ជាតិ
សេដ្ឋកិច្ច
ភ្លើងឆេះចម្ការកៅស៊ូជាង២០ហិកតា ធ្វើឱ្យលោកឧកញ៉ា ម៉ុង ឬទ្ធី ខាតជាង៣០ម៉ឺនដុល្លារ
× ចម្ការកៅស៊ូជាង២០ហិកតារបស់ឧកញ៉ា ម៉ុង ឬទ្ធី ត្រូវបានឆេះខូចខាតអស់ ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិប្រមាណ៣០ម៉ឺនដុល្លារ។ បើតាមឧកញ៉ា ម៉ុង ឬទ្ធី មូលហេតុដែលធ្វើឱ្យមានភ្លើងឆេះចម្ការកៅស៊ូនេះ គឺបណ្តាលមកពីប្រជាជនកាប់រានព្រៃ និងដុតដោយមិនប្រុងប្រយ័ត្ន។
នារសៀលថ្ងៃទី២៩មេសា មានករណីភ្លើងឆេះចម្ការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី អស់ជាង២០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាប់នឹងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ករណីភ្លើងឆេះនេះ បានធ្វើឱ្យខូចខាតដើមកៅស៊ូ ដែលកំពុងពេញប្រមូលផលអស់ចំនួន ១១ ២០០ដើម។
ឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៣០មេសា ដូច្នេះ៖ «ដើមកៅស៊ូដែលឆេះអស់ហ្នឹង ជាកៅស៊ូដែលយើងកំពុងប្រមូលផល។ វាមានអាយុ១៥ឆ្នាំហើយ គឺពេញប្រមូលផលតែម្តង។ ការឆេះនូវដើមកៅស៊ូទាំងអស់នេះ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិយើងអស់ជាង៣០ម៉ឺនដុល្លារអាម៉េរិក»។
ត្បិត បាត់បង់ទ្រព្យសម្បត្តិច្រើន ជាពិសេសការបាត់បង់នូវផលិតផលជ័រកៅស៊ូ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ តែឧកញ៉ា ម៉ុង ឬទ្ធី មិនទាមទារសំណងអ្វីពីជនបង្កឡើយ។ តែយ៉ាងណាមិញ ឧកញ៉ា ម៉ុង ឬទ្ធី ទាមទារឱ្យពលរដ្ឋ ជាពិសេសអ្នកដើររកឃ្មុំ និងអ្នកកាប់ព្រៃដុតចម្ការជាដើមនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបាននៅក្នុងសកម្មភាពរបស់ខ្លួន។
«ឥឡូវ! អាកាសធាតុកំពុងតែកើនកំដៅខ្លាំង គឺងាយនឹងឆេះណាស់។ ដូច្នេះ ពលរដ្ឋ ជាពិសេសអ្នកដើរឃ្មុំ និងអ្នកកាប់ព្រៃដុតចម្ការហ្នឹង សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងការខូចខាតនូវទ្រព្យរបស់អ្នកដទៃអស់ច្រើន»។ នេះជាការអំពាវនាវរបស់ឧកញ៉ា ម៉ុង ឬទ្ធី។
គួរជម្រាបថា កម្ពុជាបច្ចុប្បន្នកំពុងរងឥទ្ធិពលនៃរលកកម្តៅ ធ្វើឱ្យរាជភ្នំពេញ និងបណ្តាខេត្តនានាកើនកម្តៅខ្លាំង។ ជាក់ស្តែង នាថ្ងៃទី៣០មេសានេះ នៅរាជភ្នំពេញមានសីតុណ្ហភាព៤០អង្សា ខណៈខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ មានសីតុណ្ហភាព៤២អង្សា៕
© រក្សាសិទ្ធិដោយ thmeythmey.com