ជាតិ
លោក ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនជឿជាក់លើប្រទេសជាតិខ្លួនឯង
01, May 2024 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ សាររបស់លោក ហ៊ុន ម៉ានី ត្រូវបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចំនួន២៥០០នាក់ នៃសាកលវិទ្យាល័យសោអ៊ីសអេយសៀ នៅក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។

 
 ពិធីជួបសំណេះសំណាលបានផ្ដល់វេទិកាដល់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានបង្ហាញអំពីគោលបំណង និងបេសកកម្មរបស់ចលនាយុវជនថ្នាក់ជាតិដ៏ធំជាងគេមួយនេះ ទៅដល់សមាជិកសមាជិកាថ្មីរបស់ខ្លួន។ នៅក្នុងកម្មវិធី ក៏មានវេទិកាសួរឆ្លើយ រវាងសមាជិក និងប្រធានស្ថាប័ននេះផងដែរ។
 
ហេតុអ្វីបានជាយុវជនត្រូវចូលរួមជាមួយ ស.ស.យ.ក? តើអង្គការយុវជននេះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយដែរឬទេ? តើលោក ហ៊ុន ម៉ានី ដឹកនាំយុវជនយ៉ាងណាខ្លះ ដើម្បីពួកគេអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ? ក៏មានសំណួរដែលពាក់ព័ន្ធនឹងរបៀបដឹកនាំ របស់លោក ហ៊ុន ម៉ានី ដែរ។


 
តើអ្វីជាការចង់ឃើញរបស់លោក ហ៊ុន ម៉ានី ពី ស.ស.យ.ក.? « ជាការប៉ងប្រាថ្នារបស់ខ្ញុំ គឺធ្វើយ៉ាងណា ផ្សព្វផ្សាយឱ្យយុវជនយុវនារីយើង ជឿជាក់ទៅលើសង្គមជាតិខ្លួនឯង ជឿជាក់លើសមត្ថភាពខ្លួនឯង ហើយបើជួបឧបសគ្គ ត្រូវពុះពារដោយក្ដីសង្ឃឹមសម្រាប់អនាគតខ្លួនឯង។ ក្នុងនាមខ្ញុំជាប្រធាន និងគ្រួសារ ស.ស.យ.ក គឺខ្ញុំចង់បំផុសស្មារតីទាំងនេះ។»។
 
លោក ហ៊ុន ម៉ានី បានរំលឹកសមាជិករបស់ខ្លួនដែលកាន់សៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» នៅនឹងដៃគ្រប់គ្នា អំពីការកកើត សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ដោយយុវជនខ្មែរច្រើនក្រុម ដែលមានគោលដៅរួម គឺស្វែងរកសន្តិភាពជូនប្រទេសជាតិ។ មកដល់ត្រង់នេះ លោក ហ៊ុន ម៉ានី បានអំពាវនាវដល់សមាជិកសមាជិកា ស.ស.យ.ក. បន្តអនុវត្តស្មារតី២ធ្នូ ដែលជាការរួបរួមគ្នាដើម្បីការពារផលប្រយោជន៍ជាតិ។ 



លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ស.ស.យ.ក. គឺជាវេទិកាសម្រាប់យុវជនធ្វើការងារស្ម័គ្រចិត្ត និងវាស់ស្ទង់សមត្ថភាពរបស់ខ្លួន។ លោកបានផ្ដល់តម្លៃដល់ការងារស្ម័គ្រចិត្ត និងបានជំរុញឱ្យយុវជនចូលរួមក្នុងការងារស្ម័គ្រចិត្តនេះទៀតផង។ 
 
«គោលបំណងធំ របស់ ស.ស.យ.ក. គឺការជួបជុំគ្នានេះហើយ។ ការរៀបចំកម្មវិធីបាននាំមកការជួបជុំគ្នា។ ការជួបជុំនាំឱ្យមានទំនាក់ទំនងគ្នា និងស្គាល់គ្នា។ បន្ទាប់មកគឺការ ជឿជាក់លើគ្នា។ ចុងក្រោយ យើងជួយរែកពុនគ្នាចំពោះវាសនាប្រទេសជាតិ។ តាមរយៈឯកសណ្ឋានមួយ យើងមកជួបជុំគ្នា មិនមែនដើម្បីស.ស.យ.ក. ទេ។ គឺដើម្បីសង្គមជាតិយើង។»។ នេះជាការអះអាងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចង់លុបបំបាត់ទស្សនៈអវិជ្ជមាននៅក្នុងសង្គមមួយ គឺ «សក់អ្នកណា ក្បាលអ្នកហ្នឹង»៕









© រក្សាសិទ្ធិដោយ thmeythmey.com