ជាតិ
លោក ហ៊ុន ម៉ានី៖ ព្រះរាជវត្តមានព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ ផ្តល់ឱកាសឱ្យកូនៗបន្តមិត្តភាពជាបងប្អូន (ឆ្វេង) ព្រះអង្គ អាប់ ឌុល ម៉ាទីន ព្រះរាជបុត្ររបស់ព្រះចៅស៊ុលតង់ព្រុយណេ និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីទទួលអាហារពេលព្រឹកថ្ងៃទី៣០ មេសា ២០២៤ នៅសណ្ឋាគាររូសវូត រាជធានីភ្នំពេញ។
× លោក ហ៊ុន ម៉ានី ចាត់ទុកព្រះរាជដំណើររបស់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ មកកាន់ប្រទេសកម្ពុជា ថាបានបង្ហាញពីទំនាក់ទំនងបងប្អូនដ៏ភក្តី និងជិតដិតជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលជាឪពុក។
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី មិនត្រឹមបានកោតសរសើរនូវទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់ឪពុក និងព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ នោះទេ ប៉ុន្តែលោក ក៏ទុកព្រះរាជវត្តមានរបស់ព្រះព្រះចៅស៊ុលតង់នៅកម្ពុជានេះ ថាជាការផ្តល់ឱកាសឱ្យកូនៗ បន្តមរតកទំនាក់ទំនាក់ទំនង និងមិត្តភាពជាបងប្អូននេះឱ្យ កាន់តែរឹងមាំដែរ។
លោក ហ៊ុន ម៉ានី បញ្ជាក់ដូច្នេះ៖ «ការយាងរបស់ព្រះអង្គ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានបង្ហាញពីទំនាក់ទំនងប្រកបដោយភក្តីភាព និងភាពជិតដិតជាបងប្អូន ក៏ដូចជាការផ្តល់ឱកាសដល់យើងខ្ញុំ ដែលជាកូនៗដើម្បីបន្តទំនាក់ទំនង រឹតចំណងមិត្តភាពជាបងជាប្អូននេះ បន្តពីមួយជំនាន់ ទៅមួយជំនាន់ឱ្យកាន់តែរឹងមាំ»។
សម្រាប់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចំណងមិត្តភាពដ៏ស្អិត ល្មួត នេះ មិនត្រឹមតែបានសបញ្ជាក់ពីភាតុភាពរវាងបុគ្គល និងបុគ្គល ដែលជាថ្នាក់ដឹកនាំ ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីអនាគតដ៏សុខដុម និងរុងរឿងនៃប្រជាជាតិ ទាំងពីរផងដែរ។
ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ និងព្រះរាជបុត្រា ម៉ាទីន បានយាងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី២៩មេសា ដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អមដំណើរដោយកូនប្រុសទាំង៣ ទៅទទួលព្រះរាជ ដំណើរដោយផ្ទាល់ និងបន្តអមដំណើរទៅកាន់សណ្ឋាគារ។
ព្រះអង្គ និងព្រះបុត្រា យាងមកកម្ពុជា ដើម្បីសោយព្រះក្រសាពេលព្រឹកជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលព្រះអង្គរាប់អានទុកដូចជាប្អូនពៅ និងកូនប្រុស ទាំង៣រូបរបស់សម្តេច ហ៊ុន សែន រួមមានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។ មុនយាងមកកម្ពុជា ព្រះមហាក្សត្រប្រ៊ុយណេ ក៏បានបញ្ចប់ព្រះទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងបានជួប លោក ថាក់ស៊ីន ស៊ីណាវ៉ាតត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលព្រះអង្គរាប់អានទុកជាប្អូនទី១ផងដែរ។
ក្រោយសោយក្រយា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រ៊ុយណេ និងព្រះរាជបុត្រា ម៉ាទីន បានយាងនិវត្តន៍ទៅកាន់ប្រទេសប្រ៊ុយណេ នៅវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមេសានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com