កីឡាអន្តរជាតិ
អន្តរជាតិ
លោក Xavi ប្តូរចិត្តបន្តធ្វើជាអ្នកចាត់ការ Barcelonaរដូវកាលក្រោយ
25, Apr 2024 , 1:55 pm        
រូបភាព
​លោក Xavi Hernandez អ្នកចាត់ការក្រុម Barcelona បានបង្ហាញពីការផ្លាស់ប្តូរឡើងវិញ ពីការចុះចេញពីតំណែងក្រោយចប់រដូវកាល ដោយយល់ព្រមបន្តដឹកនាំក្រុម​នៅរដូវកាល ២០២៤-២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្លិប Barcelona។



កិច្ចពិភាក្សាស្ទើរតែពេញមួយថ្ងៃ ត្រូវបានធ្វើឡើងរវាង Xavi និងមន្ត្រីក្លិប ដើម្បីសម្រេចចិត្តលើការផ្តល់កិច្ចសន្យា ១រដូវកាលបន្ថែមទៀត។ ក្លិប Barca បញ្ជាក់ថាការបន្តកុងត្រា ក៏ស្ថិតក្នុងលក្ខខណ្ឌមិនជាក់លាក់មួយចំនួន ដែលក្លិបបានកំណត់។
 
បើតាមការអះអាងរបស់ក្លិប លោក Xavi នឹងរៀបចំការជជែកជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែមេសា មុនពេលការប្រកួតរវាង Barcelona ទល់នឹងក្រុម Valencia។ ក្លិប លោក Joan Laporta ប្រធានក្លិប ត្រូវបានគេរំពឹងថានឹងមានវត្តមានក្នុងធ្វើសន្និសីទកាសែតនៅ​សប្តាហ៍ក្រោយ លើការសម្រេចចិត្តរបស់ Xavi។
 
«Xavi នឹងបន្តការងារនេះ ជាមួយនឹងភាពរំភើបបំផុត។ រឿងនេះ ក៏មានការឯកភាពគ្នានៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្លិប ដែលគាត់គួរតែបន្តតំណែងមួយនេះ។»។ នេះបើតាមសម្តីរបស់លោក Rafa Yuste អនុប្រធានក្លិប ប្រាប់អ្នកកាសែតនៅមុខផ្ទះរបស់លោក Joan Laporta នាថ្ងៃទី២៤ ខែមេសា។
 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ ៤៤ឆ្នាំ ធ្លាប់បានចំណាយពេល ១៧ឆ្នាំ លេងឱ្យ Barcelona ដោយលោកបានបង្ហាញខ្លួនលេង ៧៦៧លើក និងជួយក្លិបឈ្នះពានចំនួន ២៥លើក ក្នុងនោះរួមមានពាន Champions League ៤លើក និង La Liga ៨លើក។​ ទោះការដឹកនាំរដូវកាលដំបូង បានជួយក្រុមឈ្នះ La Liga ក្តី តែ​ Barca វិលត្រឡប់ភាពរអាក់រអួលវិញក្នុងរដូវកាលនេះ ដែល​ច្រានលោក ឱ្យស្ថិតក្នុងសម្ពាធ។
 
ការប្រកាសពីការចុះចេញពីតំណែង ត្រូវបានធ្វើឡើងកាលពីខែមករា ដើមឆ្នាំ ២០២៤ ដោយកាលនោះ Xavi និយាយថា លោកមិនរីករាយក្នុងការដឹកនាំក្នុងនាមជាលោក ព្រោះតែរង​សម្ពាធ និងការទាមទារពីការងារនៅក្លិបខ្លាំងពេក។
 
យ៉ាងណាក៏ដោយ តាមរយៈប្រភពក្លិប Barca ខាងលើ បង្ហើបថា Xavi បានសន្យាថា គ្មានការផ្លាស់ប្តូរធំអ្វីឡើយក្នុងក្រុមការងាររបស់លោក ដោយលោកគ្រាន់តែរំពឹងលើលោក Laporta ថា នឹងធានាថាក្រុមនឹងអាចចុះកិច្ចសន្យា លើកីឡាករកម្រិតកំពូលណាមួយ ទោះក្លិបមានបញ្ហាហិរញ្ញវត្ថុក៏ដោយ៕

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com