានចំណាយប្រាក់រាប់សែនដុល្លារលើគ្រឿងស្រវឹង ដែលទិញ និងនាំចេញពីកម្ពុជាទៅកូរ៉េខាងជើង។
កាសែតដដែលនេះ អះអាងថា លោកស្រី Nam និងកូនស្រី មានទំនាក់ទំនង និងដឹងពីរបៀបបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ។
ក្នុងរបាយការណ៍របស់ខ្លួន កាសែត Pyongyang Papers ប្ដេជ្ញាបន្តស៊ើបអង្កេតករណីម្ចាស់ភោជនីយដ្ឋានខាងលើ ដែលកំពុងព្យាយាមធ្វើប្រតិបត្តិការឡើងវិញនៅចិន។ កាសែតនេះ ក៏រំលេចតួនាទីសំខាន់របស់ចិនក្នុងការពង្រឹងការដាក់ទណ្ឌកម្ម សំដៅបញ្ឈប់លំហូរមូលនិធិទៅដល់កូរ៉េខាងជើង ដែលត្រូវបានប្រើប្រាស់ដើម្បីជំរុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង៕
ហាន ណូយ គឺជាអ្នកសារព័ត៌មានឯករាជ្យប្រចាំនៅទីក្រុងភ្នំពេញ