ជាតិ
រដ្ឋបាលខេត្តកំពង់ចាម៖ ករណីចាក់ថ្មច្រាំងលយចូលទន្លេនៅស្រុកស្រីសន្ធរ ពុំមានច្បាប់អនុញ្ញាតឡើយ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម
× ភ្នំពេញ៖ ករណីចាក់ថ្មច្រាំងលយចូលទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្រ្តភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺពុំមានច្បាប់អនុញ្ញាតឡើយ។ នេះជាការបំភ្លឺរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ មេសា ក្រោយទទួលបានព័ត៌មានពីសាធារណជន។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃដដែល បានបញ្ជាក់ថា ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹក។
សំណង់នេះ បានផ្ដើមធ្វើឡើងម្តងបន្តិចៗ រហូតបញ្ចប់សកម្មភាពទាំងស្រុងនៅខែមករា ឆ្នាំ២០២៤ ដោយពុំបានសុំច្បាប់ជាលាយលក្ខណ៍អក្សរនោះទេ។ ករណីនេះ ម្ចាស់ទីតាំងបានស្នើសុំផ្ទាល់មាត់ទៅកាន់មេឃុំមានជ័យ និងបានបញ្ជាក់ថា ការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។
ជាវិធានការ រដ្ឋបាលខេត្តកំពង់ចាម តម្រូវឱ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មថែមទៀត និងរង់ចាំការវាយតម្លៃរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផលប៉ះពាល់ជាមុនសិន។
ទោះជាបែបនេះក្ដី តាមការវាយតម្លៃបឋមរបស់ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ការចាក់ថ្មច្រាំងនេះ មិនទាន់ឈានដល់ការខូចខាតច្រាំងទន្លេ ឬធ្វើឲ្យប៉ះពាល់លំហូរទឹកទន្លេឡើយ។ ផ្ទុយទៅវិញ សំណង់នេះអាចជួយទប់ច្រាំងទន្លេមិនឲ្យបាក់បន្ត។ ចំណែក ពលរដ្ឋមានផ្ទះនៅក្បែរសំណង់នេះ បានបង្ហាញការសាទរចំពោះសំណងនេះដែរ ដោយពួកគាត់យល់ឃើញថា វានឹងជួយការពារច្រាំងទន្លេ មិនឲ្យបាក់ដល់លំនៅដ្ឋាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ពីគម្រោងជួសជុលច្រាំងទន្លេនៅតំបន់ស្រុកស្រីសន្ធរ ក្នុងពេលឆាប់ៗនេះ ដើម្បីការពារការពារផ្លូវជាតិលេខ ៧០B ដែលរងការគម្រាមកំហែងពីការបាក់ច្រាំងជាច្រើនឆ្នាំមកនេះ៕
Tag:
រដ្ឋបាលខេត្តកំពង់ចាម
ចាក់ថ្មច្រាំង
ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com