ជាតិ
«កញ្ចប់សេវាគណនេយ្យភាព» ជួយឱ្យពលរដ្ឋក្រុងកំពត យល់ដឹងពីសិទ្ធិ និងសេវាសា​ធារ​ណៈ
30, Apr 2024 , 7:59 am        
រូបភាព
គណនេយ្យភាពសង្គម ជាផ្នែកមួយ នៃការលើកកម្ពស់តម្លាភាព ការទទួល​បានព័ត៌មាន​អំពី​សិទ្ធិផ្ដល់យោបល់ សេវាសាធារណៈ  និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន។ ពលរដ្ឋ​ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត យល់ដឹងពីសិទ្ធិបញ្ចេញមតិ និងសេវារដ្ឋបាលសាធារណៈ​ល្អប្រសើរជាងមុន តាមរយៈការផ្សព្វផ្សាយ «កញ្ចប់សេវាគណនេយ្យភាព» ដែលរៀបចំ​ឡើងដោយ Internews កាលពីចុងសប្ដាហ៍មុន។

 
សូមអញ្ជើញប្រិយមិត្តទស្សនាបទសម្ភាសដូចតទៅ៖ 

 
​ប្រជាពលរដ្ឋនៅសង្កាត់ត្រើយកោះ ក្រុងកំពត បានយល់ដឹងពីសិទ្ធិរបស់ខ្លួន ហើយ​ថែម​ទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន តាមរយៈសេវាសាលារៀន, មណ្ឌលសុខភាព និង រដ្ឋបាលសាធារណៈ ក្រោយការបង្រៀនពីគណនេយ្យភាពរបស់ក្រុមអង្គការសង្គមស៊ីវិល។
 
ការផ្សព្វផ្សាយ«កញ្ចប់ព័ត៌មាន» គឺផ្តោតលើសេវាសាលារៀន, មណ្ឌលសុខភាព និងរដ្ឋ បាលឃុំសង្កាត់ជាដើម។ លោក សេង សុខា តំណាង Internews ប្រចាំប្រទេសកម្ពុជា បាន រៀបរាប់ដូច្នេះថា ការ​ចុះ​ផ្សព្វផ្សាយ​កញ្ចប់​សេវា​គណនេយ្យភាព ​ដល់​ព​ល​រដ្ឋនៅភូមិបឹងតា ព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ជាផ្នែកមួយចូលរួមលើកកម្ពស់តម្លាភាព និងភាពងាយ ស្រួល ទទួលបានព័ត៌មានអំពីសិទ្ធិរបស់ខ្លួនកាន់តែច្បាស់​។ 
 
សម្រាប់លោក សេង សុខា នៅពេលដែល​ពលរដ្ឋ​​យល់ដឹង​ពី​តួនាទី និង​សិទ្ធិ​របស់ខ្លួន ហើយ​​អាជ្ញាធរ​មូលដ្ឋាន ​យល់​ច្បាស់ពី​គណនេយ្យភាព​សង្គម និង​តួនាទី​ក្នុងនាម​ជា​អ្នកផ្តល់​សេវា នោះទាំង​អ្នកទទួល​សេវា និងអ្នកផ្ដល់សេវា កាន់តែ​យល់​​ពីគ្នា និង​សហការគ្នា​ដោយ​ជិតស្និទ្ធ​​។
 
អ្នកស្រី គង់ ម៉ៃតោះ ជាពលរដ្ឋនៅក្រុងកំពត ដែលមានរបរជាអ្នកកាត់ដេរ យល់ថា សកម្មភាពផ្សព្វផ្សាយព័ត៌មាន ពី​គណនេយ្យភាពសង្គម ​ជា​រឿង​ដ៏សំខាន់សម្រាប់ពលរដ្ឋ ពោលគឺជំរុញការយល់ដឹងពីដឹងពីតួនាទីរបស់ខ្លួន​។ មិនតែប៉ុណ្ណោះ ពលរដ្ឋក៏បាន​ដឹងពី​កាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋានដែរ។ ​ អ្នកស្រី ម៉ៃតោះ បញ្ជាក់ដូច្នេះ ដោយបន្ត​សំណូម​ពរថា៖ «ខ្ញុំចង់​ឱ្យមាន​ការចុះផ្សព្វផ្សាយបែបនេះកាន់តែច្រើន ដើម្បីឱ្យពលរដ្ឋដឹងពីសិទ្ធិដឹ​ង​ពីតួនាទីរបស់ខ្លួន និងមានសិទ្ធិដឹងពីតួនាទីរបស់ខ្លួន, ការបំពេញការងារ របស់សេវា​សាលា​រៀន, មណ្ឌលសុខភាព និងរដ្ឋបាលឃុំសង្កាត់ និងងាយស្រួល ក្នុង​ការទៅទទួល​សេវា​នីមួយៗនៅក្នុងរដ្ឋបាលសង្កាត់រហ័ស»។  
 
អ្នកស្រី គង់ ម៉ៃតោះ ជាសិក្ខាមវគ្គបណ្តុះបណ្តាលគណនេយ្យភាពសង្គម

សូមជម្រាបថា កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋនេះ ស្ថិតក្នុងគម្រោងការច្នៃប្រឌិតថ្មី​សម្រាប់គណនេយ្យភាពសង្គមក្នុងប្រទេសកម្ពុជា (ISAC) មានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ គម្រោង ISAC នេះ អនុវត្តគម្រោងសកម្មភាពគណនេយ្យភាពសង្គម តាម​រយៈអង្គការដៃគូខេត្ត ក្នុងតំបន់គោលដៅចំនួន៦ខេត្ត ៧ក្រុង និង៥១សង្កាត់ រួមមានខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពត កណ្ដាល កំពង់ឆ្នាំង និង​រាជធានីភ្នំពេញ។ គម្រោងការច្នៃប្រឌិតសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) ឧបត្ថម្ភដោយ​ទីភ្នាក់​ងារ​សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងដឹកនាំដោយ FHI 360៕

Tag:
 គណនេយ្យភាព
© រក្សាសិទ្ធិដោយ thmeythmey.com